បានត្រឹមតែដឹង! បន្ទុះនៃរលកសញ្ញាផ្ទួនៗគ្នា មក​ពីកាឡាក់ស៊ីដ៏សែនឆ្ងាយ អាចជាសញ្ញានៃអេលៀនឬ?

0

(អាមេរិក)៖ បន្ទុះនៃរលកវិទ្យុ​សញ្ញាជាប់ៗគ្នា ដែលពីកាឡាក់ស៊ី​ដ៏សែនឆ្ងាយមួយ ប្រហែលពុំមានជា​សញ្ញាចេញពីមកអរិយធម៌​​​របស់អេលៀន​​ឡើយ ប៉ុន្តែវាមិនអាច​រារាំងក្រុមអ្នកប្រមាញ់​រុករកជីវិតក្រៅភព មិនឲ្យស៊ើបសង្កេត​ទៅបាតុភូមិចម្លែក និងគួរឲ្យចាប់អារម្មណ៍​​នេះឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀល​ថ្ងៃចន្ទ ទី១៥​ ខែ​មករា ឆ្នាំ២០១៨។

កាលពី​ខែសីហាឆ្នាំ ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុម​នៃកម្មវិធីមួយមាន​ឈ្មោះថា Breakthrough Listen ជាមួនទុន ១០០លានដុល្លារ បានចាប់ផ្តើម​ធ្វើការតាមដានទៅលើវត្ថុមួយ​ដែលគេឲ្យឈ្មោះ​ថា FRB 121102។ វត្ថុនោះគឺជា​ឧទាហរណ៍មួយ​ នៃបន្ទុះវិទ្យុសញ្ញា​ល្បឿនលឿន​ហៅកាត់ថា FRB ដែលជាផ្លេកបន្ទោរ​ដ៏ភ្លឺចែងចាំង​អស្ចារ្យ នៃរលក​វិទ្យុសកម្ម។

អ្នកវិទ្យាសាស្រ្ត មិនទាន់​ដឹងច្បាស់​នៅឡើយទេថា អ្វីទៅជាមូលហេតុ​ដែលបង្កជា FRB ហើយវា​គឺជាហេតុផល ដែលពួកគេមាន​ចំណាប់អារម្មណ៍​ខ្លាំងទៅលើ FRB 121102 បែបនេះ។ ខណៈ FRB ដ៏ទៃទៀត ដែលត្រូវបាន​ឃ្លាំមើល សុទ្ធតែជាបន្ទុះ​តែម្តងគត់​នៃរលកសញ្ញា​វិទ្យុសកម្ម FRB មួយ​នេះ បានបញ្ចេញផ្លេកបន្ទោរ​ដ៏ភ្លឺចែងចាំងម្តង​ហើយម្តងទៀត​ឥតឈប់។

បើតាមលោក Vishal Gajjar ដែលជាអ្នកវិទ្យាសាស្រ្ត​មួយរូបនៅក្នុង​កម្មវីធី Breakthrough Listen រូបលោក​បានគិតថា លទ្ធភាព​សូម្បី​តែបន្តិចបន្តួច​ក៏ដោយ គឺពុំអាចទៅរួចនោះ​ឡើយដែល​ថា បាតុភូតខាងលើ​មានប្រភពមក​ពីជីវិតឆ្លាតវ័យ​ក្រៅភព។ ក៏ប៉ុន្តែ​ លោក Gajjar បានបញ្ជាក់ថា កម្មវីធី Breakthrough Listen ក៏ចាប់​អារម្មណ៍ ក្នុងការស្រាវជ្រាវ​ទៅលើបាតុភូត​នានា ដែលពុំទាន់​អាច​បកស្រាយបាន នៅក្នុងចក្រវាឡ​យើងផងដែរ ទោះបីជា​បាតុភូតទាំងនោះ កើតឡើងដោយ​ធម្មជាតិឯកឯង​យ៉ាងណាក្តី។

គួរជម្រាបថា មូលហេតុចម្បង​នៅពីក្រោយ ការយល់ឃើញបែប​នេះរបស់ លោក Gajjar គឺថា វត្ថុនោះ ស្ថិតក្នុងកាឡាក់ស៊ី​មួយ​នៅ​ចម្ងាយប្រមាណ ០៣ពាន់លានឆ្នាំពន្លឺពីផែនដី។ អារិយធម៌មួយ ដែលព្យាយាមធ្វើ​ការទាក់ទងទៅកាន់​អារិយធម៌មួយទៀត ប្រហែល​ជាមិនចំណាយ​កម្លាំងឥត​ប្រយោជន៍ ដើម្បីបង្កើតសញ្ញា​ដ៏មានឥទ្ធិពល​មួយឡើយ ដោយសារតែហេតុផល​សាមញ្ញបំផុត គឺពេលវេ​លា ដែលវាត្រូវការ​ដើម្បីទទួលបាន​ការឆ្លើយតប​ទៅវិញនោះ គឺយូរខ្លាំងមែនទែន​។ ឧទាហរណ៍ រលកសញ្ញាពី FRB 121102 បានចំណាយពេល ០៣ពាន់លានឆ្នាំ ដើម្បីមកដល់​ផែនដីអរិយធម៌​ដែលបានបញ្ជូនសារ​មួយនេះ ប្រហែលអាចផុត​រលត់សាប​សូន្យ​បាត់ទៅហើយ នៅពេលដែលខ្លួន​អាចទទួលការសារឆ្លើយ​តបទៅវិញ​នោះ៕

ចែករំលែក