Oops! ផ្កាយរណបសម្ងាត់អាមេរិក «Zuma ដែល SpaceX ទើបបាញ់បង្ហោះ» ទំនងជាធ្លាក់ក្នុងសមុទ្រ​បាត់ហើយ…

0

 

(វ៉ាស៊ីនតោន)៖ ផ្កាយរណបស៊ើបការណ៍​ដ៏សម្ងាត់បំផុតមួយ របស់សហរដ្ឋអាមេរិក ដែលត្រូវបាន​បាញ់បង្ហោះ នៅលើគ្រាប់រ៉ុក្កែត​របស់​ក្រុមហ៊ុន​អវកាស SpaceX នោះ ពុំបានទៅដល់គោលដៅ​ ដូចការគ្រោង​ទុកនោះឡើយ។ នេះបើតាម​សេចក្តីរាយការណ៍​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកអាមេរិក ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

បើតាម​សារព័ត៌មាន​អាមេរិក Time ដែលបាន​ទទួលបានប្រភព​ព័ត៌មានពីមន្រ្តី​រដ្ឋាភិបាល​ចំនួន ០២រូប បានឲ្យដឹងថា ផ្កាយរណប​​ដ៏​អាថ៌​កំបាំង Zuma ដែលផលិត​ឡើងដោយក្រុមហ៊ុន​បច្ចេកវិទ្យា​ការពារជាតិ និងអវកាស​អាមេរិក Northrop Grumman បានទទួល​បរាជ័យ​ក្នុងការផ្តាច់ខ្លួន​ ចេញពី​រ៉ុក្កែត​ Falcon 9 ហើយត្រូវ​បានគេសន្មត់​ថា បែកខ្ញែកខ្ទេចខ្ទី ឬក៏បានធ្លាក់ចូល​ទៅក្នុងផ្ទៃសមុទ្រ​​បាត់​ទៅហើយ។

គួរជម្រាបថា ផ្កាយរណប Zuma ត្រូវបានបាញ់​បង្ហោះតាម​រយៈរ៉ុក្កែត Falcon 9 ចេញពីមូលដ្ឋាន Cape Canaveral របស់កងទ័ព​​អាកាសអាមេរិក ដែលស្ថិតក្នុងរដ្ឋផ្លូរីដា កាលពីល្ងាច​ថ្ងៃអាទិត្យកន្លងទៅ (ពេលវេលា​នៅភាគ​អាគ្នេយ៍អាមេរិក) ហើយ​ពុំមាននរ​ណាបាន​ដឹងច្បាស់ ពីចេតនាពិត​នៃបេសកកម្មអាថ៌​កំបាំងនេះទេ ខណៈដែលពុំ​មានទីភ្នាក់ងារដ្ឋាភិបាល​អាមេរិក​ណាមួយ ចេញ​មុខថា​មានជាក់ពាក់ព័ន្ធ​នឹង​ខ្លួននៅឡើយដែរ។

ដោយឡែក នាពេល​កន្លងទៅ ក្រុមហ៊ុន SpaceX ក៏ធ្លាប់បានបាញ់​បង្ហោះបេសកកម្ម​សម្ងាត់ចំនួន ០២លើក រួចមកហើយ​ឲ្យរដ្ឋា​ភិ​បាលអាមេរិក​ផងដែរ កាលពី​ឆ្នាំ២០១៧។ ដោយកាលពី​ខែឧសភា ផ្កាយរណប​ស៊ើបការណ៍ NROL-76 ដែលជាកម្ម​សិទ្ធិ​​របស់​កា​រិ​យា​ល័យ​​ស៊ើបការណ៍​សម្ងាត់ជាតិ ត្រូវបាន​បាញ់បង្ហោះ រីឯមួយទឿត​គឺជាយន្តហោះអវកាស គ្មានមនុស្សបើកបរ X-37B របស់​កង​ទ័ព​​​អា​កាសអាមេរិក ដែលបានប្រព្រឹត្ត​ទៅកាលពី​ខែកញ្ញា៕

ចែករំលែក