មហាអស្ចារ្យ! ទើបតែមានទេ ១៥២ឆ្នាំ មកនេះដោយ «បាតុភូតច័ន្ទគ្រាសពណ៌ខៀវ» នឹងកើតមាន​នៅចុង​ខែមករា…

0

 

​(បរទេស)៖ បាតុភូតចន្ទគ្រាស​ក្នុងឆ្នាំ២០១៨នេះ នឹងកើតឡើងនៅ​ថ្ងៃទី៣១ ខែមករានេះ ហើយវាគឺ​ជាចន្ទគ្រាសពេញ​លេញ ដែលគេហៅថា ព្រះចន្ទពណ៌ខៀវ (Blue Moon) ដែលជា​បាតុភូត មិនដែលកើតឡើង​ឡើយ​ក្នុងរយៈពេលច្រើនជាង ១៥០ឆ្នាំមកនេះ។ នេះបើតាម​សារព័ត៌មាន Space.com​ ចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។

យោងតាម Space.com​ បាតុភូតច័ន្ទគ្រាសនេះ នឹងកើតឡើងនៅអំឡុង​ពាក់កណ្ដាលយប់ រីឯមហាសមុទ្រ​ប៉ាស៊ីហ្វិក​ នឹងត្រូវបានបែរចំមុខទៅរកព្រះច័ន្ទនៅក្នុង​ពេលដូចគ្នានេះ។ ដោយឡែក តំបន់អាស៊ី​កណ្ដាល និងខាងកើត ឥណ្ឌូណេស៊ី នូវែលសេឡង់ និងតំបន់មួយចំនួន នៃប្រទេសអូស្ត្រាលី នឹងមើលឃើញ​ព្រះច័ន្ទពណ៌ខៀវនេះ។ ដោយឡែកចាប់ពីតំបន់ អាស៊ីខាងលិច ប្រទេសឥណ្ឌា មជ្ឈិបូព៌ា និងអឺរ៉ុបខាងកើត​ អាចនឹងមើលឃើញ​បាតុភូតដ៏កម្រ​នេះដែរ​នៅពេលព្រះច័ន្ទរះតែម្តង។

ជាងនេះទៅទៀត ចាប់ពីភាគខាងកើតគឺ រដ្ឋអាឡាស្កា និងហាវ៉ៃ និងភាគពាយ័ព្យប្រទេសកាណាដា ក៏នឹងអាចមើលព្រះច័ន្ទពណ៌ខៀវ​នេះផងដែរ ពីដើមរហូត​ដល់ចប់តែម្តង។ បន្ទាប់ពីឆ្នាំ២០១៨ ព្រះចន្ទពណ៌ខៀវ​នឹងឆ្លងកាត់ស្រមោល​អាំប្រារបស់ផែនដីម្តងទៀតនៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨ និងបន្ទាប់មកនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០៣៧ ហើយវាគឺចន្ទគ្រាសពេញលេញតែម្តង។

គួរបញ្ជាក់ថា នៅថ្ងៃ៣១ ខែមករា​ខាងមុខនេះ នឹងក្លាយជាថ្ងៃកើតមានបាតុភូត​ច័ន្ទគ្រាសពណ៌​ខៀវ​ដំបូងបំផុតមិនធ្លាប់​ក្នុងរយៈពេលជិត ១៥២ឆ្នាំ។ គ្រប់គ្នាកំពុង​ត្រៀមផ្តិតយកព្រឹត្តិការណ៍​​ដ៏កម្រ​ខាងមុខនេះ ដែលធ្លាប់បានកើត​ឡើងម្តងដែរ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ១៨៦៦៕

ចែករំលែក