ទីបំផុត «NASA ជោគជ័យលើការកំណត់ DNA នៃពពួកបាក់តេរីលើស្ថានីយអវកាស ISS» ដែលមិនធ្លាប់​មាន…

0

(អាមេរិក)៖ ទីបំផុតក្រុមអវកាស​យានិក​របស់អង្គការ NASA បានកំណត់​​ដោយជោគជ័យនូវ DNA នៃពពួក​មីក្រុប (ពពួក​សារ​ពាង្គ​​កាយ​​ដ៏​តូច​ល្អិត) ដែលត្រូវបានរក​ឃើញនៅលើស្ថានីយ​អវកាសអន្តរជាតិ ISS ដែលប្រការនេះ បានធ្វើឲ្យវា​គឺជាលើកដំបូង​​បំផុត​ពុំធ្លាប់​មាននោះឡើយ ដែលសារពាង្គកាយ​អាថ៌កំបាំង ត្រូវបានកំណត់​សម្គាល់នៅក្នុង​លំហអាកាស​ទាំងស្រុង។ នេះបើតាមការ​ដកស្រង់​ការផ្សាយចេញពី​វែបសាយ Space.com នៅរសៀលថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។

ពីដំបូង​ពពួកមីក្រុបនេះ ត្រូវបានគេគ្រោង​នឹងបញ្ជូនមក​កាន់ផែនដី ដើម្បីធ្វើការ​វិភាគ​​ស្រាវជ្រាវ​ឯណោះ​​ទៅវិញទេ។ ចំណែកការ​​​កំណត់ DNA ថ្មីនេះ គឺជាសញ្ញា​នៃជំហាន​ដ៏សំខាន់មួយ ឈាន​ទៅរកការធ្វើ​រោគវិនិច្ឆ័យ​ក៏ដូចជា​ព្យាបាលជំងឺរបស់​អវកាសយានិក ហើយនា​ថ្ងៃណា​មួយ នឹងអាច​កំណត់អត្ត​សញ្ញាណនៃទម្រង់​ជីវិតទាំងឡាយ ដែលផ្អែកលើ DNA នៅលើភព​ដទៃៗទៀត។

ជុំវិញរបកគំហើញខាងលើនេះ ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ​ឯផែនដីវិញ បានបញ្ជាក់ទទួលស្គាល់ថា ការកំណត់អត្តសញ្ញាណ​នៃពពួកមីក្រុបនេះ ពិតជាត្រឹមត្រូវ ដូច្នេះ​ហើយ​​ការពិសោធន៍​នេះ គឺជាការពិសោធន៍ដោយជោគជ័យ។ សមិទ្ធផលដ៏អស្ចារ្យនេះ ក៏អាចផ្តល់​អត្ថប្រយោជន៍​ដល់ការពិសោធន៍​ដទៃៗទៀត នៅលើស្ថានីយអវកាស ISS ផង​ដែរ។

គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវនាំគេឲ្យរកឃើញ ក្រុមមីក្រូ​សារពាង្គកាយ ដែលរស់នៅលើ​ស្ថានីយអវកាស ISS គឺ​​ស្រដៀងនឹងពពួក​មីក្រូសារពាង្គកាយ ដែលនៅក្នុងលំនៅឋាន​របស់មនុស្ស លើភពផែនដី​យើងដែរ។ ទាំងនេះគឺជា​របករំហើញ​ថ្មី​ នៃគម្រោង​ដ៏ធំថ្មីមួយ ដែលបានធ្វើការ​វិភាគទៅលើ​បាតេរី ត្រូវបានរកឃើញ​នៅតាមទី​កន្លែង ១៥ខុសៗគ្នា នៅលើ​ស្ថានីយ ISS។

គួរជម្រាបថា វានឹងក្លាយជា​រឿងដ៏សំខា​ន់មួយ ក្នុងស្វែងយល់​ដឹងអំពី របៀបបាក់តេរីរស់​នៅក្នុងលំហអាកាស ខណៈមនុស្ស​​​ព្យា​យាម​អភិវឌ្ឍន៍យាន ដែលនឹងនាំយក​ក្រុមអវកាស​យានិក ទៅកាន់ទីកន្លែង​ដ៏សែនឆ្ងាយ ក្នុងប្រព័ន្ធព្រះអាទិត្យ​របស់យើង។ ​វាកាន់​តែសំខាន់​ទៅទៀត ជាពិសេស ដើម្បីព្យាយាម​ និងជៀសវាង ការធ្វើឲ្យរីករាលដាល​នៃបាក់តេរីទាំង​នោះ ទៅកាន់ភព​ដទៃៗ​ទៀត​៕

ចែករំលែក