តារាវិទូទើបប្រើប្រាស់វិធីមួយ «អាចរុករកឃើញភពថ្មីៗ ដោយគ្រាន់តែវិភាគបន្ថែម​លើទិន្នន័យពី Kepler» ហើយភព ៦០ បន្ថែមត្រូវបានកំណត់…

0

(អាមេរិក)៖ តារាវិទូមួយ​ក្រុម​កំពុងតែប្រើប្រាស់វីធី​សាស្រ្តថ្មីមួយ ដើម្បីតាមរុករកភព​អេលៀន (នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ) ដែល​​ពិបាក​ប្រទះឃើញ ដោយតាមរយៈការវាស់ស្ទង់​លើកម្រិត​ខុសគ្នា រវាងពន្លឺដែលចេញពី​ផ្នែកខាងថ្ងៃ និងខាងយប់នៃ​ភពទាំងនោះ ​មកទល់នេះ​ពួកគេបានប្រទះ​ឃើញភពថ្មី​ចំនួន ៦០ ហើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ ពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។

ក្រុមអ្នកស្រាវជ្រាវ​ខាងលើ បានប្រើប្រាស់ទិន្នន័យ​ពីកែវយឺត​អវកាស Kepler របស់អង្គការ NASA ដើម្បីអនុវត្ត​ទៅលើវីធីសាស្រ្ត​​របស់ពួកគេ។ បន្ទាប់ពីបាន​ចំណាយពេល​បង្វឹកកុំព្យូទ័រ​ ឲ្យតាមប្រមាញ់​រកភពអេលៀន ក្រុមអ្នក​វិទ្យាសាស្រ្ត បានប្រើប្រាស់​ម៉ាស៊ីន​នេះ ទៅលើផ្កាយ​ជាង ១៤០,០០០ដួង។ សម្រាប់ជំហ៊ាន​ដំបូង ពួកគេបានដាក់​គោលដៅទៅ​លើតែប្រព័ន្ធ​ផ្កាយណា ដែលពុំ​មានផ្ទុក​ភព​ប៉ុណ្ណោះ (ទោះបីជាប្រព័ន្ធ​ខ្លះក្នុងចំណោម​នោះ ត្រូវគេសង្ស័យថា​ មានផ្ទុកភព​ក៏ដោយ)។ កម្មវិធីនៃប្រព័ន្ធ​កុំព្យូទ័រ បានពិនិត្យ​មើលទៅលើ​ការប្រែប្រួលនៃ​កម្រិតពន្លឺ ចេញពីមកពីប្រព័ន្ធ​ផ្កាយនីមួយៗ ដែលអាចបណ្តាល​មក ការមើលឃើញ​របស់ Kepler ចំពោះផ្នែកខាង​ថ្ងៃ និងផ្នែកខាងយប់បន្ត​បន្ទាប់គ្នា របស់ភពដែល​គោចរនៅក្បែរ​នោះ។

ក្រុមអ្នកវិទ្យាសាស្រ្ត បានឲ្យ​ដឹងថា ពួកគេកំពុងតាមស្វែង​រកពន្លឺ ដែលភពអេលៀន ចាំងផ្លាតពីផ្កាយ​មេរបស់ពួកវា ហើយពួកគេ​កំពុង​ប្រើប្រាស់កម្មវិធី ដើម្បីរុករកភព​ក្រៅប្រព័ន្ធព្រះអាទិត្យ ដែលបានរួចផុត​ពីក្រសែភ្នែក​របស់​កែវយឺត Kepler។

គួរជម្រាបថា ជាទូទៅ Kepler បានធ្វើការតាម​រកភព តាមរយៈ​វីធីសាស្រ្ត​បែបចាស់​គំរិលមួយ​ផ្សេងទៀត។ ខណៈភពមួយ​ធ្វើដំណើរ​ឆ្លង​កាត់ផ្កាយរបស់វា កម្រិតនៃពន្លឺ​ដែលកែវយឺត Kepler ឃ្លាំមើលធ្លាក់​ចុះគួរឲ្យកត់​សម្គាល់ ដោយសារតែវា​ត្រូវបានបាំង​ដោយ​​​ភព​​​ដ៏​សែនឆ្ងាយ​មួយនោះ ហើយកម្រិតពន្លឺ​ក៏កើនឡើងវិញ នៅពេល​ដែលភពនោះឆ្លង​ផុតទៅ។ វីធីសាស្រ្ត​ខាងលើ ក៏វិភាគទៅលើ​​ថា ​តើពន្លឺរបស់ផ្កាយ​មានការប្រែប្រួល​បែបណា ដោយសារ​តែការឆ្លងកាត់​របស់ភព​ផងដែរ ប៉ុន្តែនៅក្នុងរបៀប​មួយផ្សេង​ទាំងស្រុង។

បើតាមទិន្នន័យផ្លូវការកាលពីចុងឆ្នាំ២០១៧ ដែលគេទទួលបានពីអង្គការ NASA គឺភពសរុប​ផ្លូវការ​ចំនួន ៣,៥៧២ ត្រូវបានរកឃើញ ដោយកែវយឺតអវកាសនានា ព្រមទាំង​តេឡេស្កូប​ពីលើផែនដី ហើយបន្ថែមពីនេះ អ្វីដែលកាន់តែនាំឲ្យយើងរំភើប និងចង់ឲ្យក្លាយជាការពិតឆាប់ៗនោះ គឺភពប្រមាណ ៥,០៧៨ ទៀត​កំពុងត្រូវបានក្រុមតារាវិទូ ធ្វើការអង្កេតបន្ត​ដើម្បីកំណត់ថា ពួកវា​ពិតជាមានវត្តមាន ហើយទើបកត់ចូលទៅក្នុងបញ្ជី នៃភពផ្លូវការ​ដែលត្រូវបានរកឃើញ៕

ចែករំលែក