ខ្មែរ​យើង​ពី​បុរាណ មានការ​យល់ច្រឡំ​មួយចំនួន អំពី​ភព​សុក្រ… តើ​ការយល់ច្រឡំ​នោះ មាន​អ្វីខ្លះ?

0

(ភ្នំពេញ)៖ ភព​សុក្រ​ជា​ភព​ដែល​ស្ថិតនៅ​ចម្ងាយ​ជិត​ផែនដី​បំផុត ក្នុងចំណោម​ភព​ទាំងអស់​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ដែលមាន​វា​ទំហំ​ស្ទើរ​ប៉ុន​ផែនដី​យើង​ទៅហើយ ដោយ​វា​ប្រើពេល ២២៤.៧ថ្ងៃ​ផែនដី ដើម្បី​គោចរ​មួយ​ជុំ​ព្រះអាទិត្យ ដែល​យើង​ហៅថា មួយឆ្នាំ​នៃ​ភព​សុក្រ​នោះ។ ជាក់ស្តែង​ភព​នេះ មាន​លក្ខណៈ​ដូច​ផែនដី​ត្រង់​ទំហំ សណ្ឋាន​ដី និង​ពពក ប៉ុន្តែ​វា​ខុស​ត្រង់​សីតុណ្ហភាព​ដូច​មេឃ​ហ្នឹង​ដី ដោយ​ផែនដី​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​តែ​ជាង ៥០អង្សា​សេ​ប៉ុណ្ណោះ ខណៈ​ភព​សុក្រ ជា​មធ្យម​គឺជា​ង ៤០០អង្សា​សេ ដែល​អាចរំលាយ​សំនរ​បាន។

ងាក​មក​ចំណុច​សំខាន់​វិញ ការយល់ឃើញ​របស់​ប្រជាជន​ខ្មែរ​យើង ឬក៏​អាច​ជាតិ​សាសន៍ដទៃៗទៀត​ដែរ​តាំងពី​បុរាណ​មក គឺមាន​លក្ខណៈខុស​ចំពោះ​ភព​នេះ ដោយ​ចំណុច​ខុស​នោះ គឺ​យើង​ចាត់ទុក​វា​ថា​ជា «ផ្កាយ​មួយ​ឌួង» ទៅវិញ។ តាមពិត​ពាក្យ​ថា ផ្កាយ ព្រះអាទិត្យ និង​តារា គឺមាន​អត្ថន័យ​តែមួយ​ប៉ុណ្ណោះ ដែល​សំដៅ​ទៅលើ​វត្ថុ​បញ្ចេញ​ពន្លឺ និង​មាន​ភព​វិល​ជុំវិញ ខណៈ​ភព​សុក្រ​គ្រាន់តែ​កូន​នៃ​ផ្កាយ ដូចជា​ផែនដី​យើង និង​រង់ចាំ​ទទួល​ពន្លឺ​ពី​ផ្កាយ​របស់​វា​ប៉ុណ្ណោះ ដោយ​មិនអាច​បញ្ចេញ​ពន្លឺ​បាន​ដោយ​ខ្លួនឯង​នោះឡើយ។

ចំណុច​មួយទៀត​នោះ គឺ​ភព​សុក្រ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា ផ្កាយព្រឹក (នៅពេល​ព្រះអាទិត្យ​រៀប​រះ) និង​ផ្កាយចោរ (នៅ​ព្រះអាទិត្យ​លិច​បាត់)។ មនុស្ស​ពី​សម័យមុន​បាន​គិតថា ផ្កាយព្រឹក និង​ផ្កាយចោរ​ខុសគ្នា តែ​តាមពិតទៅ​វា គឺ​ភព​សុក្រ​តែមួយ​នោះ​ហើយ ដោយសារតែ​វា​គោចរ​នៅ​មិន​ឆ្ងាយ​ពី​ផែនដី ដូច្នេះ​យើង​អាច​មើលឃើញ​វា​គ្រប់​រដូវ​កាល និង​រឹតតែ​ច្បាស់​នៅពេល​មេឃ​ស្រឡះ​ពេលយប់ និង​គ្មាន​ពន្លឺព្រះច័ន្ទ។

 

សរុបសេចក្តី​មក ភព​សុក្រ​អាច​បញ្ចេញ​ពន្លឺ​បាន ក៏​ដោយសារតែ​ពពក​របស់​វា មាន​ពណ៌​ស-លឿង ដែល​ពណ៌​របៀបនេះ ពេល​ត្រូវ​ជាមួយនឹង​ពន្លឺ​ខ្លាំង (ពន្លឺព្រះអាទិត្យ) វា​នឹង​ជះ​ត្រឡប់មកវិញ​ឲ្យ​យើង​ឃើញ​នៅលើ​ផ្ទៃមេឃ​ផែនដី នៅពេលដែល​រស្មី​សូរិយា​មិនទាន់​បញ្ចេញ ឬ​រល​ត់ទៅ។ អរគុណ​ដល់​ក្រុម​តារាវិទូ និង​អ្នកវិទ្យាសាស្ត្រ​រាប់​ជំនាន់​មកនេះ ដែល​បានធ្វើការ​ស្រាវជ្រាវ និង​រកឃើញ​នូវ​អាថ៌កំបាំង​ជាច្រើន ប្រកបដោយ​អំណះអំណាង​ត្រឹមត្រូវ ដែល​អាច​ឲ្យ​មនុស្ស​ដឹង​នូវ​អ្វី​ដែលជា​ការពិត នៅក្នុង​ចក្រ​វា​ឡ​នេះ។

លក្ខណៈ​វិសេស​បន្ថែម៖ ភព​សុ​ក្រវិល​យឺត​ខ្លាំង​រហូតដល់​មួយថ្ងៃ​លើ​វា យូរ​ជាង​មួយឆ្នាំ​របស់​វា​ទៅទៀត, ភព​សុ​ក្រវិល​បញ្ច្រាស​ទ្រនិចនាឡិកា, ភព​សុក្រ​មាន​បរិយាកាស​ក្រាស់​ជាង​ផែនដី ៩០ដង, ភព​សុក្រ​មាន​កម្លាំង​ទំនាញ​ប្រហាក់ប្រហែល​ផែនដី (០.៩ bar), និង​ពពក​ក្រាស់​គ្រប​ផិត​ផ្ទៃ​ភព​សុក្រ​ទាំងមូល ដោយ​គ្មាន​ថ្ងៃ​យើង​អាច​មើលឃើញ​ផ្ទៃ​ភព​សុក្រ​ពី​កែវ​យឺត​នោះឡើយ៕

 

រៀបរៀង​ដោយ៖ Cambo Space

ចែករំលែក