បកស្រាយចម្ងល់៖ តើយាន​អវកាស បញ្ជូន​ទិន្នន័យ​មក​ផែនដីវិញ ដោយវិធីណា? តើយានទាំង​នោះ​​ប្រើថាមពលអ្វីខ្លះ?

0

(ភ្នំពេញ)៖ ដោយសារតែ​បងប្អូនមួយចំនួន តែងតែសួរសំនួរនេះមក Cambo Space ដូច្នេះ​សារព័ត៌មាន​របស់យើងខ្ញុំ សូមធ្វើការបកស្រាយ​ជូនបងប្អូនបាន​យល់បន្ថែមតែម្តង អំពី​របៀប​នៃការបញ្ជូនទិន្នន័យដូចជា សំឡេង រូបភាព និងរលកសញ្ញា ពីយាន​អវកាស ឬផ្កាយ​រណបឆ្ងាយៗ មកកាន់ភពផែនដី​វិញ ព្រមទាំងថាមពល​​ដែលយានទាំងនោះ​ប្រើប្រាស់ ដើម្បីធ្វើការចល័តខ្លួន​ពាសពេញទីអវកាស នោះផងដែរ។

១. របៀបនៃ​ការបញ្ជូនទិន្នន័យ និងការបញ្ជា​ពីផែនដីទៅយាន​អវកាស៖ យើងនិយាយដំបូង​អំពីផ្កាយរណបជុំវិញផែនដី គឺវាបញ្ជូន​ទិន្នន័យមកផែនដី​វិញ តាមរយៈ​រលក​វិទ្យុសកម្ម (Radio Waves) ទៅកាន់អង់តែន​ទទួលសញ្ញា (ចានផ្កាយរណប) នៅលើផែនដី​ផ្ទាល់ ហើយប្រព័ន្ធ​​កុំព្យូទ័រនៅលើផែនដី​ ជាអ្នកទទួលយកទិន្នន័យ​ទាំងនោះ ដើម្បីបំលែង​ចេញទៅជា រូបភាព ឬសំឡេង ទៅតាម​មុខងារ ដែលផ្កាយរណប​នៅគន្លងគោចរ​ទាំងនោះ ត្រូវបានបង្កើតឡើង​ដើម្បី​បំពេញ​តួនាទី​របស់វាផ្ទាល់។

សម្រាប់ទិន្នន័យ​ដែលបញ្ជូនពីទីអវកាស​ឆ្ងាយៗវិញ ក៏មានលក្ខណៈ​មិនសូវខុសគ្នាប៉ុន្មានដែរ ឧទាហរណ៍បើ​យើងចង់បានរូបភាព​ពីភពអង្គារ នោះយានដែលកំពុងចល័ត​នៅលើភពនោះ ដូចជា Mars Rover ជាដើមត្រូវថតរូប រួចបាញ់បញ្ជូនរលកសញ្ញា ឡើងទៅកាន់​ផ្កាយរណប Marven ដែលកំពុងគោចរ​ជុំវិញភពអង្គារ ហើយផ្កាយរណប​មួយនេះ នឹងបាញ់​ទិន្នន័យនោះ តាមរយៈរលក​វិទ្យុសកម្ម មកកាន់ទិសដៅ​ភពផែនដី បន្ទាប់មកទើប​អង់តែន​ទទួលសញ្ញា​លើផែនដី​មានតួនាទីចាប់យក​រលកសញ្ញានោះ នឹងបំលែងទៅ​ជាទិន្នន័យ (រូបភាព) ជាការស្រេច។

ចម្ងាយអវកាស​កាន់តែងឆ្ងាយ ការបញ្ជូនទិន្នន័យ​ក៏កាន់តែយឺតទៅតាម​នោះដែរ ឧទាហរណ៍ បើយើងនិយាយ​ពាក្យថា Hello! សួស្តី! មួយម៉ាត់​ប៉ុណ្ណោះ​ទៅកាន់​ភពអង្គារ នោះរយៈពេល​យ៉ាងហោច​ណាស់ ៣៥នាទី ក្រោយមក​ទើបពាក្យសម្តី​ទាំងនោះ បានទៅដល់​ភពអង្គារ។ វាមានន័យក្តោប​លើការចុចបញ្ជា​យានពីផែនដី​ផងដែរ ដោយយើងចង់​ចល័តយាន ឬបញ្ជាឲ្យវាថតរូបអ្វីមួយនោះ យើងត្រូវ​ចំណាយពេល​កន្លះម៉ោង​ក្រោយចុចប៊ូតុង ទើបយាននោះ​អាចដំណើរការតាមការបញ្ជាបាន។

២. ថាមពល​ដែលយាន និងផ្កាយរណប​ប្រើប្រាស់៖ ដោយសារតែ​បច្ចុប្បន្ន ក្រៅពីស្ថានីយ​អវកាសអន្តរជាតិ ISS នោះយើងគ្មាន​យានណា​ផ្សេង ដែលមានមនុស្សជិះ និងបញ្ជាលើនោះ​ផ្ទាល់នោះឡើយ ដូច្នេះការ​បញ្ជា​យានឆ្ងាយៗ ឬកែវយឺតអវកាស នៅក្នុងទីអវកាស​ ត្រូវតែបញ្ជាចេញពី​ភពផែនដីទៅ ដែលវាពិត​ណាស់ គឺមានន័យថា យើងត្រូវបញ្ជាដោយ​ប្រព័ន្ធកុំព្យូទ័រលើដីហ្នឹងតែម្តង។

បងប្អូនមួយចំនួន​ប្រហែលជាឆ្ងល់ថា តើផ្កាយរណប យានរុករក និងកែវយឺតអវកាស​នានា អាចចល័តក្នុង​ទីអវកាសបានដោយ​ថាមពលអ្វីខ្លះនោះ? តាមពិតមាន​ថាមពលច្រើន​ដែល​វាត្រូវ​ប្រើ ប៉ុន្តែថាមពល​ជាចម្បងដែលវាប្រើមិន​ចេះអស់នោះ គឺកម្លាំងម៉ាញេទិច​នៃភពផែនដី ឬភពផ្សេងៗទៀត​ក្នុងប្រព័ន្ធ​ព្រះអាទិត្យ និងព្យុះ​ព្រះអាទិត្យ ដែលវាអាច​យកមកប្រើប្រាស់បាន។

សម្រាប់ថាមពល​កាច់ចង្កូត ឬផ្លាស់ប្តូរទិស​នៃឧបករណ៍អវកាស​​ទាំងនោះផ្ទាល់ មានការប្រើប្រាស់​ថាមពល​ដូចជា ឥន្ធនៈហ្វូស៊ីល, នុយក្លេអ៊ែរ, និង ថាមពលកើត​ឡើងវិញ ដូចជាពន្លឺ​ព្រះអាទិត្យ​ផងដែរ។ សម្រាប់យាន​​ដែលកំពុងចល័ត​លើព្រះច័ន្ទ អាចម៍ផ្កាយ និងភពអង្គារ គឺវាប្រើប្រាស់​ថាមពលពីពន្លឺ​ព្រះអាទិត្យ និងឥន្ធនៈមួយចំនួនដូចគ្នា​ ដើម្បីកាច់ចង្កូត និងបំពេញ​មុខងារមួយ​ចំនួន៕

ប្រភព៖ វែបសាយ Space.com និង Wikipedia
រៀបរៀងដោយ៖ Cambo Space

ចែករំលែក