តើការកកើតនៃប្រហោងខ្មៅ «Black Hole» មាន​របៀបផ្សេងទៀតឬ? ពេលនេះអ្នក​វិទ្យាសាស្ត្រ​កំពុងវិលមុខ…

0

(វ៉ាស៊ីនតោន)៖ នៅពេលក្រឡេក​មើលទៅកាន់ចក្រវាឡ​ដ៏ផុតឆ្ងាយ និងសែនចំណាស់ យើងនឹង​ប្រទះឃើញ «Quasar» ជាពន្លឺដ៏​ចែងចាំង​បំផុតក្នុងលំហ ដែលទទួល​ថាមពលមក​ពីការស្រូបចូល នៃឧស្ម័នអវកាស​ទៅក្នុងប្រហោង​ខ្មៅយក្ស។ ក៏ប៉ុន្តែថា តើ​ហេតុអ្វីបាន​ជា​ប្រហោងខ្មៅ ដែលគេ​ហៅថា Black Hole នោះ អាចមានលទ្ធភាព​រីកមាឌយ៉ាងធំ​សម្បើមបែបនេះ នៅក្នុងរយៈពេល​ដ៏ខ្លី​ប៉ុណ្ណោះ​​នៃ​ព្រឹត្តិ​ការណ៍ Big Bang ដែលជាការចាប់​កំណើត​នៃចក្រវាឡនោះ?

ទ្រឹស្តីជាច្រើនបាន​កំណត់ថា ប្រហោងខ្មៅ គឺជាផលិត​ផលនៃ​ការរលាយសាប​សូន្យ នៃផ្កាយដ៏ចំណាស់ ដែលអស់ថាមពល​។ ដូច្នេះ​ហើយ វាដូចជាមិនសម​ទាល់តែសោះ ដែលយើងបាន​ប្រទះឃើញ Black Hole ធំមហិមាបែបនេះ​នៅក្នុងចក្រវាឡ មានអាយុ​កាលនៅក្មេងខ្ចីនៅឡើយ។ វាកំពុងតែធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រមានមន្ទិល និងសង្ស័យថា ការសន្និដ្ឋាន​ពីរបៀបកកើត​នៃប្រហោងខ្មៅកន្លងមក គឺអាចនឹងខុស។

ប្រាកដណាស់ លុះត្រាតែ​វាមានវីធីផ្សេងទៀត ដែល​ប្រហោងខ្មៅ​អាចកកើតឡើងបាន ក៏ថាបានដែរ។ ជំនួសឲ្យការចាប់​កំណើតពីដួងតារា ដែលមាន​អាយុកាលផុតរលត់ ថាតើគ្រាប់ពូជ​នៃប្រហោងខ្មៅ​ចំណាស់ៗ និងគួរឲ្យខ្លាច​ទាំងនេះ ប្រហែលជាអាច​ផុសឡើង​​ដោយ​ផ្ទាល់ចេញ​ពីពពក​ឧស្ម័នអវកាស នៅក្នុងដំណាក់កាល​បូងនៃចក្រវាឡ ដែរឬអត់? តើវាអាចចាប់កំណើតបាន ដោយមិនបាច់មានការផ្ទុះ នៃផ្កាយដ៏ធំមហិមា ដែរ ឬទេ?

គួរជម្រាបថា ចម្លើយអាចនឹង​ត្រូវរកឃើញ​សម្រាប់ការងឿងឆ្ងល់នេះ។ កែវយឺតអវកាស​ជំនាន់ថ្មី James Webb ដែលត្រូវបាន​​គេ​គ្រោងនឹងបាញ់ប​ង្ហោះទីអវកាស​នាឆ្នាំ២០១៩ ហើយនឹងមាន​សមត្ថភាពក្រឡេក​មើលទៅអតីតកាល​​នៃ Spacetime បានកាន់​តែ​​ជ្រៅឆ្ងាយ ជាងឧបករណ៍ទាំងឡាយ​កាលពីមុននោះ អាចនឹងរកឃើញ​ពីភស្តុតាងជាក់ច្បាស់ ពីរបៀបកកើត​របស់ Black Hole ធំ​ៗ​ទាំងនោះ។

បញ្ជាក់៖ កន្លងមកក្រុម​តារាវិទូ និងអ្នកវិទ្យាសាស្ត្រល្បីៗមួយចំនួន បានសន្និដ្ឋានថា ប្រហោងខ្មៅកើតចេញពី ​ការផ្ទុះ​នៃផ្កាយដ៏ធំមហិមា ដែលអាចមាន​ទំហំចាប់ពីប៉ុនព្រះអាទិត្យ ៣ ទៅ ៤ដងឡើងទៅ។ ការរីកមាឌ​នៃប្រហោងខ្មៅនិមួយៗ គឺដោយសារ​តែវា ធ្វើចលនាស្រូបយក​វត្ថុ​ផ្សេងដែលនៅជុំវិញវា (ចលនាស្រូបកម្ទេច)។ Black Hole ឬប្រហោងខ្មៅ ត្រូវបានចាត់ទុក​ជាព្យុះកំណាចក្នុងកាឡាក់ស៊ី ហើយ​ប្រហោងខ្មៅ​ដែលធំបំផុត នៅក្នុង​កាឡាក់ស៊ី Milky Way យើងនេះ គឺស្ថិតនៅចំ​កណ្តាល​ដើមទ្រូងកាឡាក់ស៊ី​តែម្តង៕

ប្រភពព័ត៌មាន៖ Scientific American

ចែករំលែក