ពិតជាមិនធម្មតា! ការយល់ឃើញពីភពព្រហស្បតិ៍ពីមុន «ស្ទើរតែខុសទាំងអស់» ពេលនេះ Juno បំបែកការពិតលើសពីការស្មាន…

0

(អាមេរិក)៖ មុនពេលដែល​អង្គការ NASA បញ្ជូនយាន​អវកាស Juno ទៅឲ្យសិក្សា​ស្រាវជ្រាវ​នៅភពព្រហស្បតិ៍ (Jupiter) អ្នកវិទ្យា​សាស្រ្ត មានការយល់​ខុសទាំងស្រុង អំពីរឿង​ភាគច្រើន ដែលពួកគេគិត​ថា បានដឹងបានយល់​ពីភពនេះ។ នេះបើតាម​លោក Scott Bolton ​ប្រធាន​ស្រាវជ្រាវ​គម្រោងនៃ​បេសកកម្ម Juno ដកស្រង់សម្តី​ដោយ​ វែបសាយ​អវកាស-វិទ្យាសាស្រ្ត Space.com នៅរ​សៀល​​ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨។

Juno ដែលចាប់ផ្តើម​បេសកកម្មកាលពី​ឆ្នាំ២០១១ និងសព្វថ្ងៃកំពុង​ហោះក្រឡឹង​ជុំវិញ Jupiter នោះ​ពុំមែនជាយានអវកាស​ដំបូង​គេ ដែលបានសិក្សានៅកៀកនឹង​ភពឧស្ម័ន​យក្សនេះឡើយ។ យាន​អវកាស Poineer និង Voyager របស់ NASA ក៏ធ្លាប់បាន​ហោះឆ្វែល​​ Jupiter ផងដែរកាលពី​ទសវត្សរ៍ឆ្នាំ ៧០ ហើយក្រោយ​មកទៀត​យាន Galileo ថែមទាំងបាន​ចំណាយ​ពេល ០៨ឆ្នាំ នៅជុំវិញ​វាទៀត​​ផង។ សូម្បីតែនៅ​មុនពេល​នៃការបញ្ជូនយាន​ទាំងនេះ មនុស្សយើង​បានចំណាយ​ពេលរាប់រយ​ឆ្នាំ សិក្សាទៅលើ​ភព​ព្រហស្បតិ៍​​តាមតេឡេស្កូប។

លុះដល់ពេល​ដែល Juno ត្រូវគេបាញ់បញ្ជូន​ឡើងទៅកាន់ទីនោះ តារាវិទូមាន​គំនិតយ៉ាងច្បាស់​រួចទៅហើយ​ថា តើពួកគេត្រូវរំពឹង​បែបណា​ពីរូបភាពព្រមទាំង​ទិន្នន័យថ្មីៗ ដែលយាន​អវកាស​នេះ នឹងប្រមែប្រមូល​យកពី Jupiter។ ដោយឡែក នាខណៈពេល​​នេះ លោក Bolton បាន​សារភាពថា «ការយល់ឃើញ​របស់យើង​កាលពីពេលនោះ គឺខុសស្រឡះ​តែម្តង មិនថាអំពី​រចនាសម្ព័ន្ធ​ខាងក្នុង ឬក៏​បរិយាកាស និងសូម្បី​តែស្រទាប់ដែន​ម៉ាញេទិច​របស់វា»។

អ្នកវិទ្យាសាស្រ្ត​មានការជឿជាក់ថា ភពព្រហស្បតិ៍ មានស្នូលដែនតូច​ហើយហាប់មួយ ឬក៏ពុំមាន​ស្នូលតែម្តង។ ផ្ទុយទៅវិញ ទិន្ន​ន័យរបស់យាន​អវកាស Juno បានលាតត្រដាង​ឲ្យដឹងថា Jupiter មានស្នូលដ៏ធំមហិមា​មួយ ដែលផ្នែកខ្លះអាច​បាន​រលាយ​បាត់​បង់​​ទៅ​។

នៅក្នុងអំឡុង​ការហោះកៀក​ជាលើកដំបូង​របស់វាជាមួយ Jupiter យានអវកាស Juno បានគាស់រំលើង​ឲ្យឃើញពីកញ្ចុំ​ព្យុះយ៉ាង​ចម្លែក ធ្វើកួចខ្មួលខ្មាញ់​នៅតាមប៉ូលខាងជើង និងខាងត្បូង​នៃភពព្រហស្បតិ៍។ Juno គឺជាយានបេសកកម្ម​អវកាសដំបូង​បង្អស់ ដែលបានសំឡឹម​មើលយ៉ាងជិត​ទៅលើតំបន់ប៉ូល​ទាំងនោះ ហើយក្រុមការងារ​នៃបេសកកម្ម មិនបានរំពឹងថា ពួកវានឹងមាន​​រូបរាង​​ចម្លែក និងរញ៉េរញ៉ៃបែបនេះ​ឡើយ។

ក្រៅពីនេះ​ការវាស់កម្រិតកម្លាំង​នៃដែនម៉ាញេទិច​របស់ Jupiter ក៏បាន​បង្ហាញ​លទ្ធផលភ្ញាក់ផ្អើល​បន្ថែមទៀតផងដែរ។ អ្នកវិទ្យា​សាស្រ្ត​បានដឹងថា ភពព្រហស្បតិ៍​បានកម្លាំងដែនម៉ាញេទិច​ខ្លាំងជាងគេបង្អស់ ក្នុងចំណោម​ភពនៃប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែ Juno បានរកឃើញថា ដែនម៉ាញេទិចនោះ​តាមពិតទៅមាន​ឥទ្ធិពលខ្លាំង​ជាងអ្វីដែលយើងធ្លាប់​គិតទ្វេដង។

គួរជម្រាបថា ស្របពេល​ដែល Juno កំពុងបន្តបេសកកម្ម​របស់ខ្លួន ក្នុងការស្រាវជ្រាវទៅលើ Jupiter និងព្រះច័ន្ទ​របស់វា ក្រុមអ្នក​វិទ្យាសាស្រ្ត​នឹងតាមស្វែងរក​ក៏ដូចជាជួបប្រទះ​ការពន្យល់បកស្រាយថ្មីៗ​ថែមទៀត សម្រាប់​រឿងថ្មីៗ ដែលពួកគេធ្លាប់​បាន​ដឹង​​អំពី​ Jupiter៕

ចែករំលែក