កុំឲ្យខកខានណា! ឆាប់ៗនេះ «ទស្សនាភពព្រហស្បតិ៍ និងសុក្រ នៅកៀកគ្នាបំផុត» និងបញ្ចេញពន្លឺខ្លាំងលើផ្ទៃមេឃ…

0

 

(អាមេរិក)៖ កុំខកខានឲ្យ​សោះណា នៅទៀបភ្លឺថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា នាសប្តាហ៍​ក្រោយនេះ ភពព្រហស្បតិ៍ ដែលជាភពយក្ស​ប្រចាំប្រព័ន្ធ​ព្រះអាទិត្យ និងភពសុក្រ​ដែលជាប្អូនស្រីបង្កើត​របស់ផែនដីយើង នឹងធ្វើគោចរ​មកតំបន់កៀកគ្នា​បំផុតលើ​ផ្ទៃមេឃ ដែលអាច​យើង​​ឃើញនូវ ពន្លឺរបស់ភពទាំងពីរ​ភ្លឺប្រហាក់ប្រហែល​គ្នា។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន​​អង់គ្លេស MEN អង់គ្លេស នាយប់​ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ទស្សនីយ៍ភាព​ដ៏អស្ចារ្យខាង​លើនេះ គឺមិនចាំបាច់មាន​តេឡេស្កូប ឬកែវយឺត​អ្វីឡើយ ប៉ុន្តែអ្នក​ត្រូវប្រាកដថា ផ្ទៃមេឃនឹងស្រឡះ ហើយពេលវេលា​ដែលអាចមើលឃើញ​ច្បាស់នោះ គឺនៅពេល​ទៀបភ្លឺ​ថ្ងៃទី១៣ ខែវិច្ឆិកា (៤០នាទី មុនថ្ងៃរះ) ដែលអាចនៅ​ចន្លោះម៉ោង ៤៖៣០នាទី ទៅម៉ោង ៥៖៣០នាទី ព្រឹកព្រហាមតែម្តង។ ដូច្នេះលោកអ្នក មាន​តែដាក់នាឡិការោទ៍ប៉ុណ្ណោះ ទើបមិនអាច​បង្ក​ឲ្យខកខាន ឱកាសពិសេស​ដ៏កម្រមាននេះ។

ទីតាំង៖ នៅវេលាដូចខាងលើនេះ លោកអ្នកអាចសម្លឹងមើលទៅផ្ទៃមេឃ​ទិសអាគ្នេយ៍ (ខាងកើតឈាងខាងត្បូង) នៅទីតាំងរាងឃ្លាតពី​ជើងមេឃ​ខ្ពស់បន្តិច។ សូមកុំរង់ចាំដល់ផ្ទៃ​​មេឃភ្លឺ​ខ្លាំង ឬព្រះអាទិត្យរះ នោះលោកអ្នក​មិនអាចមើលឃើញ​ច្បាស់ទេ។

ចំណេះដឹងបន្ថែមពីនេះ​គឺភពព្រហស្បតិ៍ ស្ថិតនៅជាភពទី ៥ នៃប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីភពអង្គារ ប៉ុន្តែយើងត្រូវឆ្លងខ្សែ​ក្រវាត់​អាចម៍ផ្កាយ​ដ៏គ្រោះ​ថ្នាក់សិន ទើបអាចទៅដល់ភព​ឧស្ម័នយក្សនេះ។ សម្រាប់ភព​សុក្រវិញ គឺជាភពទីពីរ​បន្ទាប់ពីភពពុធ ដែលជាភពដ៏ក្តៅជាងគេ​បំផុតក្នុងប្រព័ន្ធ​ព្រះអាទិត្យ​នេះ​ ហើយវាមានទំហំប្រហាក់ប្រហែល​នឹងផែនដី ហេតុដូច្នេះ​ទំហំរបស់វា និងភព​ព្រហស្បតិ៍ គឺខុសគ្នា​ជាង ១,៣០០ដង ឯណោះ។

សម្រាប់មូលហេតុ​​ដែលបណ្តាល​ឲ្យភពនេះ មានពន្លឺខ្លាំងជាង​ភពព្រហស្បតិ៍ ទោះបីជា​ទំហំ​តូចជាង​ភពព្រហស្បតិ៍​ជាង ១,៣០០ដងក៏ដោយនោះ គឺព្រោះតែវាស្ថិត​នៅជិតផែនដីខ្លាំងបំផុត ជាងភពណាៗ​ទាំងអស់ ដែលជាមធ្យមគឺ ៩០លានគីឡូម៉ែត្រ ខណៈដែល​ភព​ព្រហស្បតិ៍ និងផែនដី គឺមានចម្ងាយពីគ្នា​ជាមធ្យម ៧៧៨លានគីឡូម៉ែត្រឯណោះ។ ដូច្នេះ​ទោះបីជាមានមាឌធំមែន តែបើនៅឆ្ងាយពីគ្នា​បែបនេះ ក៏យើងនៅតែមើលឃើញ​ពន្លឺតូចប៉ុណ្ណោះ​លើផ្ទៃមេឃ។

ចំណុចពិសេសចុងក្រោយនេះ គឺហេតុដែលភពទាំងពីរ​នេះ ឬភពសៅរ៍ និងពុធ ផងដែរ តែងតែបញ្ចេញពន្លឺខ្លាំង​ជាងគេជាងឯង​​ក្នុងប្រព័ន្ធព្រះអាទិត្យនោះ ក៏ព្រោះតែផ្ទៃ​ពពកសៗ ឬពណ៌មាសស្រាលៗ​​ និងផ្ទៃដីពណ៌ស (សម្រាប់ភពពុធ) នៅទីទាំងនោះជាប់ជានិច្ច ហើយនៅពេល ​ដែលពន្លឺព្រះអាទិត្យ​ជះចំនោះ វានឹងចោលពន្លឺ​មកវិញខ្លាំងជាង​ភពផ្សេងៗ៕

ចែករំលែក