ហេតុអ្វីបានជា «ភពពុធ កម្សត់ម្ល៉េះ» ដល់ថ្នាក់មិនសូវ​មានអ្នក​ចង់ស្រាវជ្រាវ? តោះស្វែងយល់មូលហេតុ…

0

(បរទេស)៖ យើងធ្លាប់បាន​បញ្ជូនយានស្រាវជ្រាវ​ចំនួន ០២គ្រឿង ទៅកាន់​ភពពុធ (Mercury)។ មួយគ្រឿង​ដំបូងឈ្មោះ Mariner 10 បានធ្វើការ​ហោះ​​ឆ្វែល​​​ជាដដែល​ៗចំនួនប៉ុន្មាន​លើក កាលពីទសវត្សរ៍ទី៧០។ យាន​បន្ទាប់ទី០២ កាលពីប៉ុន្មាន​ឆ្នាំមុន បានឈាន​ដល់ទីបញ្ចប់​នៃ​​​ការបំពេញ​បេសកកម្ម​របស់វា ហើយទម្លាក់ខ្លួន​កម្ទេចចោល​ នៅលើផ្ទៃ​របស់ភពពុធ​ដូចទៅនឹង​អ្វីដែល​យាន Cassini នៅ​ភពសៅរ៍ (Saturn) បានធ្វើដែរ ដោយវាមាន​ឈ្មោះថា​ បេសកកម្ម MESSENGER។ នេះបើតាមការចេញផ្សាយដោយវែបសាយ Quora អំពីវិទ្យាសាស្ត្រ។

យាន MESSENGER បានរកឃើញ​រឿងចម្លែកៗសឹងតែ​គ្រប់បែបយ៉ាង​ ស្តីអំពី​ភពពុធ ដោយក្នុងនោះ​មានតាំងពី​ផ្ទាំងទឹកក ដែល​អាច​​រក្សាវត្តមាន​នៅលើ​ភពនេះបាន ជាមួយនិង​ស៊ីតុណ្ហភាព​ដ៏ក្តៅបំផុត នៃផ្ទៃរបស់វា។ MESSENGER ក៏បានរក​ឃើញ​សមាស​ធាតុកាបូន​ដ៏ចម្លែក, សារធាតុកាល់ស្យូម​ដ៏ក្រាស់ខុស​ពីធម្មតា នៅផ្នែកយប់​នៃភពនេះ, ព្រមទាំងដែនម៉ាញេទិច​ដ៏ខុសប្លែកមួយ និង​រឿងជាច្រើន​ផ្សេងទៀតផងដែរ។​

ទីបំផុតមនុស្សរាល់គ្នា ក៏នាំគ្នាជជែកពិភាក្សា​អំពីភពពុធ ប៉ុន្តែវាពុំមែន​ជាទីកន្លែង​ ដែលងាយស្រួល​នឹងទៅដល់ឡើយ ដោយ​យាន MESSENGER ត្រូវចំណាយ​ពេលធ្វើការហោះ​ឆាប Flyby ដល់ទៅ ០៣លើក ដើម្បីអាចបង្អង់​ល្បឿនរបស់វា​បានគ្រប់គ្រាន់ ក្នុងការ​ចូលទៅ​ធ្វើគោចរ​នៅក្បែរ Mercury ហើយម៉្យាងវិញ​ទៀត វាគឺជាបរិស្ថានក៏ដូចជា​បរិយាកាស​ដ៏លំបាកមួយ ដោយសារ​តែវាហាក់​ដូចជាអ្នកដុត​និងបង្កក​យានអវកាស​របស់អ្នកចុះ​ឡើងៗ​អីចឹង នៅទីនោះ ដែលជារឿងមិន​ល្អប៉ុន្មានឡើយ សម្រាប់គ្រឿង​អេឡិច​ត្រូនិច៕

ក្រុមការងារ​នៃបេសកកម្ម MESSENGER បានធ្វើការគុណគូរ​តាមបែបវិទ្យា​សាស្ត្រយ៉ាងល្អៗបំផុត និងបានរកឃើញរឿងដ៏ចម្លែក​អស្ចារ្យ​មួយចំនួន ហើយទន្ទឹមនឹងនេះ ពួកគេក៏បានរកឃើញ​ចម្លើយព្រមទាំង​សំណួរងឿងឆ្ងល់​ជាច្រើនផងដែរ។ ក្រៅពីរឿងទាំងនេះ តើ​អ្នកចង់បានអ្វីទៀត?

ស្វែងយល់បន្ថែម៖ ភពពុធជាភពទី ១ ក្នុងប្រព័ន្ធព្រះអាទិត្យ និងមានចម្ងាយពីព្រះអាទិត្យ ៥៨លានគីឡូម៉ែត្រ ដោយប្រើពេល​គោចរមួយជុំវិញតែ ៨៨ថ្ងៃប៉ុណ្ណោះ (ផែនដី ៣៦៥ថ្ងៃ)។ ភពនេះ​មានលក្ខណៈ​​ស្ទើរតែទាំងស្រុង​ ស្រដៀងនឹងព្រះច័ន្ទរបស់យើង (គ្មានបរិយាកាស គ្មានកម្លាំងទំនាញ និងផ្ទៃពណ៌សៗដូចផេះ)។ ទោះបីស្ថិតនៅ​ជិតព្រះអាទិត្យជាងគេក្តី តែវាក៏មិនក្តៅ​​ជាងគេ​នោះដែរ (ភពសុក្រក្តៅជាង) ដោយកម្តៅលើផ្ទៃចំពោះមុខព្រះអាទិត្យជាង ៤០០អង្សាសេ ខណៈផ្ទៃមួយផ្នែកដែលងងឹត មានសីតុណ្ហភាពដករាប់រយអង្សាសេឯណោះ៕

ចែករំលែក