ជោគជ័យធំ! «ឥណ្ឌាបាញ់បង្ហោះផ្កាយរណប​ ៣១គ្រឿង ក្នុងពេលតែមួយ ​ទៅកាន់គន្លង​តារាវិថី»

0

(ញូដេលី)៖ នៅថ្ងៃសុក្រនេះ ប្រទេសឥណ្ឌាបានសម្រេចការបាញ់បង្ហោះ ផ្កាយរណបចំរុះ​ចំនួន ៣១គ្រឿង តាមរយៈគ្រាប់រ៉ុក្កែតតែមួយ ទៅកាន់គន្លងតារាវិថី ដែលនេះនឹងក្លាយជាភាពជោគ​ជ័យថ្មីមួយសម្រាប់វិស័យអវកាសឥណ្ឌា ស្ថិតនៅក្នុងគោលដៅចំណាយតិច តែទទួលបាន​នូវអត្ថប្រយោជន៍ខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។

អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា ISRO បានប្រកាសកន្លងទៅនេះថា ខ្លួននឹងធ្វើការ​បាញ់​បង្ហោះ​ផ្កាយរណបសរុបចំនួន ៣១គ្រឿង ដោយប្រើប្រាស់​គ្រាប់រ៉ុក្កែតតែ ១ ប៉ុណ្ណោះទៅកាន់​គន្លងគោចរ​នៃភពផែនដី ដែលនេះជា​គំរោងធំ និងសន្សំសំចៃ​បំផុតមួយ សម្រាប់ដើម​ឆ្នាំ២០១៨ ខាងមុខ។

មន្ត្រីរបស់ ISRO បានបញ្ជាក់​កាលពីសប្តាហ៍មុនយ៉ាងដូច្នេះថា «បេសកកម្ម​ខាងលើនេះ គឺបេសកកម្មដំបូង នៃការបាញ់បង្ហោះ​ដោយប្រើម៉ាស៊ីន PSLV (Polar Satellite Launch Vehicle) បន្ទាប់​ពីការ​ទទួលបរាជ័យ លើការបាញ់បង្ហោះផ្កាយរណបកំណត់​ទីតាំង IRNSS-1H កាលពីខែសីហា​កន្លងទៅ។ បេសកកម្ម​សំខាន់លើនេះ ក៏មានផ្ទុកនូវ​ផ្កាយរណប​អង្កេតផែនដី Cartosat-2 ពីរគ្រឿងរបស់ឥណ្ឌាផងដែរ…»។

គួរបញ្ជាក់ថា ផ្កាយរណបចំនួន ២៨គ្រឿងតូចៗ ដែលត្រូវ​បាញ់បាញ់នោះ គឺបានមកពីប្រទេស​​មួយ​ចំនួន​ដូចជា ហ្វាំងឡង់ និងសហរដ្ឋអាមេរិក ហើយមួយ​ចំនួនទៀត គឺជារបស់​ឥណ្ឌាខ្លួនឯង។ ការបាញ់​ធ្វើឡើងនៅកំពង់ផែ​អវកាស Sriharikota ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh នៃឆ្នេរសមុទ្រ​ភាគអាគ្នេយ៍​ប្រទេសឥណ្ឌា៕

ចែករំលែក