ឆ្នាំ២០១៨ នេះគឺអស្ចារ្យ! ផែនការធំៗទាំង ១៨ របស់អង្គការ NASA «អានហើយរំភើប» ព្រោះមិនត្រូវការពេលយូរ ដើម្បីសម្រេចលទ្ធផល…

0

(អាមេរិក)៖ ឈានចូលដល់ឆ្នាំ​២០១៨ភ្លាម ទីភ្នាក់ងារអវកាស​អាមេរិក NASA បានបញ្ចេញឃ្លីបវីដេអូ​មួយ បង្ហាញពីមហិច្ឆតា​សរុប​ចំនួន ​១៨ របស់ខ្លួន ដែលនឹងត្រូវផ្តោត​សំខាន់នាឆ្នាំ​ថ្មីនេះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពី វែបសាយ Newsweek នៅ​ព្រឹក​​​ថ្ងៃ​ព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។

នៅក្នុងគម្រោង​ទាំងនោះ ប្រហែលជាមានខ្លះ​ដែលអ្នកទាំង​អស់គ្នា​ធ្លាប់បានលឺ និងដឹងរួចទៅហើយ។ យានចុះ​ចត Mars Insight ត្រូវគេកំណត់​ថា នឹងបាញ់បង្ហោះនាខែឧសភា​ខាងមុខ ហើយចុះចតឲ្យទាន់​ថ្ងៃអបអរបុណ្យ Thanksgiving នៅលើ​ភព​អង្គារ (Mars)។

ផែនការសម្រាប់​ឆ្នាំ២០១៨មួយផ្សេងទៀត គឺកំពុងតែធ្វើដំណើរ​ហោះទៅកាន់គោលដៅ​របស់វា។ យានអវកាស OSIRIS-REx ដែលត្រូវបានបាញ់​បង្ហោះកាលពី​ឆ្នាំ២០១៦ និងមានគោលទៅ​ទៅរកអាចម៍ផ្កាយ មានឈ្មោះថា Bennu ហើយនឹងទៅដល់​ទីនោះ​នាខែសីហា ឆ្នាំ២០១៨នេះ ដើម្បីប្រមូលយក​គំរូតាងអាចម៍ផ្កាយ មកឲ្យអ្នកវិទ្យាសាស្រ្ត​នៅភពផែនដី ធ្វើការស្រាវជ្រាវ។

គម្រោងចំនួន ០២ នៃការបាញ់បង្ហោះយាន​គួរឲ្យរំភើប​ដទៃទៀត នឹងធ្វើឡើងនា​រដូវក្តៅអាមេរិក​នាឆ្នាំនេះ គឺយាន​អវកាស TESS និង​យានអវកាស Parker Solar។ TESS នឹងសំលឹង​មើល​ផ្កាយចំនួន ២០០,០០០ដួង ដើម្បីរុកភពក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដូចទៅ​​នឹងកែវយឺត​អវកាស Kepler ដែរ។ ចំណែក Parker Solar Probe ដែលនឹងបាញ់​បង្ហោះនៅ​ខែសីហា នឹងចំណាយ​ពេល ០៧ឆ្នាំ ​ដើម្បីធ្វើដំណើរ​ដោយសន្សឹមៗ​ទៅកាន់ព្រះអាទិត្យ ក្នុងគោលបំណង​សិក្សា​ស្រាវជ្រាវ។

បន្ថែមពីលើគម្រោងធំៗទាំងនេះ អង្គការ NASA នឹងធ្វើការងារ​ទៅលើគោលដៅ​ដ៏យូរអង្វែង​មកហើយ ដូចជាការធ្វើឲ្យ​បច្ចេកវិទ្យា Sonic Boom មានសំឡេងស្ងាត់​ជាងមុន រួមទាំងការពិសោធន៍​លើយន្តហោះ​អេឡិចត្រូនិក X-57 ដែលត្រូវបាន​រចនាឡើង ដើម្បី​ធ្វើឲ្យការហោះ​ហើរមានតម្លៃទាប និងមិនបំពុល​បរិស្ថានជាដើម។ ម៉្យាងវិញទៀត NASA ក៏នឹងបន្តសិក្សា​លើភពផែនដី ដែលពួក​យើងទាំង​អស់គ្នា កំពុងរស់នៅ​ផងដែរ តាមរយៈការបាញ់​បង្ហោះផ្កាយរណប​បន្ថែម ដែលនឹងធ្វើ​ការវាស់ស្ទង់ផ្ទាំង​ទឹកកក ​ហើយ​និងកំណត់​ផែនទី​ព្រៃឈើ។

ចុងក្រោយ ជាការពិត​ណាស់ NASA នឹងបន្តរក្សាសំឡឹង​មើលគោលដៅ​ដ៏ធំបំផុតនោះ គឺការនាំយក​មនុស្សលោក ទៅកាន់​ទីអវ​កាស​វិញ។ ឆ្នាំនេះ​ជាជំហាន​ដំបូង NASA ចង់សហការ​ជាមួយក្រុមហ៊ុន​ឯកជនអាមេរិក ដើម្បីបញ្ជូន​អវកាសយានិក​ចេញពី​មូល​ដ្ឋាននៅ​សហរដ្ឋអាមេរិក ទៅកាន់ស្ថានីយ​អវកាស​អន្តរជាតិ ISS។ បន្ថែមពីនេះ NASA ក៏កំពុងធ្វើការងារ​ជាមួយក្រុមហ៊ុន​ទាំង​នោះ​ ដើម្បីរិះរកវិធី​សាស្រ្តថ្មី ដើម្បីរស់នៅរស់​ទីអវកាសដែរ ដែលវារចនា​ឡើងមិនត្រឹមសម្រាប់​តែក្នុងស្ថានីយ ISS ប៉ុណ្ណោះទេ តែ​​សម្រាប់នាំ​យកមនុស្សទៅកាន់​ឋានព្រះច័ន្ទ ហើយទីបំផុត​ទៅកាន់សូម្បី​តែ​ភពអង្គារ៕

ចែករំលែក