ស្វែងយល់ «ចំណុចសំខាន់ៗ នៃបេសកកម្មអវកាសចិន លើឋានព្រះច័ន្ទ» ដែលពិតជាប្លែកពីគេឯង និងមិនអាចមើលរំលង…

0

(ប៉េកាំង)៖ ខណៈចិនគ្រោង​ចាប់ផ្តើមកម្មវិធីរុករក​នៅឋានព្រះច័ន្ទ ដែលត្រូវគេរំពឹងថា នឹងចាប់ផ្តើម​ជាមួយ​ការបាញ់បង្ហោះ​គ្រាប់​រ៉ុក្កែត Long March 5 នាខែមិថុនា​ខាងមុខ វិទ្យាសាស្រ្តវិទូ​ម្នាក់មកពីសាកល​វិទ្យាល័យ Radbound នៃប្រទេស​ហូឡង់ ក៏បាន​ឆ្លៀតឱកាស​ពន្យល់ និងបកស្រាយ​ថា តើហេតុអ្វី បានជាបេសកកម្ម​នេះ​មានសារៈសំខាន់​ជាខ្លាំង។ នេះបើតាម​ការចេញផ្សាយ​​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

ក្នុងបទសម្ភាសន៍​មួយជាមួយ​សារព័ត៌មាន Sputnik លោក​សាស្រ្តាចារ្យ Heino Falcke ដែលជាអ្នកវិទ្យាសាស្រ្ត​ជនជាតិ​អាល្លឺម៉ង់ បានលើកឡើងថា ព្រះច័ន្ទគឺជាឋាន​ដ៏ពិសេសមួយ ប៉ុន្តែវាជាកន្លែងដែល​ពុំត្រូវបានស្រាវជ្រាវ​រុករកនោះឡើយ ក្នុងអំឡុងពេល​ជាច្រើនទសវត្សរ៍​កន្លងមក។ មកទល់ពេលនេះ​ពុំមានបេសកកម្មសូម្បីតែមួយឡើយ ដែលបានធ្វើឡើង​នៅឯផ្ទៃផ្នែកម្ខាងទៀត​របស់​ព្រះច័ន្ទ។ លោក Falcke គិតថា នេះគឺជាអ្វីដែលពិសេស​ខ្លាំង អំពីបេសកកម្មចិន​ថ្មីមួយនេះ ដោយជា​លើកដំបូងបំផុត​ពួកគេនឹង​ផ្សងព្រេង​ទៅកាន់តំបន់ថ្មី​លើឋានព្រះច័ន្ទ។

លោក Heino Falcke ក៏បានឆ្លើយតប​ទៅនឹងចម្ងល់ថា តើហេតុអ្វីបានជានា​ពេលកន្លងមក ពុំមានបេសកកម្ម​ទៅកាន់ផ្ទៃម្ខាង​ទៀត​​របស់ព្រះច័ន្ទ ដែលគេហៅថា Darkside of the Moon ឬក៏ Far Side of the Moon ផងដែរ។ លោក Falcke បាន​និយាយថា បញ្ហា​មួយផ្នែក​នោះគឺថា ព្រះច័ន្ទតាមពិត​ទៅរាំងខ្ទប់ប្រព័ន្ធទំនាក់​ទំនង​របស់យើង។ លោកបានលើកឡើងថា ប្រសិនបើអ្នក​​នៅទីនោះ​ អ្នកមិនអាចហៅ​មកផែនដីវិញ​ដោយងាយៗឡើយ, អ្នកត្រូវតែប្រើប្រាស់​ផ្កាយរណបជំនួយ ដើម្បីបញ្ជូនសារបន្ត ហើយ​ប្រការនេះ​ធ្វើឲ្យបេសកកម្ម​កាន់តែ​ស្មុគស្មាញ។

