ថ្ងៃនេះជាខួប​នៃការរកឃើញ​ Eris ដែលអាចជាដើមចម​នៃការទម្លាក់ភពភ្លុយតូ ចេញពីបញ្ជីភពកាលពី​ឆ្នាំ២០០៦!

0

(អាមេរិក)៖ កាលពី​ថ្ងៃទី០៥ ខែមករា ឆ្នាំ២០០៥ ក្រុមតារាវិទូនៅ​ទីភ្នាក់ងារអវកាស NASA បានបង្កើតរបក​គំហើញដ៏ធំមួយ គឺ​ការ​រក​ឃើញ «Eris» ជាភពមិនពេញ​លក្ខណៈ (Dwarf Planet) ដ៏ធំលំដាប់​ទីពីរ​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀល​ថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨។

Eris (អ៊ីរីស) មានទំហំតូច​ជាងតែបន្តិចប៉ុណ្ណោះ​បើធៀបជាមួយនឹង «ភ្លុយតូ» ដែលជាភព​មិនពេញ​លក្ខណៈដូចគ្នា ហើយវាធ្វើដំណើរ​​គោចរជុំវិញព្រះអាទិត្យ​ឆ្ងាយជាង ០៣ដង នៃរយៈចម្ងាយ​របស់​ភ្លុយតូ (ភ្លុយតូបច្ចុប្បន្នមានចម្ងាយពីព្រះអាទិត្យជិត ៦ពាន់លានគីឡូម៉ែត្រ)។

ពីដំបូងឡើយ​អង្គការ NASA បានគិតថា Eris មានទំហំធំជាង​ភ្លុយតូ ហើយតាមពិតពួកគេ ថែមទាំងបាន​ចាត់ទុក Eris ថាជាភព​ទី​១០ នៅក្នុងប្រព័ន្ធសូឡា​ទៀតផង ប៉ុន្តែនាអំឡុងពេល​នោះ សហភាព​តារាសាស្រ្តអន្តរជាតិ ហៅកាត់ថា IAU មានភាពស្ទាក់ស្ទើរ​​ក្នុងការដាក់​បញ្ចូល Ceres ជា Dwarf Planet ស្ថិតនៅតំបន់ខ្សែ​ក្រវាត់អាចម៍ផ្កាយ​ចន្លោះភពអង្គារ និងភពព្រហស្បតិ៍ ទៅក្នុង​បញ្ជី​ឈ្មោះភពនៅក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់យើង។

គួរជម្រាបថា ប្រការហេតុនេះ​ពួកគេបានសម្រេចបង្កើតនិ​យមន័យជាផ្លូវការលើក​ដំបូងបំផុត សម្រាប់ពាក្យថា «ភព» ហើយនិយម​ន័យថ្មីនេះ​មិនត្រូវជាមួយ Eris និង Pluto ឡើយ ដូច្នេះទាំងពីរនេះ មានឈ្មោះត្រឹមភពបម្រុង ឬភពមិនពេញលក្ខណៈ (Dwarf Planet) ទៅវិញ។ សម្រាប់ភពភ្លុយតូ ត្រូវបានដកចេញពីភពទី ៩ នៅឆ្នាំ២០០៦ ដែលជាឆ្នាំដែលយានអវកាស New Horizons ត្រូវបានបាញ់​បង្ហោះ ដើម្បីទៅបកស្រាយ​អាថ៌កំបាំងភពនេះផងដែរ។

ភពភ្លុយតូត្រូវ​បានដកចេញពីបញ្ជី ដោយសារកត្តាធំៗមួយ​ចំនួនដូចជា ភពនេះមាន​ទំហំតូចខ្លាំង (តូចជាងព្រះច័ន្ទយើង និងព្រះច័ន្ទ​របស់ភពសៅរ៍ ព្រមទាំង​ព្រហស្បតិ៍ទៅទៀត) ហើយវា​ធ្វើ​គោចរ​ជុំវិញព្រះអាទិត្យ​មិនដូចភព​ទាំង ៨ ទៀតនោះ​ឡើយ។ បច្ចុប្បន្នភព​ដែលតូចជាងគេ​គឺភពពុធ ដែលមានទំហំធំ​ជាងព្រះច័ន្ទ​របស់ភពផែនដី​យើង៕

ចែករំលែក