ភាពយន្តអវកាសមានច្រើនរឿង «តែអ្នកអវកាសអាមេរិក ពេញចិត្តតែមួយប៉ុណ្ណោះ គឺ Apollo 13» ព្រោះតែ…

0

(វ៉ាស៊ីនតោន)៖ អវកាសយានិក​អាមេរិកដ៏ល្បីឈ្មោះ​មួយរូប គឺលោក Jack Lousma ជាបុរសម្នាក់ក្នុង​ចំណោមបុរស ០៦នាក់ ដែល​បានធ្វើដំណើរ​ជុំវិញផែនដី នៅលើស្ថានីយអវកាស​ដំបូងបំផុត និងតែមួយគត់​របស់​សហរដ្ឋអាមេរិក Skylab ព្រមទាំង​បាន​ចូល​រួម​ក្នុង​បេសកកម្ម Space Shuttle ទៀតផងនោះ បាន​និយាយថា ជាទូទៅរូបលោក​មិនចំណាយពេល​ឥតប្រយោជន៍ ​ដើម្បីមើល​​រឿង​​អវ​កាស​​ហូ​លី​វូដ​​ឡើយ ដោយសារ​ភាគច្រើន ពួកវាគ្មានភាព​ពិតជាក់ស្តែង លើកលែងតែ​ខ្សែភាពយន្ត​​មួយ​គត់។ នេះ​បើ​តាម​ការ​ដក​ស្រង់​​ការ​ផ្សាយចេញ​ពីវែបសាយទស្សនាវដ្តី Forbes នៅព្រឹក​ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨។

លោក Lousma បានលើក​ឡើងថា ភាពយន្ត​ទាំងនោះ​អាចនិយាយថា បានផ្តល់ការកម្សាន្ត​ដល់ពួកយើង ប៉ុន្តែពួកវា​​ពុំមែនជាអ្វី​ដែល​យើង​ហៅថា ជាវិទ្យាសាស្រ្ត និងវិស្វកម្ម​ពិតៗឡើយ។ នៅពេលត្រូវបាន​ចោទសួរពាក់ព័ន្ធ​អំពី​ភាពពិតជាក់ស្តែង នៃ​ខ្សែ​ភាព​យន្ត​អវកាសដ៏ល្បីៗ​របស់ហូលីវូដ ដូចជា «Gravity» ដែលសម្តែង​ដោយតារាឆ្នើម ​ពោពេញដោយ​ទេពកោសល្យ​ រួម​មាន​​លោកស្រី Sandra Bullock និង លោក George Clooney, ឬ រឿង «The Martian» របស់​លោក Matt Damon ដែលទាំង​ពីររឿងនេះ​សុទ្ធ​តែ​ទទួល​បាន​​ពាន​រង្វាន់ និងជោគជ័យទាំងផ្នែកហិរញ្ញវត្ថុនោះ អតីត​អវកាសយានិក​ជើងចាស់រូបនេះ បានឆ្លើយ​តបថា «អ្វីៗ​ជាច្រើន ដែលពួកគេធ្វើ​នៅក្នុងភាពយន្ត គឺពុំអាចប្រព្រឹត្ត​ទៅរួច នៅក្នុងស្ថានភាពជាក់ស្តែង​ឡើយ ប៉ុន្តែខ្ញុំយល់ថា រឿង​​ទាំងនោះ​អាច​ឲ្យ​យើង​កម្សាន្ត​​អារម្មណ៍បាន​យ៉ាងរីករាយ»។

យ៉ាងណាមិញ​ក្នុងចំណោមនោះ មានខ្សែភាពយន្ត​អវកាសមួយ ដែល​លោក Lousma ចាត់ទុកថា ​អាចជឿ​ជាក់បាន។ ខ្សែ​ភាព​យន្ត​នោះ​​មានចំណង​ជើងថា «Apollo 13» ដែលត្រូវបាន​ដាក់បញ្ចាំងក្នុងរោង​ភាពយន្ត កាលពី​ឆ្នាំ១៩៩៥ និងសម្តែង​​ដោយ​លោក Tom Hanks, លោក Bill Paxton, លោក Gary Sinise, និង លោក Ed Harris។

គួរជម្រាបថា បើតាម​លោក Lousma «Apollo13» គឺជារឿងមួយ​ដែលសម្បូរទៅដោយ​ស្ថានភាពពិតៗ ជាក់ស្តែង​ក្នុងទីអវកាស។ វា​គឺជា​ដំណើរ​រឿងនៃហេតុការណ៍​ផ្ទុះ នៅតាមផ្លូវឆ្ពោះ​ទៅកាន់ព្រះច័ន្ទ កាលពីសម័យ​ដើមដំបូង នៃបេសកកម្មរុករក​ឋានព្រះច័ន្ទ។ អ្វីៗ​ទាំងអស់ ដែលបាន​កើតឡើង នៅក្នុងខ្សែ​ភាពយន្តនោះ ពិតជាបានកើត​មានឡើង នៅក្នុង​លំហអាកាស​ជាក់ស្តែង។ វាគឺ​ជារឿង​អវ​កាស​ហូលីវូដ​ស្ទើរតែដូចការពិត​ជាងគេបង្អស់ ដែលត្រូវបាន​ផលិតឡើង។

សម្រាប់ខ្សែ​ភាពយន្តអវកាស ដែលភាគច្រើនត្រូវបាន​ចាត់ទុកថា មានភាពប្រាកដនិយម​ដែលអាច​ទៅរួចនោះ គឺភាគច្រើនត្រូវ​បានថត និងដឹកនាំសម្តែងដោយ​ក្រុមហ៊ុនល្បីៗ ព្រមទាំង​ចំណាយ​រាប់សិបលានដុល្លារ។ ប៉ុន្តែដើម្បីទាក់ទាញ​អារម្មណ៍​អ្នកទស្សនា ខ្សែវីដេអូនានា​​ត្រូវធ្វើ​ឲ្យលើស និងអស្ចារ្យជាងភាព​ជាក់ស្តែងខ្លាំងបន្តិច។ ទោះបីជាបែបនេះក្តី វានៅតែត្រូវ​អនុឡោមទៅតាម ទ្រិស្តីពិត ព័ត៌មានពិត និងមានទស្សនវិស័យទៅថ្ងៃអនាគត ដែលអាចកើតមានឡើង យ៉ាងពិតប្រាកដផងដែរ៕

ចែករំលែក