ពិសេស! អង្គការ NASA កំពុងសិក្សាអំពីតំបន់ព្រំដែនរវាងភពផែនដី និងទីអវកាស…

0

(អាមេរិក)៖ បេសកកម្មមាស (GOLD) របស់អង្គការ NASA ក្នុងការបង្ហោះ​ផ្កាយរណប​មួយ​ដើម្បីធ្វើការកំណត់​អំពីបរិយាកាសស្រទាប់លើបំផុត របស់ភពផែនដី នឹងចាប់ផ្តើមឡើង​ស្ថិតនៅ​ក្នុង​គោលដៅអង្កេតមើល​ការផ្លាស់ប្តូរ នៃតំបន់រវាងផ្ទៃបរិយាកាសស្រទាប់លើ និងទីអវកាស ថាតើ​មានលក្ខណៈប្រែប្រួលដូចម្តេចដែរ ពីមួយតំណាក់កាលទៅមួយតំណាក់កាល។ នេះបើតាម​ការដកស្រង់ការផ្សាយពី Space.com នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៧។

ក្រុមអ្នក​ស្រាវជ្រាវនានា បានពិភាក្សា​គ្នារួចទៅហើយ​​អំពីបេសកកម្ម​ថ្មីនេះ ដែលនឹងត្រូវធ្វើ​​ការបាញ់បង្ហោះ នៅថ្ងៃទី២៥ ខែមករា ខាងមុខពីតំបន់ Kourou នៃ French Guiana ដែល​បេសកកម្ម GOLD នឹងត្រូវដាក់ភ្ជាប់​ជាមួយនឹងផ្កាយរណប SES-14។ នេះ​បើតាម​ការប្រកាសចេញ នៅក្នុងសន្និសីទមួយរបស់ NASA ធ្វើឡើងនៅ​មជ្ឈមណ្ឌល​ហោះហើរ​អវកាស Goddard កាលពីថ្ងៃទី០៥ ខែមករា។

សម្រាប់​ពាក្យថា GOLD គឺជាពាក្យ​កាត់មកពី Global-scale Observations of the Liimb and Disk ដែលមាន​ន័យថា បេសកកម្មផ្តោតសំខាន់ទៅ​លើការ​សិក្សា​ ​អំពីសីតុណ្ហភាព និងការផ្សំឡើង​នៃបរិយាកាស ស្រទាប់​លើបំផុត​នៃភពផែនដី។ ជាមួយការផ្សាភ្ជាប់នឹង​ផ្កាយរណប​មួយទៀត​ឈ្មោះ ICON បេសកកម្ម GOLD នឹងធ្វើការកំណត់​អំពីរបៀប ដែល​អាកាសធាតុលើផែនដី និងទីអវកាស មានទំនាក់ទំនងរវាងគ្នា ​ពេលរងឥទ្ធិពលពីព្រះអាទិត្យ ព្រមទាំង​ការប៉ះទង្គិច ទៅលើស្រទាប់បរិយាកាស​ខាងលើ​ របស់ផែនដីនោះ៕

លោក Richard Eastes អ្នកអង្កេត​បេសកកម្ម GOLD មកពី​សាកលវិទ្យាល័យ Central Florida បានថ្លែងក្នុងសន្និសីទ​ខាងលើនេះថា «បួនឆ្នាំមក​ហើយ ដែលយើង​បានធ្វើការ​សិក្សា​អំពីស្រទាប់បរិយាកាសខាងលើបំផុត និងអ៊ីយ៉ុងនៃភពផែនដី ហើយបានពិនិត្យមើល​ស្រទាប់ទាំងនោះយ៉ាងលម្អិត ពីលើដី និងបេសកកម្មអង្កេតបរិយាកាសទាបៗនៃភពផែនដី។ យើង​ចង់ធ្វើការអង្កេតទៅស្រទាប់បរិយាកាសខាងលើថែមទៀត និងធ្វើការអង្កេត​នៅអឌ្ឍគោលទាំង​មូល​ព្រមពេលជាមួយគ្នាតែម្តង»។

គួរបញ្ជាក់ថា ផ្កាយរណប​ដែលបំពេញ​បេសកកម្មឲ្យ GOLD នឹងត្រូវបង្ហោះ​ទៅកាន់​ទីអវកាស និងធ្វើគោចរ​នៅក្នុងរយៈកម្ពស់ ៣៥,៤០០គីឡូម៉ែត្រ ពីលើផ្ទៃដី​ភពផែនដី ដែលខ្ពស់​​ជាងស្ថានីយ៍ អវកាសអន្តរជាតិ​ទៅទៀត (ISS គោចរ ៤០០គីឡូម៉ែត្រ ពីលើ​ផ្ទៃភពផែនដី)។ អ្វីដែល​សំខាន់​នោះ​ GOLD ក៏នឹងសិក្សា​អំពី​កម្រិតរលកធាតុវិទ្យុ​សកម្ម​ពីព្រះអាទិត្យ ដែលស្រទាប់​បរិយាកាស​ខាងលើរបស់​ភពផែនដី ធ្វើការរំដោះ​ចេញផងដែរ៕

ចែករំលែក