មាន​បាតុភូត​ចម្លែក «កើតឡើង​ក្នុង​ក្រុម​ផ្កាយ Dorado នៃ​កាឡាក់ស៊ី​ផ្សេង» ដែល​តារាវិទូ​បកស្រាយ​ថា…

0

(អាមេរិក)៖ លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​ថ្មី បាន​ឲ្យ​ដឹងថា ចំណុច​ពន្លឺ​ដ៏​ភ្លឺ​ចែងចាំង​មួយ នៅក្នុង​ក្រុម​ផ្កាយ​មាន​ឈ្មោះថា Dorado តាមពិតទៅ​គឺជា តំបន់​ខុសប្លែក​ពី​ធម្មតា​មួយ នៃ​ការកកើត​ផ្កាយ។ វា​ត្រូវបាន​បង្កើតឡើង​ដោយ ការ​ទង្គិច​គ្នា​ជាដដែលៗ នៃ​កាឡាក់ស៊ី​រាងគូទខ្យង​ចំនួន ០២ ដែល​ស្ថិតនៅ​សែនឆ្ងាយ​មែនទែន ដោយ​ពន្លឺ​របស់​ពួកវា​ទាំងពីរ ធ្វើដំណើរ​មកពី​ដំណាក់កាល​នៃ​ចក្រ​វា​ឡ​ទើប​កកើត​ដំបូង។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​វែបសាយ​វិទ្យាសាស្ត្រ-អវកាស Space.com នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

តារាវិទូ​មកពី​សាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ដែលជា​អ្នកដឹកនាំ​ការតាមដាន និង​សិក្សា​ខាងលើ​ជាមួយ​ក្រុមការងារ​រប​ស់លោក បាន​ឃ្លាំមើល​កាឡាក់ស៊ី Starburst ទាំងពីរ (កាឡាក់ស៊ី ដែល​បង្កើត​ផ្កាយ​ក្នុង​កម្រិត​យ៉ាង​រហ័ស ខុសពី​កាឡាក់ស៊ី​ធម្មតា) ធ្វើការ​ប៉ះទង្គិច​គ្នា តាមរយៈ​ការប្រើប្រាស់​មជ្ឈមណ្ឌល​តេ​ឡេ​ស្កូ​ស ALMA នៅ​ភាគ​ខាងជើង​ប្រទេស​ឈី​លី។ កាឡាក់ស៊ី​ទាំង ២ នេះ​មាន​ទម្រង់​ស្រដៀង​នឹង ទីជម្រក​របស់​ផែនដី​ដែរ គឺ​កាឡាក់ស៊ី Milky Way ដែលមាន​ផ្ទុក​តំបន់​បង្កើត​ផ្កាយ​ថ្មី (Nebula) ឈ្មោះ Eagle។

របកគំហើញ​នៃ​ការសិក្សា​ថ្មី​នេះ បាន​លើកឡើងថា «ពន្លឺ​ចែងចាំង​នៃ​កាឡាក់ស៊ី Starburst ទាំង ២ ពុំ​ត្រឹមតែ​ជា​លទ្ធផល​នៃ​ការប៉ះទង្គិច​គ្នា​របស់​ពួកវា​ឡើយ។ កាឡាក់ស៊ី​រាងគូទខ្យង​ទាំង ២ នេះ​ស្ថិតនៅ​ចម្ងាយ ១២.៧ពាន់​ឆ្នាំ​ពន្លឺ ពី​ផែនដី ដែល​ត្រូវបាន​គេ​ស្គាល់​ជារួម​ថា ប្រព័ន្ធ ADFS-27 និង​មាន​វត្ថុ​ធាតុ​ចាំបាច់​ក្នុងការ​បង្កើត​ផ្កាយ សម្រាប់​ប្រើប្រាស់ ច្រើនជាង​កាឡាក់ស៊ី Milky Way របស់​យើង»។ តាមពិត ADFS-27 មាន​ឧស្ម័ន និង​ធូលី​អវកាស​ដើម្បី​បង្កើត​ផ្កាយ ច្រើនជាង Milky Way ដល់​ទៅ ៥០ដង​ឯណោះ។

ក្រុមការងារ​ខាងលើ បាន​ឲ្យ​ដឹងថា ពពួក​កាឡាក់ស៊ី Starburst គឺជា​ប្រភេទ​កម្រ​ខ្លាំងណាស់ ហើយ​ពួកគេ​ពិតជា​ភ្ញាក់ផ្អើល ដែល​បាន​រកឃើញ​វត្តមាន នៃ​កាឡាក់ស៊ី​ដ៏ធំៗទាំង ២ នេះ ស្ថិតនៅ​ជិតគ្នា។ ម្យ៉ាងវិញទៀត​ការសិក្សា និង​តាមដាន​ថ្មី​នេះ ក៏​ជាការ​ក្រឡេកមើល​ទៅកាន់​អតីតកាល​ផងដែរ។ ដោយហេតុតែ​កាឡាក់ស៊ី Starburst ទាំង ២ មាន​ទីតាំងនៅ​យ៉ាង​សែនឆ្ងាយ ក្រុម​តារាវិទូ​តាមពិត​កំពុងតែ​អង្កេត​មើល​ពួកវា នៅ​អំឡុងពេល​ចក្រ​វា​ឡ​ទើប​មាន​វ័យ ១ពាន់​លាន​ឆ្នាំ ប៉ុណ្ណោះ៕

ចែករំលែក