ប្លែកភ្នែក​ចំពោះរូបភាព «ផ្ទៃមេឃ​ភពព្រហស្បតិ៍» ដែលជាការស្រមៃ​របស់​អ្នកវិទ្យាសាស្ត្រ…

0

(ភ្នំពេញ)៖ ភពទាំង ០៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ គឺសុទ្ធសឹងតែមាន​ផ្ទៃមេឃរៀងៗខ្លួន លើកលែងតែ​ភពពុធ​ប៉ុណ្ណោះ ព្រោះវាគ្មានបរិយាកាស​សូម្បីតែបន្តិច​ឡើយ។ ងាកមកផែនដី​ផ្ទៃមេឃស្រឡះ​របស់យើងមាន​ពណ៌ខៀវស្រាល, ភពសុក្រមាន​ផ្ទៃមេឃពណ៌លឿងស្រាល ដោយសារពពក​ខ្មួលខ្មាញ់, ភពអង្គារមាន​មេឃពណ៌ផ្កា​ឈូកស្រាល លាយក្រហម​តិចៗ, ឯភពព្រហស្បតិ៍​វិញ គឺមានលក្ខណៈ​ប្លែកខ្លាំង និងអស្ចារ្យ​ផងដែរ។

ដោយសារតែ​ចលនាកញ្ជ្រោល​ខ្លាំងនៅលើភព​យក្សនេះ យើងអាចមើលឃើញ​ស្រទាប់​លើ​របស់វា ផ្លាស់ប្តូររូបរាង​ស្ទើររាល់ថ្ងៃ ប៉ុន្តែភាពពិសេស​របស់វា (បណ្តុំពពក និងព្យុះ) នៅតែរក្សា​ទម្រង់ដដែល ដើម្បីឲ្យគ្រប់គ្នា​ស្គាល់ថា វាជាភព​ព្រហស្បតិ៍-យក្ស។ ចុះបើយើង​​អាចឈរនៅ​តំបន់ណាមួយ ក្រោមពពកខ្មួលខ្មាញ់​​នៃភពយក្សនេះ ហើយងើយ​ឡើង​ទៅទិស​ព្រះអាទិត្យរះ តើយើងនឹង​ឃើញមេឃ​ភពព្រហស្បតិ៍​ មានពណ៌អ្វីខ្លះដែរ?

ក្រុមអ្នកវិទ្យាសាស្ត្រ​អាចសន្និដ្ឋាន​បានថា ផ្ទៃមេឃរបស់​ភពព្រហស្បតិ៍ គឺមានពណ៌​ខៀវស្រាល ហើយមានរលក​ក្រហមៗឆ្នូតៗម្តងម្កាល នៅពេលព្រះអាទិត្យ​ចាំងចំ ឬរះនៅតំបន់​មេឃស្រឡះ​គ្មានពពក​ក្រហមៗស្រាលៗនោះ។ ដោយសារ​តែភពព្រហស្បតិ៍ គ្មានផ្ទៃរឹង​សម្រាប់ជាន់ដូច​ផែនដី និងភពមួយ​ចំនួនទៀត ដូច្នេះបើចង់​ទស្សនាផ្ទៃស្រឡះ​នៃភពព្រហស្បតិ៍ យើងអាច (បើមានឱកាស) រកតំបន់​ណាមួយដែល​មានពពកទាប​ជាងគេ ហើយសំកាំង​នៅទីនោះ រួចងើយឡើង​លើ​មើលផ្ទៃ​​មេឃវាទៅ​ជាការស្រេចហើយ។

សូមបញ្ជាក់ថា ការលើកឡើងខាងលើនេះ​ គ្រាន់តែជាការវិភាគ​របស់អ្នកវិទ្យាសាស្ត្រប៉ុណ្ណោះ ប៉ុន្តែយោង​​លើទិន្នន័យ និងសណ្ឋានបរិយាកាសពិត​នៃភពព្រហស្បតិ៍ ព្រមទាំងធាតុគីមី នៃផ្ទៃស្រទាប់​លើ​របស់ភពឧស្ម័នយក្សមួយនេះផងដែរ។ ភពព្រហស្បតិ៍​គោចរជុំវិញ​ខ្លួនឯងលឿន​ណាស់ គឺមួយថ្ងៃ​ស្មើតែ​ ១០ម៉ោង​ប៉ុណ្ណោះ​របស់ភពផែនដី ដូច្នេះទើប​ពពកវាកញ្ជ្រោល​ខ្លាំង និងមិនងាយ​ឲ្យយើង​ស្វែងរក​តំបន់ ដែល​អាចមានផ្ទៃមេឃ​ស្រឡះនោះ​ឡើយ៕

ចែករំលែក