ពេញមួយកាឡាក់ស៊ី Milky Way មានផ្កាយសរុបចំនួន ១០០ពាន់លាន! ចុះភពសរុបវិញមានប៉ុន្មាន…?

0

(អាមេរិក)៖ ពិតប្រាកដណាស់ ភពផ្លូវការនៅក្នុងប្រព័ន្ធ​ព្រះអាទិត្យយើង គឺមានតែ ០៨ប៉ុណ្ណោះ ហើយក៏ត្រូវបានចាត់ទុក​ជាប្រព័ន្ធព្រះអាទិត្យមួយ នៅក្នុងកាឡាក់​ស៊ីមាលគីវេយ៍នេះ ដែលមាន​ភពច្រើនបំផុត​គោចរជុំវិញផ្កាយមួយដួង ដែលមានទំហំ និងពន្លឺកម្រិតមធ្យម ឬ G-Type ប៉ុន្តែភពចំនួន​រាប់ពាន់ទៀត ត្រូវបានរកឃើញគិតត្រឹម​ចុងឆ្នាំ២០១៧ កន្លងទៅ ហើយនឹងបន្តកើន​ឡើងច្រើន​ជាងនេះទៀត។ នេះបើតាមការចេញ​ផ្សាយដោយវែបសាយ Forbes នាល្ងាចថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។

យោងតាមទិន្នន័យ ដែលគេទទួលបានពីអង្គការ NASA ជាការបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​២០១៧ គឺភពសរុបផ្លូវការចំនួន ៣,៥៧២ ត្រូវបានរកឃើញ ដោយកែវយឺតអវកាសនានា ព្រមទាំង​តេឡេស្កូប​ពីលើផែនដី ហើយបន្ថែមពីនេះ អ្វីដែលកាន់តែនាំឲ្យយើងរំភើប និងចង់ឲ្យក្លាយជាការពិតឆាប់ៗនោះ គឺភពប្រមាណ ៥,០៧៨ ទៀត​កំពុងត្រូវបានក្រុមតារាវិទូ ធ្វើការអង្កេតបន្ត ដើម្បីកំណត់ថា ពួកវា​ពិតជាមានវត្តមាន ហើយទើបកត់ចូលទៅក្នុងបញ្ជី នៃភពផ្លូវការ​ដែលត្រូវបានរកឃើញ។

បើតាមសម្តីលោក Jean-Luc Margot សាស្ត្រាចារ្យ នៃនាយកដ្ឋានសិក្សាផែនដី និងភព ​របស់​ NASA មានឈ្មោះថា UCLA បានឲ្យដឹងថា «មានភពរាប់រយពាន់លាន នៅក្នុងកាឡាក់ស៊ី​មាលគីវេយ៍របស់យើង។ ប្រសិនបើយើងប្រើពេលអានឈ្មោះភពទាំងនោះ​ម្តងមួយៗ ក៏ត្រូវប្រើពេលរហូតដល់ ៣,០០០ឆ្នាំ ដែរទើបអាចអានចប់»។

ក្រុមតារាវិទូនានា​នៅលើផែនដីយើងនេះ មានការជឿជាក់​ដូចគ្នាថា ផ្កាយភាគច្រើន​នៅក្នុងកាឡាក់ស៊ី ដែលយើងមើលឃើញ​ពន្លឺភ្លឹបភ្លែតៗ នៅលើផ្ទៃមេឃ​ពេលយប់នោះ យ៉ាងអន់បំផុត​ក៏មាន​ភព ពីរ ទៅ បីឡើងទៅ​ធ្វើគោចរជុំវិញពួកវា​ដែរ។ កាលពីមុននេះ ក្រុមតារាវិទូស្ទើរតែ​មិនជឿផងថា ផ្កាយ​នានាមាន​ភពគោចរជុំវិញ ប៉ុន្តែសូមមើល​មកកាន់ព្រះអាទិត្យយើង​ខ្លួនឯងចុះ គ្រាន់តែ​ព្រះអាទិត្យ​មួយនេះ​គឺមានភពចំនួន ០៨ ទៅហើយគោចរជុំវិញ ហើយដែលវាពិតជាឧទាហរណ៍ដ៏ភ្ញាក់ផ្អើលមួយ។

អ្វីដែលគួរឲ្យយើង​មានការភ្ញាក់ផ្អើល​បំផុតនោះ គឺជាលទ្ធផលដែលគ្រប់គ្នាត្រូវតែថ្លែង​អំណរគុណ​ដល់ក្រុមការងារ Kepler ព្រោះកែវ​យឺតអវកាស ដែលត្រូវបាន​បាញ់បង្ហោះ​តាំងតែពីឆ្នាំ២០០៩ កន្លងមកនេះ គឺពិតជា​ភាពអស្ចារ្យមួយ​សម្រាប់មនុស្សជាតិ ក្នុងការស្វែងរកអ្វីៗ​ដែលយើងមិន​ធ្លាប់ឃើញ​ពីមុនមក ហើយវាពិតជា​សាកសមឈ្មោះថា «អ្នកបង្កើតរបកគំហើញ» យ៉ាង​ពិតប្រាកដ ឬក៏អាចហៅ​បានម្យ៉ាងទៀតថា «អ្នកធ្វើបដិវត្តន៍ នៃវិស័យតារាសាស្ត្រសកលលោក»។

គួរបញ្ជាក់ថា ដើម្បីគណនា​ចំនួនភពផ្សេង ឬភពក្រៅប្រព័ន្ធ​ព្រះអាទិត្យនោះ គឺក្រុមអ្នកតារាវិទូ​ចាប់ផ្តើមពីការ​រាប់ចំនួនផ្កាយសិន ដោយក្នុងកាឡាក់ស៊ី​យើងនេះ គេបានកំណត់ថា មានផ្កាយតូចធំ​ចំនួនយ៉ាង​ហោចណាស់ ១០០ពាន់លានដែរ ហើយសម្រាប់ភពដែលគោចរជុំវិញផ្កាយ​​ទាំងនោះ ត្រូវបានគេ​សន្មត់ថា មានចំនួន ៤០០ពាន់លាន​ឯណោះ។

ទោះបីជាបែបនេះក្តី លោក Guillem Anglada Escude នៃសាកលវិទ្យាល័យ Queen Mary ទីក្រុងឡុងដ៍ ដែលកំពុងដឹកនាំ​​ក្រុមរុករកភព Promxima B ដែលស្ថិតនៅក្នុង​ប្រព័ន្ធផ្កាយ Alpha Centauri ដែលស្ថិតនៅជិតផែនដីយើង​បំផុតនោះបាន​អះអាងថា ភពនៅផ្កាយផ្សេងៗអាចមាន​​ចំនួនតែ ១០០ពាន់លានប៉ុណ្ណោះ គឺជាចំនួន​សមហេតុផល ព្រោះផ្កាយខ្លះជា​ផ្កាយភ្លោះពីរ និងផ្កាយភ្លោះបីគោចរជុំគ្នា ដូចគ្នាមិន​អាចមានភពគោចរ​ជុំវិញប្រព័ន្ធផ្កាយប្រភេទនោះឡើយ៕

ចែករំលែក