តើ​អ្នកដឹង​ទេ? ទាំង​ប្រព័ន្ធ​ព្រះអាទិត្យ​យើង និង​កាឡាក់ស៊ី​ទាំងមូល សុទ្ធតែ​កំពុង​ចល័ត​ក្នុង​ល្បឿន​មិនគួរ​ឲ្យ​ជឿ…

0

(បរទេស)៖ ចក្រ​វា​ឡ​ពិតជា​ចម្លែក និង​ពោ​ពេញ​ដោយ​អាថ៌កំបាំង​ច្រើន​ឥត​គណនា ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ និង​តារាវិទូ​ច្រើន​សតវត្សរ៍​មកហើយ បាន​ព្យាយាម​ធ្វើការ​រុករក និង​បកស្រាយ​ជាបណ្តើរៗ ទើប​សព្វថ្ងៃ​យើង​គ្រប់គ្នា​អាច​បានដឹង ប៉ុន្តែ​ក្រុម​អ្នកជំនាញ​ទាំងនោះ​ជឿជាក់ថា អាថ៌កំបាំង​ច្រើន​ឥត​គណនា​បន្ថែមទៀត កំពុង​រង់ចាំ​ការ​បក​អ​ក្រា​ត។

តាម​ការស្វែងយល់​កន្ល​ង​មក បងប្អូន​កម្ពុជា​យើង​មួយចំនួន ប្រហែលជា​យល់ថា មានតែ​ផែនដី ព្រះ​ច័ន្ទ ឬក៏​ភព​នានា​ផ្សេងទៀត​នោះទេ ដែល​គោចរ​ជុំវិញ​ព្រះអាទិត្យ ហើយ​ព្រះអាទិត្យ​វិល​ជុំវិញខ្លួន​នៅ​ហ្នឹង​មួយកន្លែង ដោយ​ពុំ​រំកិល​ទៅណា​នោះឡើយ បូក​រួមទាំង​កាឡាក់ស៊ី ឬក៏​ចក្រ​វា​ឡ​ទាំងមូល ក៏​នៅ​ទ្រឹង​ផងដែរ។ ប៉ុន្តែ​តាម​ការពិត​ទៅនោះ អ្វីៗទាំងអស់ គឺ​អស្ចារ្យ និង​គួរ​ឲ្យ​រំភើប​ជាងនេះទៅទៀត។

ជាក់ស្តែង​ក្រៅពី​ចលនា នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល​ហើយ​នោះ ប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល នៅ​កំពុង​គោចរ​ជុំវិញ​ចំណុចកណ្តាល នៃ​កាឡាក់ស៊ី​មៀល​គី​វេ​យ៍ ក្នុង​ល្បឿន ៨២៨,០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​ត្រូវ​ប្រើពេល ២៣០លាន​ឆ្នាំ ទើប​អាច​គោចរ​មួយ​ជុំ​ចំណុចកណ្តាល នៃ​កាឡាក់ស៊ី​រាងគូទខ្យង​នេះ។

ងាក​មក​កាឡាក់ស៊ី​មៀល​គី​វេ​យ៍​ទាំងមូល​វិញ ក៏​មិនមែន​នៅ​ស្ងៀម​នោះដែរ គឺ​វា​កំពុងតែ​ចល័ត​នៅក្នុង​បណ្តាញ​រួមគ្នា​មួយ ដែលមាន​ឈ្មោះថា Galaxy Cluster (ចង្កោម​កាឡាក់ស៊ី) ដែល​យើង និង​កាឡាក់ស៊ី Andromeda (២.៥លាន​ឆ្នាំ​ពន្លឺ​ពី​មៀល​គី​វេ​យ៍) កំពុង​ស្ថិតនៅ​វិលវល់ ទៅវិញទៅមក​ទល់មុខ​គ្នា។

ចំណុច​ពិសេស​បន្ថែមទៀត​នោះ គឺ​មៀល​គី​វេ​យ៍ ក៏មាន​កាឡាក់ស៊ីតូចៗ (កាឡាក់ស៊ី​មិន​គ្រប់លក្ខណៈ) មួយចំនួនទៀត​នៅ​គោចរ​ជុំវិញ ប្រៀប​បីដូច​ផែនដី​គោចរ​ជុំវិញ​ព្រះអាទិត្យ​ដូច្នោះ​ឯង។ សម្រាប់​ចលនា​ចល័ត​របស់​កាឡា​ក់​ស៊ី មៀល​គី​វេ​យ៍ នៅក្នុង​បណ្តុំ​នៃ​ចក្រ​វា​ឡ​យើង​វិញ​នោះ គឺមាន​ល្បឿន​រហូតដល់​ទៅ ២.១លាន​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ឯណោះ។

សរុបសេចក្តី​ឲ្យ​ងាយ​យល់​បំផុត​នោះ គឺ​ព្រះ​ច័ន្ទ​គោចរ​ជុំវិញ​ផែនដី, ហើយ​ប្រព័ន្ធ​ផែនដី និង​ព្រះ​ច័ន្ទ​ធ្វើ​គោចរ​ជុំវិញ​ព្រះអាទិត្យ, បន្ទាប់មក​គឺ​ប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល​គោចរ​ជុំវិញ ចំណុចកណ្តាល​នៃ​កាឡាក់ស៊ី, និង​ជា​ចុងក្រោយ​នោះ គឺ​កាឡាក់ស៊ី​របស់​យើង ធ្វើ​គោចរ​ទៅវិញទៅមក​ជាមួយ​កាឡាក់ស៊ី​ផ្សេងទៀត ក្នុង​ចង្កោម​មួយ​នៃ​ចក្រ​វា​ឡ ដ៏​ល្វឹង​ល្វឺ​ន៕

ប្រភព៖ Wikipedia

 

 

ចែករំលែក