ចាប់ផ្តើមមានការសង្ស័យផ្ទុះឡើង ជុំវិញការបាញ់ផ្កាយរណបសម្ងាត់បរាជ័យ ដោយ SpaceX!

0

 

(អាមេរិក)៖ ផ្កាយរណបសម្ងាត់ ​ដែលគេដឹងឈ្មោះ​ហៅក្រៅត្រឹមតែ Zuma នោះ​ត្រូវបានគេសង្ស័យថា បានបាញ់ខ្លួនដ៏​អាថ៌កំបាំង ឬអាចបរាជ័យក្រោយ​ការបាញ់បង្ហោះ ប៉ុន្តែទោះបីជា​បែបនេះក្តី វានៅតែជាចម្ងល់សម្រាប់គ្រប់គ្នា ព្រោះស្ថានប័នពាក់ព័ន្ធរបស់អាមេរិក មិនដែលបានអះអាងថា វាជាផ្ការណបសម្រាប់​​ចាប់​សញ្ញា​បាញ់មីស៊ីល, ស៊ើបការណ៍​ប្រទេសដទៃ ឬក៏ចាប់នាវាខុសច្បាប់​នៅសមុទ្រនោះឡើយ។ នេះបើតាម​ការចេញផ្សាយដោយ NDTV នាល្ងាច​ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មាន​ដែលថា​វាបរាជ័យនោះ គឺជាពាក្យ​ចចាមអារ៉ាម ប៉ុន្តែយោងទៅ​លើអាកប្បកិរិយា​​នៃក្រុមហ៊ុន SpaceX ក្រោយការបាញ់​បង្ហោះប៉ុន្មានម៉ោង​កាលពីល្ងាច​ថ្ងៃអាទិត្យ​សប្តាហ៍មុន គឺខ្លួនបានកាត់​ផ្តាច់ការផ្សាយ​បន្តផ្ទាល់តាមប្រព័ន្ធ Webcast ដើម្បីបិទបាំងរាល់​ព័ត៌មាននានា ពាក់ព័ន្ធនឹង​ប្រតិបត្តិការ Zuma ហេតុដូច្នេះ​ហើយ ទើប​គ្រប់គ្នា​​សង្ស័យថា វាបានបរាជ័យ ប៉ុន្តែទោះបីជាបែបនោះក្តី​យើងនៅតែមិនដឹងថា តើផ្កាយរណប Zuma ពេលនេះ​ស្ថិត​នៅទីណា និងមានគោលដៅ​អ្វីឲ្យប្រាកដនោះដែរ។

 

ក្រោយលេចលឺពាក្យចចាមអារ៉ាមខាងលើនេះ SpaceX ក៏បានចេញមុខមកបន្សាបផងដែរ ដោយអះអាងថា គ្រាប់រ៉ុក្កែត Falcon 9 ដែលខ្លួនបានប្រើប្រាស់​ដើម្បីបាញ់​ផ្កាយរណប Zuma គឺបាន​ធ្វើប្រតិបត្តិការ​ជាធម្មតា មិនមានជួបភាពបរាជ័យអ្វីនោះទេ។ ប្រធាន​ក្រុមហ៊ុន SpaceX លោក Gwynne Shotwell បានចេញ​សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់ ដោយ​ប្រើសម្តី​ច្បាស់ៗយ៉ាង​​ដូច្នេះថា «ដើម្បីឲ្យច្បាស់! បន្ទាប់ពីការពិនិត្យ​ឡើងវិញ​នូវទិន្នន័យ​នានា គឺ Falcon 9 បានដំណើរជាធម្មតា​កាលពីយប់​ថ្ងៃអាទិត្យ ហើយប្រសិនបើមានការរកឃើញអ្វី​បន្ថែម ទៅលើ​ការពិនិត្យ​ឡើងវិញនោះ យើងនឹងធ្វើសេចក្តីរាយការណ៍​ភ្លាម»។

គួរបញ្ជាក់ថា បើតាមព័ត៌មានអាមេរិក Time ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រោយ​ទទួលបានប្រភព​ព័ត៌មានពីមន្រ្តី​រដ្ឋាភិបាល​ចំនួន ០២រូប បានឲ្យដឹងថា ផ្កាយរណប​​ដ៏​អាថ៌​កំបាំង Zuma ដែលផលិត​ឡើងដោយក្រុមហ៊ុន​បច្ចេកវិទ្យា​ការពារជាតិ និងអវកាស​អាមេរិក Northrop Grumman បានទទួល​បរាជ័យ​ក្នុងការផ្តាច់ខ្លួន​ ចេញពី​រ៉ុក្កែត​ Falcon 9 ហើយត្រូវ​បានគេសន្មត់​ថា បែកខ្ញែកខ្ទេចខ្ទី ឬក៏បានធ្លាក់ចូល​ទៅក្នុងផ្ទៃសមុទ្រ​​បាត់​ទៅហើយ។

ផ្កាយរណប Zuma ត្រូវបានបាញ់​បង្ហោះតាម​រយៈរ៉ុក្កែត Falcon 9 ចេញពីមូលដ្ឋាន Cape Canaveral របស់កងទ័ព​​អាកាសអាមេរិក ដែលស្ថិតក្នុងរដ្ឋផ្លូរីដា កាលពីល្ងាច​ថ្ងៃអាទិត្យកន្លងទៅ (ពេលវេលា​នៅភាគ​អាគ្នេយ៍អាមេរិក) ហើយ​ពុំមាននរ​ណាបាន​ដឹងច្បាស់ ពីចេតនាពិត​នៃបេសកកម្មអាថ៌​កំបាំងនេះទេ ខណៈដែលពុំ​មានទីភ្នាក់ងារដ្ឋាភិបាល​អាមេរិក​ណាមួយ ចេញ​មុខថា​មានជាក់ពាក់ព័ន្ធ​នឹង​ខ្លួននៅឡើយដែរ៕

ចែករំលែក