ក្រុមហ៊ុន SpaceX ទើបបាញ់បង្ហោះផ្កាយរណបអាមេរិក «Zuma» ដើម្បីបម្រើវិស័យ​យោធាសម្ងាត់…

0

 

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​អវកាស SpaceX នាថ្ងៃអាទិត្យបាន​​ធ្វើការបាញ់​បង្ហោះ ​បេសកកម្ម​សម្ងាត់មួយ​ទៅកាន់លំហ​អាកាស ឲ្យ​រដ្ឋាភិ​បាល​អាមេរិក ដោយគេដឹងត្រឹមថា មានឈ្មោះ Zuma។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន​ ស៊ីន​ហួរ នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨។

វត្ថុសម្ងាត់​ខាងលើ ត្រូវបានបញ្ជូន​ទៅកាន់​ទីអវកាស តាមរយៈគ្រាប់​រ៉ុក្កែត Falcon 9 ចេញពីស្ថានីយទ័ព​អាកាស​អាមេរិក Cape Canaveral ដែលស្ថិត​ក្នុងរដ្ឋផ្លូរីដា។ ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស-ការពារជាតិ​អាមេរិក Northrop Grumman បានទទួល​ស្គាល់ថា​​ខ្លួនបានរៀបចំ​ការបាញ់​បង្ហោះ​នេះ ដោយជួសមុខឲ្យ​​រដ្ឋាភិបាល​អាមេរិក និងបាន​អះអាងថា​​វានឹងត្រូវបញ្ជូន​ទៅកាន់គន្លងគោចរ កម្រិត​​ទាបរបស់ផែនដី។

យ៉ាងណាមិញ ​ព័ត៌មានគឺ​មានតិចតួចបំផុត​ ទាក់ទងនឹង​ចេតនា​នៃបេសកកម្ម Zuma ខណៈមក​ទល់ពេល​នេះ ពុំមាន​ទីភ្នាក់ងារ​អាមេរិក​ណាមួយ បានមកចេញ​មុខ​អះអាងថា មានជាក់ពាក់ព័ន្ធ​នឹងបេសកកម្ម​នេះឡើយ។

គួរជម្រាបថា ក្រុមហ៊ុន SpaceX ធ្លាប់បានបាញ់​បង្ហោះ​បេសកកម្ម​សម្ងាត់​ចំនួន ០២ លើករួចមក​ហើយ ឲ្យ​រដ្ឋាភិបាល​អាមេរិក​ក្នុង​អំឡុងឆ្នាំ២០១៧ កន្លងទៅនេះ។ ដោយកាល​ពីខែឧសភា ផ្កាយរណប​ស៊ើបការណ៍ NROL-76 ដែលជាកម្មសិទ្ធិ​របស់ការិយាល័យ​ស៊ើបការណ៍​សម្ងាត់ជាតិ ត្រូវបាន​បាញ់បង្ហោះ រីឯមួយទឿត​គឺជាយន្តហោះ​អវកាស គ្មានមនុស្ស​បើកបរ X-37B របស់កងទ័ព​​អា​កាស​អាមេរិក ដែលបានប្រព្រឹត្ត​ទៅកាលពី​ខែកញ្ញា៕

ចែករំលែក