ផែនការធំៗរបស់ NASA «កំពុងដើរទៅមុខដូចអណ្តើក» ព្រោះតែខ្វះខាតការឧបត្ថម្ភជាចាំបាច់…

0

 

(វ៉ាស៊ីនតោន)៖ កាលពី​ខែកញ្ញា ឆ្នាំ២០០៩ ​គណៈកម្មាធិការ​ទទួលបន្ទុក គោលដៅ​នាពេលអនាគត នៃកម្មវីធីអវកាស​អាមេរិក បាន​ចេញផ្សាយ​របាយការណ៍​មួយរបស់ខ្លួន ដែលធ្វើការពិនិត្យ​ពិច្ច័យទៅលើ​ ផែនការនាំមនុស្ស​ទៅទីអវកាស​របស់​អាមេរិក។ លទ្ធផល​ចម្បងនៃ​របាយការណ៍នោះ គឺថាទីភ្នាក់ងារ​អវកាស NASA មានភាពមមាញឹក​ខ្លាំងពេក។ កាលពីឆ្នាំ២០០៩ អង្គការ NASA ​មានកម្មវីធី​មួយ​ឈ្មោះថា Constellation ដែលមាន​គោលដៅ​ស្នូល ធ្វើយ៉ាងណា​នាំមនុស្ស​ត្រឡប់ទៅកាន់​ឋានព្រះច័ន្ទ​ជាថ្មីម្តង​ទៀត ឲ្យបាននៅ​ឆ្នាំ២០២០ ប៉ុន្តែការ​ឧបត្ថម្ភ ដើម្បីអនុវត្តន៍​កម្មវីធីនោះ គឺមានសភាព​ខ្វះខាត​ជាខ្លាំង។

អ្វីដែលពិត​នាពេលនោះ ក៏កាន់តែពិតថែម​ទៀតនាពេលបច្ចុប្បន្ន។ ទីភ្នាក់ងារ​អវកាស NASA បាននិងកំពុត​ដុតដៃដុតជើង នៅ​ក្នុង​កម្មវីធី​ចំនួន ០៣ ដើម្បីបញ្ជូនមនុស្ស​ធ្វើដំណើរហួស​ពីគន្លង Low-Orbit របស់​ផែនដី ដោយក្នុងនោះ​រួមមាន​ ​ការអភិវឌ្ឍ​គ្រាប់រ៉ុក្កែត​ Space Launch System (SLS), យានអវកាស Orion, និងស្ថានីយ​ក្បែរឋាន​ព្រះច័ន្ទ Deep Space Gateway ដែលទើប​លេចឡើង​នា​ពេលថ្មីៗនេះ។ យ៉ាងណាមិញ កម្មវីធី​ទាំង០៣ នៅមាន​សភាពយឺតយ៉ាវ នៅតាមផ្នែក​ជាច្រើន ដោយសារតែកង្វះ​ខាត​នៃការ​ឧបត្ថម្ភ។

ជាមួយគ្នានេះ កម្មវីធីទី ៣ ដែលកម្មវិធី​ខ្នាតធំមួយ ត្រូវបានដាក់​បញ្ចូលទៅក្នុង​បញ្ជីគោលដៅ របស់ NASA ថែមទៀត។ កាលពី​ខែ​ធ្នូ​កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចេញគោល​នយោបាយអវកាស ដែលមានគោលដៅ​នាំយកអវកាស​យា​និកទៅកាន់​ឋានព្រះច័ន្ទ សម្រាប់កិច្ច​ការស្រាវជ្រាវរុករក ក៏ដូចជាប្រើប្រាស់​រយៈពេលវែង។ ទោះបីជាពុំមាន​ព័ត៌មានលម្អិត​​វែង​ឆ្ងាយក៏ដោយ គេរំពឹងថា វាអាចនឹងតម្រូវឲ្យ​មានការបោះ​មូលដ្ឋាន នៅលើឬក្រោមផ្ទៃ​របស់​ព្រះច័ន្ទ។

ដោយឡែក យោងទៅលើកម្រិត​ឧបត្ថម្ភផ្នែក​ហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន​របស់ NASA ហើយនិងកម្មវីធី​ដ៏ច្រើនទាំងនេះ ការសម្រេច​​ទៅមុខគឺជៀសមិនផុត​ពីជំហ៊ានអណ្តើក​នោះឡើយ ឬមួយក៏អាចយឺតជាង​នេះទៅទៀត។

ប៉ុន្តែមានសំណួរ​ថា តើ​ហេតុអ្វីបាន​ជា​ពុំ​មានការបង្កើន​កញ្ចប់ថវិកាឲ្យ NASA ដើម្បីគាំទ្រដល់​កម្មវីធីល្អៗទាំង​អស់នេះទៅ? វាគឺជាក្តីស្រមៃ​ដែលពិបាកនឹងសម្រេច​​ឲ្យ​បាន​ជាខ្លាំង ដោយសារតែ​បញ្ហាជាច្រើនចំណុច។ ដូច្នេះហើយក្តី​សង្ឃឹមតែមួយគត់​នោះគឺ អង្គការ NASA ត្រូវធ្វើការ​លះបង់ ដោយលុប​ចោលមហិច្ឆតា​កម្មវីធីអវកាសខ្លះ​របស់ខ្លួន ហើយផ្តោតតែ​ទៅលើ​កម្មវីធីណា ដែលខ្លួនគិតថា គួរស័ក្តិសមនឹង​ទទួលបានអាទិភាព​​ចម្បងជាងគេ។

គួរជម្រាបថា ក្នុងចំណោម​កម្មវីធីទាំង០៤ មតិភាគច្រើនយល់​ឃើញថា កិច្ចផ្តួចផ្តើមថ្មី របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុង​ការប្តេជ្ញាបញ្ជូន​អវកាសយានិកទៅកាន់​ឋានព្រះច័ន្ទ គួរតែទទួលបាន​អាទិភាពកំពូល ព្រោះតែភាពងាយហ្នឹងសម្រេចបាន ព្រមទាំងការ​ចំណាយតិច​ជាងការលោភលន់​ទៅរកភពអង្គារ ដែលជាបេសកកម្ម​ធំធេង៕

ចែករំលែក