តើអ្នកដឹងទេ «ព្យុះបោកបក់លឿនបំផុត ក្នុងប្រព័ន្ធព្រះអាទិត្យ» ស្ថិតនៅភពមួយណា? ដឹងថាមិនមែនផែនដីទេ…

0

 

(ភ្នំពេញ)៖ ព្យុះដ៏ខ្លាំងក្លាបំផុត​នៅលើភពផែនដីយើង ត្រូវបានក្រុមព្យាករណ៍​អន្តរជាតិ​ចាប់បាន​កាលពីខែមេសា ឆ្នាំ១៩៩៦ ដោយការណោះ ព្យុះស៊ីក្លូនដ៏កំណាច​មួយឈ្មោះ Olivia បានវាយប្រហារ​​កោះ Barrow នៃប្រទេស​អូស្ត្រាលី ដោយមានល្បឿន​រហូតដល់ទៅ ៤០៨គីឡូម៉ែត្រ​ក្នុងមួយម៉ោង​ឯណោះ ពិតជាលឿន និងកម្រកើតមានបំផុត​លើភពផែនដី។

ទោះបីជា​បែបនេះ យើងសង្កេត​ឃើញថា ស្ទើរគ្រប់ភពទាំងអស់​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ លើកលែងតែ​ភពពុធ សុទ្ធសឹងតែមាន​ព្យុះ​កើតឡើងក្នុងបរិយាកាស​​រៀងៗខ្លួន ដូចជាភពសុក្រ ផែនដី អង្គារ ព្រហស្បតិ៍ សៅរ៍ អ៊ុយរ៉ាណូស និងណិបទូន ប៉ុន្តែសម្រាប់ព្យុះ​នៅលើភព​ពីរ​ គឺជាព្យុះដែលខ្លាំងក្លា​ជាងនៅភពណាៗ​ទាំងអស់ ដែលលោកអ្នកពិត​ជាភ្ញាក់ផ្អើលពេល​បានដឹង។

សម្រាប់ភពដែលមាន​ព្យុះខ្លាំងក្លាបំផុតលេខ ១ នោះ​គឺភពណិបទូន។ ថ្វីត្បិតតែនៅឆ្ងាយពី​ព្រះអាទិត្យ​ជាងគេ​​មែន ប៉ុន្តែព្យុះនៅលើ​ភពនេះ គឺមានល្បឿនលឿន​លើសគេទៅវិញ ដោយក្នុងនោះ​ព្យុះលើភព​ណិបទូន​អាចហក់ដល់​ល្បឿន ២,៤០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដែលជាសន្ទុះ​ខ្យល់បោកបក់ដ៏លឿន​ ត្រូវបានតារាវិទូកំណត់បាន កាលពី​ខែឧសភា ឆ្នាំ២០១៣។

ដោយឡែកភពលំដាប់​ទីពីរ ដែលមានព្យុះខ្លាំងក្លា​ដែរនោះ គឺអ៊ុយរ៉ាណូស ស្ថិតនៅគន្លង​ក្បែរ​ភពណិបទូនដែរ ដោយល្បឿនខ្យល់​បោកបក់លើនេះភព​ខៀវនេះ អាចស្ទុះដ​ល់ ៩០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង​ឯណោះ ខណៈនៅភព​ព្រហស្បតិ៍ ដែលជាភពយក្សធំបំផុត​ក្នុងប្រព័ន្ធ​​ព្រះអាទិត្យ​វិញ ល្បឿនខ្យល់លឿន​បំផុតនៅលើភពនេះ មានត្រឹម​តែជិត ៦០០គីឡូម៉ែត្រ​ប៉ុណ្ណោះ។

លក្ខណៈពិសេសបន្ថែម​ពីភពណិបទូន៖ ភពនេះមានទំហំធំ​ជាងផែនដី ៣.៩ដង និងមានចម្ងាយ ៤.៥ពាន់លាន​គីឡូម៉ែត្រពី​ព្រះអាទិត្យ។ ភពនេះប្រើ​ពេលជិត ១៦៥ឆ្នាំ របស់ផែនដី ទើបអាច​គោចរមួយជុំ​ព្រះអាទិត្យ។ ភពនេះ និងភព​អ៊ុយរ៉ាណូស មានលក្ខណៈស្រដៀង​គ្នា​ស្ទើរទាំង​ស្រុង ទាំងទំហំ បរិយាកាស និងសណ្ឋានទូទៅ ខណៈអាថ៌កំបាំង​ជាច្រើន​នៅតែលាក់បាំង ជាពិសេស​មូលហេតុដែល​ភពទាំងពីរនេះ​មានពណ៌ខៀវ គឺអ្នកវិទ្យាសាស្ត្រ មិនទាន់អាច​បកស្រាយ​នោះទេ៕

ចែករំលែក