លោក Falcke បានបន្តថា ដូច្នេះហើយអ្នក​ត្រូវបញ្ជូនរលកវិទ្យុ​សញ្ញារបស់អ្នក ចេញពីតំបន់ Far Side of the Moon ទៅកាន់​ផ្កាយ​រណបនោះ ហើយផ្កាយរណបត្រូវ​បញ្ជូនបន្តមក​កាន់ផែនដី។ បែបនេះ បេសកកម្មមានភាព​ស្មុគស្មាញខ្លាំង ដែលជាមូលហេតុធ្វើ​​​​ឲ្យបេសកកម្មបែបនេះ ពុំទាន់កើតមាន​មកទល់ពេលនេះ។ លោកយល់ថា វា​ត្រូវគេមើលរំលង និងពុំសូវខ្វាយខ្វល់​កាលពី​អតីត​កាល ។ យ៉ាងណាមិញ វាមិនមែនជា​រឿងមិនអាច​ទៅរួច ឬក៏ជាបញ្ហា​ប្រឈមធំមួយ​ឡើយ ប៉ុន្តែវាហាក់ដូចជា​ត្រូវគេ​បំភ្លេចចោល។​

ជាចុងក្រោយ អ្នកវិទ្យាសាស្រ្តរូបនេះ​បានបញ្ជាក់ថា ជាក់ស្តែងកាលពីសម័យ​ទសវត្សរ៍ទី ៦០ និង ៧០ ការរុករកឋានព្រះច័ន្ទ មិនត្រឹម​តែជាវិទ្យាសាស្រ្ត​ប៉ុណ្ណោះទេ វាគឺជាផ្នែកមួយ​នៃសង្រ្គាមត្រជាក់​រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។ វាត្រូវបានជំរុញ​ដោយ​នយោបាយ​ជាច្រើន ហើយជាមួយ​បេសកកម្មបញ្ជូន​មនុស្សជាលើកដំបូង​ទៅកាន់ទីនោះ គោលដៅចម្បង​របស់វា ក៏ត្រូវ​សម្រេច​បាន។ ដោយឡែក ការសិក្សាស្រាវជ្រាវ​ជាច្រើនផ្សេងទៀត ក៏ត្រូវបានធ្វើ​ឡើងនៅតាម​ក្រោយផងដែរ។ តាមពិត​ទៅសព្វថ្ងៃ យើង​នៅតែកំពុង​ទទួលបានអត្ថប្រយោជន៍​​ពីបេសកកម្ម​ឋានព្រះច័ន្ទ កាលពីអំឡុង​ជំនាន់នោះ​នៅឡើយទេ។

ម៉្យាងវិញទៀត ទើបតែបច្ចុប្បន្ននេះ​ប៉ុណ្ណោះ ដែលមានការប៉ុនប៉ង​សិក្សាពីឋានព្រះច័ន្ទឡើងវិញ ដោយសារតែយើង​ភ្ញាក់ខ្លួនថា នៅ​មានរឿង​ជាច្រើនទៀត ដែលយើងមិនទាន់​បានដឹងច្បាស់ពី​ឋានព្រះច័ន្ទ។ វាគឺជាឋានមួយ​ដែលនៅក្បែរ​យើងបំផុត ហើយនៅ​មាន​រឿង​ជាច្រើន ដែលយើង​មិនដឹងអំពីវា។ ហេតុដូច្នេះ យើងកំពុង​យល់បន្តិចម្តងៗថា ពួកយើងត្រូវត្រឡប់​ទៅទីនោះ​វិញ។ លោក Falcke បាន​បញ្ជាក់ថា ថ្ងៃណាមួយ​មនុស្សយើង ប្រហែលអាច​ឡើងទៅ​ភពអង្គារ (Mars) និងទីកន្លែងឆ្ងាយ​ជាងនេះទៀត ប៉ុន្តែ​ព្រះ​​ច័ន្ទត្រូវបានយើង​យល់ដឹងតិចតួច​បំផុត៕

ចែករំលែក