ធំជាង Black Hole យក្សទៀត? ច្រកងងឹត «Super Void» ត្រូវបានរកឃើញ​​ក្នុងចក្រវាឡ និងមានទំហំ.

0

 

(អង់គ្លេស)៖ ប្រហោង​ដ៏​ធំ​បំផុត (មិនមែន Black Hole) ដែលក្រុម​អ្នក​វិទ្យាសាស្ត្រ​​ឲ្យឈ្មោះថា Super Void ឬច្រកងងឹត ដែលរង្វង់​មុខកាត់របស់វា​មានវែងរហូត​ដល់ទៅ ១.៨ពាន់លាន​ឆ្នាំពន្លឺឯណោះ គឺពិតជា​ទំហំដែលមិនគួរឲ្យជឿទាល់​តែសោះ​តែម្តង ត្រូវបានរកឃើញ​នៅក្នុងចក្រវាឡ ដែលជាបណ្តុំ​នៃ​កាឡាក់ស៊ី​រាប់ពាន់​​លាននេះ។ នេះបើតាម​​ការចេញផ្សាយ​ដោយ សារព័ត៌មាន​​អង់គ្លេស Express ដែលត្រូវបាន​​ដកស្រង់​នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

តាមពិត Super Void គឺជាប្រហោង​មួយ ដែលមនុស្សមិនទាន់​អាចកំណត់​ធាតុ​ពិត​របស់វានោះ​ឡើយ ប៉ុន្តែជាការពិត​វាកំពុងធ្វើឲ្យប្រហោង​ខ្មៅយក្ស (Black Hole) ដែលយើងធ្លាប់​តែភ័យខ្លាច ពេល​លឺព័ត៌មាន​នានានោះ ក្លាយមកនៅត្រឹមតែ​​ជាវត្ថុ​តូចមួយ​ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង Super Void។ បើយើងគិតពីទំហំរបស់ មហាកំពូលប្រហោង​ដ៏ងងឹតនេះ គឺអាចស្តុកកាឡាក់ស៊ី​ធំៗជាង កាឡាក់ស៊ីមៀលគីវេយ៍ រហូតទៅដល់រាប់សិបឯណោះ ដែលវាពិតជារឿងមិនធម្មតានោះទេ។

គួរបញ្ជាក់ថា ប្រហោងងងឹត Super Void ដែលគ្មានអ្វីសោះ​នៅក្នុងនោះ ត្រូវបាន​រក​ឃើញដោយក្រុម​អ្នកវិទ្យាសាស្ត្រមួយក្រុម នៃសកលវិទ្យាល័យ​ហាវ៉ៃ ស្ថិតនៅទីក្រុង Manoa ដែលពួកគេបាន​រកឃើញ នៅពេលដែល ធ្វើការអង្កេតលើកាឡាក់ស៊ីនានា​​ក្នុងចក្រវាឡ ហើយនាពេលនោះ ស្រាប់តែកាឡាក់ស៊ី​ក្នុងចំនួនជាង ១០,០០០ ហាក់ដូចជា​បាត់វត្តមាន។ ពួកគេ​ក៏បាន​ចោទជាសំនួរបែប​កំប្លែងថា តើកាឡាក់ស៊ីទាំងនោះ បានធ្លាក់ចូលក្នុងប្រហោង​ងងឹតបាត់ទៅហើយឬ?

លោក István Szapudi ដែលកំពុងដឹកនាំ​ក្រុមការងារខាង​លើនេះ ក៏បាននិងកំពុង​សិក្សា​អំពី​ទ្រិស្តី Big Bang ជាមួយគ្នា​ផងដែរ ហើយពីមុនមក​លោកធ្លាប់អះអាងថា ការរកឃើញ​ប្រហោងងងឹត ឬទទេនៅក្នុងចក្រវាឡ​យើងនេះ ពិតជារឿង​​មួយ​ដែល​មិនអាចទៅរួចនោះ​ឡើយ។ ប៉ុន្តែសម្រាប់​ លោក András Kovács ជាអ្នក​វិទ្យាសាស្ត្រ​​នៃសកលវិទ្យាល័យ Eötvös Loránd ក្នុងទីក្រុង Budapest វិញបាននិយាយថា «នេះជាប្រហោង​ងងឹត Super Void ដ៏មហាធំអស្ចារ្យ​បំផុត​ ដែលមិនធ្លាប់​ត្រូវបានរកឃើញ​នោះឡើយ»។

អ្នកវិទ្យាសាស្ត្រ​ខាងលើនេះ បានសង្កត់ធ្ងន់​ទៀតថា «បើយើងយក​ទីកន្លែងទំនេរ​ទាំងឡាយ​ក្នុង​ចក្រវាឡរួម​បញ្ចូលគ្នា នោះ Super Void នេះគឺ​ជាអ្វីមួយ​​ដែលកម្រ​បំផុតមិនធ្លាប់មាន​នោះឡើយ។ យើងអាច​រំពឹងថា មានប្រហោងងឹត​មហាធំរបៀបនេះ តែពីរទៅបី​ប៉ុណ្ណោះ នៅក្នុងចក្រវាឡ​ទាំងមូល»។

សរុបសេចក្តីមក ក្រុមអ្នកវិទ្យាសាស្ត្រ នៅតែមិនអាច​ធ្វើការពន្យល់ឲ្យ​ច្បាស់នៅ​ឡើយទេថា តើតំបន់ងងឹត​ដ៏ធំអស្ចារ្យបំផុត​នោះគឺជាអ្វី ប៉ុន្តែអ្វីដែល​គេអាចសន្និដ្ឋាន​បាន គឺ Super Void មិនមែន​ជា Black Hole នោះឡើយ ហើយទំហំ​ក៏ខុសគ្នារាប់ពាន់​លានដង​ផងដែរ។ បើតាមការ គណនា​លេងៗ បើយើងចង់ទៅដល់​ប្រហោង​ងងឹតនោះ ក៏ត្រូវប្រើពេល​រាប់រយលាន​ឆ្នាំដែរ ទោះបីជាយើង​ប្រើល្បឿនពន្លឺជិះ​ទៅក៏ដោយ។ ដូច្នេះតើវាជាអ្វីឲ្យប្រាកដ? Cambo Space សន្យាស្វែងរក​ព័ត៌មាននេះ មកបកស្រាយ​បន្ថែម​ជូនបងប្អូន…៕

ចែករំលែក