គួរ​ឲ្យ​ចាប់អារម្មណ៍! អ្នកជំនាញ​បង្ហាញ «រូបភាព​អាចម៍ផ្កាយ​ដ៏​ចម្លែក» មាន​ប្រភពពី​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ…

0

(វ៉ាស៊ីនតោន)៖ កាលពី​ជាង​មួយខែ​មុន ក្រុម​តារាវិទូ​នៅ​អាមេរិក​បាន​ប្រទះឃើញ​អាចម៍ផ្កាយ​មួយ​ដុំ​ដែល​គេ​អះអាងថា មាន​ប្រភព​មកពី​ប្រព័ន្ធ​ព្រះអាទិត្យ​ផ្សេង ហើយ​វា​ពិតជា​រឿង​ដ៏​រំភើប និង​កម្រ​ខ្លាំងណាស់ ក្នុងការ​មានឱកាស​បានឃើញ​ដំណើរ​មកដល់ នៃ​វត្ថុ​អវកាស​ដ៏​អស្ចារ្យ​នោះ។ នេះ​បើតាម​ការ​ចែ​ញ​ផ្សាយ​ដោយ វែបសាយ Scientific American នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១។

អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា Pan-STARRS1 ត្រូវបាន​អង្កេត​ដោយ​កែវ​យឺត​យក្ស មាន​មូលដ្ឋាន​នៅលើ កោះ​ហា​វ៉ៃ សហរដ្ឋអាមេរិក កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​វា​ត្រូវបាន​គេ​អង្កេត​ដំបូង​តាំងពី​ថ្ងៃទី១៩ ខែតុលា មកម្ល៉េះ។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​ក្រុម​ជំនាញ​បាន​គូសវាស​រូបរាង​អាចម៍ផ្កាយ​ក្រៅ​ប្រព័ន្ធ​នេះ​ឡើង ដោយ​មើលទៅ​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត។

សម្រាប់​រូបរាង​ដែល​ត្រូវបាន​គូសវាស​ចេញមក តាម​ទិន្នន័យ​ពី​តេ​ឡេ​ស្កូ​ប​នោះ គឺជា​ដុំថ្ម​អវកាស​ដែលមាន​ប្រវែង​ជិត​កន្លះ​គីឡូម៉ែត្រ (ជាង ៤០០ម៉ែត្រ) រាង​ទ្រវែង​តែម្តង ដែល​វា​ប្រៀប​បី​ដូចជា​យានអវកាស ដ៏​ធំ​មួយ​ដែល​ធ្វើដំណើរ​ពី​ភព​ផ្សេង តាម​ការស្រមើស្រមៃ​ដូច្នោះ​ឯង។ ការមកដល់​នៃ Pan-STARRS1 គឺជា​ពន្លឺ​ថ្មី​មួយទៀត សម្រាប់​ក្រុម​តារាវិទូ​ធ្វើការ​សិក្សាពីអ្វីៗដែលមាន​នៅក្នុង​កាឡាក់ស៊ី​នេះ។

កាលពី​ខែតុលា របកគំហើញ​ដ៏​អស្ចារ្យ​នេះ បាន​ជំរុញ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រញាប់ប្រញាល់ បង្វែរ​តេ​ឡេ​ស្កូ​ប​របស់​ពួកគេ សំដៅ​ទៅរក​វត្ថុ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​ដ៏​លឿន​មួយ​នេះភ្លាមៗ ដើម្បី​ព្យាយាម​សិក្សា​ស្វែងយល់​ពី​វា​ឲ្យ​បាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន មុន​ពេលដែល​អាចម៍ផ្កាយ​នេះ ហោះ​រសាត់​ចេញទៅ​បាត់​ពី​កន្ទុយភ្នែក​វិញ។

គួរ​បញ្ជាក់ថា វត្ថុ​អា​ថ៍កំ​បាំង​ខាងលើ​មាន​ទំហំ​តូច ពោលគឺ​មានមុខ​កាត់​មិន​ដល់​កន្លះ​គីឡូម៉ែត្រ​ឡើយ ហើយ​ទំនង​ជាមាន​ប្រភព​មកពី​បណ្តុំ​ផ្កាយ Lyra និង​ធ្វើដំណើរ​ក្នុង​ល្បឿន ៤០គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី។ វា​ត្រូវបាន​ប្រទះឃើញ​កាលពី​ថ្ងៃទី១៩ ខែតុលា​នេះ ដោយ​កែវ​យឺត Pan-STARRS 1 នៅ​រដ្ឋ​ហា​វ៉ៃ ស្របពេល​កំពុង​តាម​ស្វែងរក​ដុំថ្ម​អវកាស ដែលនៅក្បែរៗផែនដី។

ដោយឡែក អាចម៍ផ្កាយ​នេះ កំពុង​បន្តដំណើរ​ចាកចេញ​ទៅវិញ​ក្នុង​ល្បឿន​យ៉ាង​ល្បឿន សំដៅ​ទៅកាន់​បណ្តុំ​ផ្កាយ Pegasus ហើយ​វា​ប្រាកដជា​ទស្សនកិច្ច​ដ៏​កម្រ​បំផុត និង​មិនដឹងថា ថ្ងៃ​ណា​អាច​កើតមាន​រឿងរ៉ាវ​ដ៏​អស្ចារ្យ​នេះ ម្តងទៀត​នោះឡើយ៕

ចែករំលែក