ស្វែងយល់! កំហុសតែមួយវិនាទី «ធ្វើឲ្យយានរុករកអឺរ៉ុប ធ្លាក់ខ្ទេចខ្ទីលើភពព្រះអង្គារ» ដែលវាមានតម្លៃរហូតដល់…

0

 

(ប៉ារីស)៖ ទោះបីជា​រឿងនេះ បានកើតមានឡើង​រយៈពេលជាងមួយឆ្នាំ​ទៅហើយក្តី តែការចងចាំ និងសោកស្តាយ​ពីសំណាក់ ទីភ្នាក់ងារអវកាស​អឺរ៉ុប ESA ដែលខំចំណាយ​ពេលរាប់ឆ្នាំ និងធនធាន​រហូតដល់ទៅ ១ពាន់លានដុល្លារ ដើម្បីផលិតយាន Schiaparelli នេះឡើង នៅតែមានដក់ជាប់​ក្នុងប្រអប់ទ្រូងជានិច្ច ប៉ុន្តែកាលណោះ​យើងខ្ញុំ​មិនបានធ្វើ​ការបកស្រាយ​​លម្អិត​នោះឡើយ អំពីកត្តាចម្បង​ ដែលបានបង្កជាការធ្លាក់យាន​​ដ៏ថ្លៃថ្លា​នេះ ខ្ទេចខ្ទីលើដីភព​អង្គារ និងត្រូវយានរបស់ NASA ថតរូបកន្លែងធ្លាក់បាននោះ។ នេះបើតាម​​ការដកស្រង់ពី Space News នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

រំលឹកដល់ថ្ងៃដែល Schiaparelli ធ្លាក់ និងផ្ទុះឆេះខ្ទេចខ្ទី គឺនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ពេលវេលាលើភពផែនដី ហើយបើតាមក្រុមជំនាញរបស់ ESA កំហុសបច្ចេកទេសតែ ១វិនាទី តែប៉ុណ្ណោះ បានបង្កចេញជារឿងដ៏គួរឲ្យសោកស្តាយបំផុត ប្រចាំប្រវត្តិសាស្ត្រ នៃផ្នែកអវកាស ដោយនោះគឺការគណនាខុស ឬ Error ប្រព័ន្ធកុំព្យូ័រ អំឡុងពេលដែល Schiaparelli កំពុងតែធ្វើការចុះចត លើផ្ទៃភពអង្គារ ដែលមានផ្ទៃបរិយាកាសស្តើង​បានតែ ១ភាគរយ នៃ​បរិយាកាស​ផែនដី ដែលពិតជាផ្តល់ផលវិបាកខ្លាំងដល់ការចុះចតយានម្តងៗនោះ។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រយៈពេលជាងមួយខែ​ក្រោយដែលយាន Schiaparelli បាន​ធ្លាក់នោះ ESA បានចេញមុខបកស្រាយថា គឺដោយសារកំហុសផ្នែកឧបករណ៍គណនាចរន្ត​ដែល​មាននៅក្នុងយាននោះ (IMU) ដោយវាធ្វើការចាប់យកទិន្នន័យខុស បញ្ជូនទៅកាន់ប្រព័ន្ធកុំព្យូទ័រ​ដែល​គ្រប់គ្រងយានខាងលើនេះ នៅលើផែនដី។ ប្រការនេះ​​បាននាំឲ្យវា ធ្វើការរលាស់ឆ័ត្រយោង ដើម្បីបន្ថយល្បឿនយាន​មុនកាលកំណត់ នាំឲ្យយានទាំងមូលគ្រប់គ្រង​​លែងបាន ទើបធ្លាក់ទាំង​កម្រោល​ចុះ​ទៅលើភពអង្គារ​តែម្តង។

ដោយសារតែ​ការគណនាខុសរបស់ IMU ដែលអ្នកវិទ្យាសាស្ត្រ​អះអាងថា «ជាកំហុសតែមួយ​វិនាទី​នេះ» ទើបធ្វើឲ្យប្រព័ន្ធកុំព្យូទ័រ ដែលគ្រប់គ្រងលើ​ការបញ្ជាយាន Schiaparelli គិតថា យាននេះ​ជិតដល់ពេល​ចុះចតមែនទែនហើយ ទើបវាធ្វើការរលាស់​ឆ័ត្រយោង និងដំណើរការប្រព័ន្ធបាញ់ឧស្ម័ន​បន្ថយល្បឿន ទាំងដែល​តាមការពិតទៅ គឺយាននោះស្ថិត​នៅរយៈកម្ពស់​រហូតដល់ទៅ ៣.៧គីឡូម៉ែត្រ ពីលើ​ផ្ទៃ​ភពអង្គារ ដែលនៅឆ្ងាយ​ពីរយៈកម្ពស់ នឹងត្រូវចុះចតពិតប្រាកដ។

បច្ចុប្បន្ននេះ ESA កំពុងតែធ្វើកិច្ចសហការ ជា​មួយនឹង​ទីភ្នាក់អវកាស​រុស្ស៊ីនៅឡើយ ដើម្បីផលិតយាន​មួយមាន​ឈ្មោះថា ExoMars ដែលគ្រោងធ្វើការបាញ់​បង្ហោះទៅ​ភពអង្គារ នៅឆ្នាំ២០២០ ឬ២០២១ ក្នុងទំហំទឹកប្រាក់​គំរោង ៣៣០លានដុល្លារ​អាមេរិក។ វាជាគំរោង​ដែលកំពុង​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់​បំផុត ក្នុងការផលិត ដើម្បីកុំឲ្យ​អតីតកាលដ៏ខ្មៅងងឹត​ដូចខាងលើនេះ កើតមានឡើង​សាជាថ្មីទៀត៕

ចែករំលែក