ស្ថានីយអវកាសចិន Tiangong-1 ដែលខូច «នឹងធ្លាក់មកលើផែនដី តាមកាលកំណត់» ហើយចិនថា សូមកុំបារម្ភ…

0

 

(អង់គ្លេស)៖ បំណែកនៃស្ថានីយ​អវកាសចិន Tiangong-1 នឹងធ្លាក់មកលើផ្ទៃផែនដី ​នៅអំឡុង​ពាក់កណ្តាលឆ្នាំ២០១៨ នេះហើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រចិន បានចេញមុខមកធានា​យ៉ាង​ច្បាស់លាស់ថា វានឹងមិនបង្កផលប៉ះពាល់ដល់សុវត្ថិភាព របស់មនុស្សលោកនោះឡើយ។ នេះបើតាមការចេញផ្សាយ​ដោយ Daily Mail របស់អង់គ្លេស នារសៀលថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

បំណែក​យានឈ្មោះ Tiangong-1 ឬមានន័យថា Heavenly Palace 1 (រាជវាំងឋានសួគ៌) ត្រូវបានបាញ់​បង្ហោះទៅកាន់​ទីអវកាស កាលពី​ឆ្នាំ២០១១ ដែលវាត្រូវបាន​ចាត់ទុក​ជាមន្ទីរ​ពិសោធន៍​អវកាសលើកដំបូង​បំផុត​របស់មហាយក្សចិន ដោយបាន​នាំយក​នូវឧបករណ៍​សម្រាប់ត​ភ្ជាប់បណ្តាញ និងរក្សា​គន្លងគោចរ។ វាស្ថិតនៅក្នុង​មហិច្ឆតាដ៏ធំរបស់ចិន ក្នុងការ​បង្កើតស្ថានីយ​អវកាសអចិន្ត្រៃយ៍ដោយខ្លួនឯង នៅទីអវកាស​នៅក្នុងឆ្នាំ២០២៣។

តាមពិត​ទៅយាន Tiangong-1 ត្រូវបានចិនគ្រោងបំផ្លុង​ចោលតាំងតែពីឆ្នាំ២០១៣មកម្ល៉េះ ប៉ុន្តែចិននៅតែ​បន្តពន្យាពេល នៃបេសកកម្មរបស់វាបន្ថែមទៀត។ Tiangong-1 ត្រូវបានគេ​រំពឹងថា អាចធ្លាក់មកចូល​បរិយាកាសផែនដី តាំងតែពីចុងឆ្នាំ២០១៧ ហើយអ្នក​វិទ្យាសាស្ត្រ​បរទេស​មួយចំនួន​បានបង្ហាញការព្រួយបារម្ភថា វាអាចគ្រប់គ្រង​លែងបានទៅហើយ ដោយអាច​ធ្លាក់ចុះមកចំគ្រប់ទីតាំងទាំងអស់ នៅលើភពផែនដី។

លោក Zhu Congpeng មន្ត្រីជំនាញជាន់ខ្ពស់​របស់ចិន​បាន​លើកឡើងថា «ស្ថានីយ៍អវកាសខាង​លើនេះ មិនបានបាត់បង់​ការគ្រប់គ្រងនោះ​ឡើយ ហើយវាក៏នឹងមិនបង្ក​ឲ្យប៉ះពាល់សុវត្ថិភាព និងបរិស្ថាន​នោះដែរ»។ មន្ត្រីវិស្វករជាន់ខ្ពស់​រូបនេះបានសង្កត់ធ្ងន់ថា Tiangong-1 នឹងត្រូវ​បញ្ជាឲ្យធ្លាក់មក​លើភពផែនដី យ៉ាងហោចណាស់​នៅពាក់កណ្តាល​ឆ្នាំ២០១៨។

គួរបញ្ជាក់ថា អ្វីដែលចិនអាច​បញ្ជាក់បាននោះ គឺ Tiangong-1 នឹងត្រូវបញ្ជាឲ្យ​ធ្លាក់ចូល​ទៅក្នុង​ផ្ទៃមហាសមុទ្រ ដូច្នេះផលប៉ះពាល់​ដល់សុវត្ថិភាព​របស់មនុស្ស​ គឺគ្មានទាល់តែសោះ។ ប្រទេស​ចិនធ្លាប់បានធ្វើ​ការពន្យាម្តងដែរ កាលពីខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ការ​ទម្លាក់ Tiangong-1 ចុះមកផែនដី ព្រោះខ្លួនត្រូវការពេល​កំណត់ឲ្យច្បាស់ថា បំណែកដ៏ធំនេះ​នឹងត្រូវធ្លាក់ឲ្យខាង​តែបាននៅលើ​ផ្ទៃសមុទ្រ៕

ចែករំលែក