ពិតមែនឬ? ស្រទាប់អូហ្សូន​លើតំបន់អង់តាកទិក «ត្រូវបានផ្សះផ្សាជិតវិញ» ក្រោយរងការធ្លុះធ្លាយ នាំឲ្យផែនដីរងកម្តៅខ្លាំង…

0

(អាមេរិក)៖ ទីបំផុតកិច្ចប្រឹងប្រែង​ក្នុងការព្យាបាល​ «ចំណុចធ្លុះធ្លាយ​នៃស្រទាប់អូហ្សូន» របស់ភពផែនដី​យើង នៅលើទ្វីបអង់តាក​ទិក​​ ទំនងជាទទួលបានជោគជ័យ បើយោង​តាមលទ្ធផល​នៃការសិក្សាថ្មីមួយ ដែលបានសង្កេត​ដោយផ្ទាល់ទៅ​លើ​សាធារតុគីមី ដែល​បំផ្លាញស្រទាប់​អូហ្សូន នៅក្នុង​បរិយាកាស។ នេះបើតាមការ​ចេញផ្សាយ​ដោយ វែបសាយអវកាស Space.com នៅព្រឹក​ថ្ងៃអង្គារ​ ​ទី០៩ ខែមករា ឆ្នាំ២០១៨។

បើតាម​អង្គការ NASA ស្រទាប់អូហ្សូន​មានតួនាទីការពារ​ផ្ទៃផែនដី ពីកាំរស្មី UV ដ៏គ្រោះថ្នាក់​របស់​ព្រះអាទិត្យ ដែលអាច​បង្កជា​រោគ​មហារីក​ និងជំងឺភ្នែក​ផ្សេងៗ នៅក្នុងខ្លួន​មនុស្សយើងបាន និងអាចបំផ្លាញជីវិត​រុក្ខជាតិ​ថែមទៀតផង។ កាលពីពាក់​កណ្តាល​ទសវត្ស​រ៍ទី ៨០ ក្រុមអ្នកស្រាវជ្រាវ​បានរកឃើញប្រហោង​ដ៏ធំមួយ ក្នុងស្រឡាប់​អូហ្សូន ដែលស្ថិតនៅលើ​ទ្វីបអង់តាកទិក ហើយបានសន្មត់ថា ​វាបានបង្កឡើងភាគច្រើន​ដោយ​សារធាតុគីមី​ផលិតដោយ​មនុស្ស ដែលគេនិយម​ហៅថា CFCs។

ការសង្កេត​តាមរយៈផ្កាយរណប​នាពេលកន្លងមក បានតាមដាន​មើលការប្រែប្រួល​នៃទំហំរបស់ប្រហោង​អូហ្សូននោះ និងបាន​កត់​​សម្គាល់ថា វាអាចរីក និងរួម​មាឌបានពីមួយឆ្នាំ​ទៅមួយឆ្នាំ។ ប៉ុន្តែការសិក្សា​ស្រាវជ្រាវថ្មីខាងលើ គឺជាការសិក្សា​ដំបូងបំផុត ដែលធ្វើ​ការវាយតម្លៃ​ដោយផ្ទាល់ ទៅលើកម្រិត​ផ្លាស់ប្តូរនៃក្លូរីន (Chlorine) ជាសមាសធាតុផ្សំ​ចម្បងនៃ CFC ដែលនៅពី​ក្រោយការបាត់​បង់​​ស្រទាប់​អូហ្សូន​ នៅក្នុងបរិយាកាស​លើទ្វីប​អង់តាកទិក។

គួរជម្រាបថា ការសិក្សាខាងលើ បានបង្ហាញឲ្យឃើញពីការថយចុះ២០ភាគរយ នៃកម្រិតបំផ្លិចបំផ្លាញស្រទាប់អូហ្សូន ដោយសារ​តែការថយចុះនៃវត្តមានរបស់ក្លរីន នៅលើទ្វីបអង់តាកទិក កាលពីចន្លោះឆ្នាំ២០០៥និងឆ្នាំ២០១៦។

ដើម្បីការពារស្រទាប់អូហ្សូនរបស់យើង គឺមានវិធីច្រើន​ដែលមនុស្សត្រូវអនុវត្តន៍​ដូចជា ការបញ្ឈប់​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការរក្សាការពារគំរប​ព្រៃឈើនៅលើ​ភពផែនដី។ ការធ្វើ​បែបនេះបាន គឺមនុស្សអាចនឹង​រក្សាលំនឹងនៃបរិយាកាស​ផែនដី ហើយឈាន​ទៅរកការ​ព្យាបាល​ស្រទាប់អូហ្សូន​នៅតំបន់ណាមួយ ដែលមានការធ្លុះធ្លាយ៕

ចែករំលែក