ថ្លែងមិនចេញទេ… ពេលនេះសូម្បី «អាចម៍ផ្កាយសិប្បនិម្មិត» ក៏ជប៉ុនអាចបង្កើតបានដែរ…

0

 

(តូក្យូ)៖ ក្រុមហ៊ុនជប៉ុន​មានឈ្មោះថា ALE បានធ្វើសេចក្តី​ប្រកាសថា ខ្លួនកំពុងស្ថិត​ក្នុងការអភិវឌ្ឍ​ «បាតុភូតទេពច្យុត​សិប្បនិម្មិត​​» ដំបូង​បំផុត​មិនធ្លាប់មាន នៅឆ្នាំ២០១៩។ ម៉្យាងវិញទៀត ​​ពួកគេក៏បាន​បញ្ជាក់ដែរថា ទស្សនីយភាព​នោះ នឹងអាចត្រូវមើលឃើញ​បានក្នុង​រង្វង់​ចម្ងាយជាង ២០០គីឡូម៉ែត្រ ជុំវិញតំបន់ Setouchi នៃ​ប្រទេសជប៉ុន។ នេះបើតាមការ​ដកស្រង់​ការផ្សាយ​ចេញពី​វែបសាយ Newsweek នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

កាលបរិច្ឆេទ​នៃព្រឹត្តិការណ៍ដ៏​អស្ចារ្យខាងលើ គឺអាស្រ័យ​ទៅលើកាលវិភាគ​ នៃការបាញ់បង្ហោះ​ផ្កាយរណប ដែលនឹងបង្កើត​ចេញជា​បាតុភូតនេះ​នៅចុងឆ្នាំ២០១៨ ឬក៏ដើមឆ្នាំ២០១៩។ ក្រុមហ៊ុន ALE ក៏សង្ឃឹមដែរថា នឹងត្រៀមលក្ខណៈ​រួចរាល់ សម្រាប់ការបង្ហាញ​​​ទស្សនីយភាព​ដ៏ពេញលេញមួយ នៅឯពិធីចាប់​បើកព្រឹត្តិការណ៍​កីឡា​ប្រកួតអូឡាំពិក​ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្ត​ទៅក្នុងទីក្រុង​​តូក្យូ។

ក៏ប៉ុន្តែនៅពេល​ដែលផ្កាយរណប ដែលមានប្រវែងតែ​ជាងកន្លះម៉ែត្រ​ប៉ុណ្ណោះនោះ ទៅដល់គន្លង​អវកាសរបស់យើង តើពួកវានឹង​បង្កើតបាតុភូត​ទេពច្យុតដោយ​របៀបណា? ផ្កាយរណប​ទាំងនោះ នឹងត្រូវបានកំណត់ឲ្យប​ញ្ចេញដុំបាល់​លោហៈ មានទំហំប៉ុន​ផ្លែ​​ប្លូប៊ើរី ពីរយៈកម្ពស់ជាង ៤៨០គីឡូម៉ែត្រពីផ្ទៃផែនដី។ ដុំអាចម៍ផ្កាយសិប្បនិម្មិត​ទាំងនេះ ត្រូវគេរាយការណ៍​ថា ថ្លៃ ៨,០០០ដុល្លារ​ក្នុង​មួយដុំៗ។ ដូចទៅនឹង​កាំជ្រួច ប្រភេទ​លោហៈខុសគ្នា ផលិតពណ៌ក៏ខុសៗគ្នា​ទៅតាមនោះដែរ។

គួរជម្រាបថា ទេពច្យុតធម្មជាតិ​កើតមានឡើង នៅពេលដែល​គន្លងធ្វើដំណើរ​របស់ផែនដី បានឆ្លងកាត់តំបន់​រាយប៉ាយខុសពីធម្មតា​​មួយនៅទីអវកាស ដែលជាទូទៅ​ជាគឺកម្ទេចកម្ទីរ បន្សល់ទុកដោយ​ផ្កាយដុះកន្ទុយ ដែលរសាត់អណ្តែតជុំវិញព្រះអាទិត្យ។ ស្រប​ពេលដែល​សំរាមអវកាស​ទាំងនោះ រួមមានលោហៈ ទឹកកក និងដុំថ្ម ចូលមកបរិយាកាស​ផែនដី ពួកវាបាន​ឆាបឆេះឡើង ក្នុង​រូប​ភាព​ដែល​គេស្គាល់ថា ជាទេពច្យុត។

ភ្លៀងអាចម៍ផ្កាយ ឬទេពច្យុតពិត​ជារឿងអស្ចារ្យ នៃបាតុភូតធម្មជាតិ ប៉ុន្តែថាតើការ​សាកល្បង និងបង្ហាញពីបច្ចេកវិទ្យា​កម្រិតកំពូលរបស់​ប្រទេសជប៉ុន ក្នុងការធ្វើឲ្យបាតុភូតធម្មជាតិ​មួយ អាចក្លាយជារឿង​បង្កើតឡើងដោយ​ដៃមនុស្សនោះ វាពិតជារឿងដែលមិនគួរឲ្យនឹក​ស្មានដល់ ប៉ុន្តែវានឹងក្លាយ​ជាការពិតក្នុង​ពេលឆាប់ៗ…៕

ចែករំលែក