គំរោង​ធំ​បំផុត​របស់ NASA: «បញ្ជូន​យាន​សាកល្បង​ទៅ​ព្រះ​ច័ន្ទ នៅ​ឆ្នាំ២០២០ រួច ១០ឆ្នាំក្រោយ​ទើប​ទៅ​ភព​អង្គារ…»

0

(អាមេរិក)៖ ទោះបីជា​នាពេល​កន្លងទៅ​មាន​សេចក្តី​ប្រកាសថា ទីភ្នាក់ងារ​អវកាស NASA នឹង​ផ្តោត​ការយកចិត្តទុកដាក់ ទៅលើ​បេសកកម្ម​ត្រឡប់​ទៅកាន់​ឋាន​ព្រះ​ច័ន្ទ​វិញ នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​យ៉ាងណាក្តី គម្រោង​អភិវឌ្ឍន៍​គ្រាប់​រ៉ុក្កែត SLS និង​យានអវកាស Orion នៅតែ​បន្ត​គ្មាន​ការប្រែប្រួល​ដដែល ជាមួយ​គោលដៅ​ថា នឹង​បញ្ជូន​មនុស្ស​ទៅកាន់​ភព​ព្រះ​អង្គារ (Mars) នាពេល​អនាគត។ នេះ​បើតាម​ការចេញផ្សាយ​ដោយ វែបសាយ​អវកាស Universe Today នៅ​រសៀល​ថ្ងៃ​ចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១។

ក្នុងអំឡុងពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ អង្គការ NASA បានធ្វើការ​វាយតម្លៃ​ដែលសំខាន់ៗ ទៅលើ​ផ្នែកផ្សេងៗរបស់ SLS ក៏ដូចជា Orion ព្រមទាំង​កាលវិភាគ​កំណត់​នៃ ការចាប់ផ្តើម​បេសកកម្ម​របស់​ពួកវា ហើយ NASA មានការ​តាំងចិត្ត​ខ្ពស់​ថា គម្រោង​នេះ​នឹង​អាច​ចាប់ផ្តើមបាន​ព្រម​គ្នា ក្នុង​ឆ្នាំ២០២០ ដែលជា​ការអនុវត្ត​បេសកកម្ម​ជំ​ហ៊ាន​ដំបូង មាន​ឈ្មោះថា Exploration Mission-1 ឬ EM-1។

គួរ​បញ្ជាក់ថា ការធ្វើ​តេស្ត​ហោះហើរ​នេះ ដែល​នឹង​ពុំមាន​ក្រុម​អវកាសយានិក​ចូល​នោះ នឹង​ធ្វើការ​ស្ទាបស្ទង់​ក៏ដូចជា​សាកល្បង​លើ​ប្រព័ន្ធ​ទាំងពីរ ហើយ​ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​សម្រាប់​បេសកកម្ម​បញ្ជូន​មនុស្ស នៃ​គ្រាប់​រ៉ុក្កែត SLS និង​យាន Orion នាពេល​បន្ទាប់។ បេសកកម្ម​បញ្ជូន​មនុស្ស ដែលមាន​ឈ្មោះថា Exploration Mission-2 ឬ EM-2 និង​ពីដំបូង​ឡើយ​ត្រូវ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១២នោះ បច្ចុប្បន្ន​ត្រូវគេ​រំពឹងថា នឹងធ្វើ​ឡើង​នៅ​ឆ្នាំ២០២៣វិញ។

អនាគត​ខាងមុខនេះ គឺ​ក្រុមហ៊ុន SpaceX គ្រោង​នឹង​បញ្ជូន​មនុស្ស​ទៅ​ភព​អង្គារ ឲ្យ​បាន​មុន​អង្គការ NASA នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ២០២០ ដែល​នេះ​ជា​រឿង​ភ្ញាក់ផ្អើល​ខ្លាំង​មួយ សម្រាប់​វិស័យ​អវកាស​ពិភពលោក ខណៈ​ក្រុមហ៊ុន​អវកាស​មួយ​នេះ​ហាក់ដូចជា ពុំ​ចាំបាច់​ត្រូវ​គិត​ច្រើន​ពី​រឿង​ថវិកា ដូចជា​អង្គការ NASA នោះឡើយ។

បញ្ហាធំៗចំនួន​បី ដែលជា​ការរារាំង​នៅឡើយ សម្រាប់​បេសកម្ម​នាំ​មនុស្ស​ទៅកាន់​ភព​អង្គារ​នោះ គឺ​ទី១៖ ការផលិត​យាន និង​រ៉ុក្កែត ដែល​អាច​រក្សា​សុវត្ថិភាព​ដល់​មនុស្ស រយៈពេល​ដល់​ទៅជិត​ពីរ​ឆ្នាំ រហូត​ដល់ពេល​ចុះចត​លើ​ផ្ទៃ​ភព​អង្គារ, ទី២៖ ការកសាង​ខែល​ការពារ​រលក​វិទ្យុសកម្ម​ពី​ព្រះអាទិត្យ​នៅ​ទីនោះ និង​ទី៣៖ ការបញ្ជូន​មនុស្ស​ត្រឡប់មក​ផែនដី​វិញ៕

ចែករំលែក