ស្វែងយល់ពាក្យគន្លឹះសំខាន់ៗនៃ «វិស័យអវកាស និងវិទ្យាសាស្ត្រ» ដើម្បីបំបាត់​ចម្ងល់ជា​យូរមក​ហើយ…

0

 

(ភ្នំពេញ)៖ ដោយសារបងប្អូនមួយចំនួន នៅតែមានចម្ងល់ដូចគ្នានោះ ដូច្នេះ Cambo-Space សូមលើកយក​មេរៀនផ្នែក​​អវកាស និងវិទ្យាសាស្ត្រ​​ទាំងឡាយអំពីភពផែនដី ប្រព័ន្ធព្រះអាទិត្យ និងកាឡាក់ស៊ី​កំពុង​ទទួល​​បានការចាប់​អារម្មណ៍​ពីមួយថ្ងៃទៅ​មួយថ្ងៃ មកធ្វើការផ្សាយ​ម្តងទៀត ក៏ព្រោះតែបងប្អូន​យើងមួយចំនួន​មិនទាន់បាន​ដឹងច្បាស់ពី​ពាក្យគន្លឹះ និងអត្ថន័យ​សំខាន់ៗនៅក្នុងវិស័យនេះ​ច្បាស់នៅឡើយ ទើបវាក្លាយ​ជាឧបសគ្គរារាំងក្នុងការ​ស្វែងយល់​របស់ប្អូន និងបងៗ​ដែលស្រលាញ់​ចំណេះដឹង​បែបនេះ។ ហេតុដូច្នេះ សូមស្វែងយល់អំពី​អ្វីដែលលោកអ្នក​គួរយល់ដឹងបន្ថែមដូចខាងក្រោម៖

១. ប្រព័ន្ធព្រះអាទិត្យ៖ ជាបណ្តុំនៃ​ផ្កាយ ភព និងព្រះច័ន្ទ។ ឧទាហរណ៍​នៅក្នុងប្រព័ន្ធព្រះអាទិត្យ​យើង​មាន​ព្រះអាទិត្យ​មួយជាចំណុច​កណ្តាល ហើយមានភពធំៗ​ចំនួន០៨គោចរជុំវិញ ក្នុងនោះភពគោចរ​ជារង្វង់​ជុំវិញ​ព្រះអាទិត្យ​ដ៏កៀកជាងគេ​គឺ ភពពុធ ឯភពផែនដី​វិញនៅលេខ​រៀងទី៣។ ប្រព័ន្ធព្រះអាទិត្យ​ស្ថិតនៅក្នុង​កាឡាក់ស៊ីមួយ ដែលជាបណ្តុំ​នៃផ្កាយ និងភពរាប់ពាន់លាន ហើយដែល​ប្រព័ន្ធព្រះអាទិត្យ​ខ្លះអាចមាន​​ព្រះអាទិត្យពីរ ទៅបីផងដែរ ហើយក៏មានផ្កាយខ្លះទៀតមានតែឯងដោយអត់មានភពគោចរជុំវិញថែមទៀត។

២. ឆ្នាំពន្លឺ៖ ជាចម្ងាយ​ដែលពន្លឺអាចរត់បាន​ក្នុងរយៈពេលមួយឆ្នាំផែនដី។ ក្នុងន័យនេះគឺសំដៅ​ទៅលើ​ការ​យកពន្លឺមកធ្វើ​ជារង្វាស់​ចម្ងាយ ដែលនៅពេល​រយៈចម្ងាយ​ដ៏សែនឆ្ងាយពេក គេត្រូវប្តូរទៅ​ប្រើជាឆ្នាំពន្លឺ ជំនួសឲ្យ​​គីឡូម៉ែត្រ ឬម៉ៃល៍។ មួយឆ្នាំពន្លឺ​មានចម្ងាយ​ស្នើនឹង ៩.៤៦១,០០០,០០០,០០០,០០០ គីឡូម៉ែត្រ។

៣. ព្រះច័ន្ទ, ភពរណប, និងភពបម្រុង៖ ព្រះច័ន្ទ ឬភពរណប​អាចចាត់ចូលក្នុង​ចង្កោមតែមួយ ព្រោះជា​ផ្កាយរណប​ធម្មជាតិ ដែលគោចរ​ជុំវិញភពមេ​របស់វា ប៉ុន្តែការប្រើប្រាស់​ពាក្យព្រះច័ន្ទ​គឺត្រូវជាង ហើយព្រះច័ន្ទ​នីមួយៗ​ក៏មានឈ្មោះ​របស់វាដែរ ដូចជាព្រះច័ន្ទ​ផែនដី​មានឈ្មោះ Lunar ជាភាសាអង់គ្លេស ឬខ្មែរហៅថាព្រះខែ ឬលោកខែជាដើម។ សម្រាប់​ភពបម្រុង គឺជាកូនភព ឬភពតូច​មិនគ្រប់លក្ខណៈ ថែមទាំង​ងាយរងគ្រោះ​ដូចជា ស៊ីរ៉ែស វែស្តា ភ្លុយតូ អ៊ីរីស ហូមៀ អូរគូស និង សាលាស្យា​ជាដើម។

៤. បរិយាកាស៖ សំដៅទៅ​លើឧស្ម័ន ធូលី និងម៉ូលេគុល​ផ្សេងៗ​ដែលស្រោប​នៅជុំវិញផ្ទៃ ភព ព្រះច័ន្ទ ឬផ្កាយមួយ​។ ភពមាន​បរិយាកាស​មានន័យថា វាមានខ្យល់ និងឧស្ម័នផ្សេងៗព័ទ្ធជុំវិញដោយចលនា​កញ្ជ្រោល​ពី​តិចទៅខ្លាំង ដូចជាភពសុក្រ​មានពពក និងកំហាប់​បរិយាកាស​ក្រាស់, ភពផែនដី​មានបរិយាកាស​ក្តៅល្មមៗ និងសើបថែម​ទាំងមានពពកកញ្ជ្រោល​ពីតិចទៅមធ្យម, ព្រះច័ន្ទទីតាន​មានបរិយាកាស​ក្រាស់ និងត្រជាក់​ខ្លាំង, ភពពុធអត់​មានបរិយាកាសទេ, ព្រះច័ន្ទរបស់យើងអត់មាន​បរិយាកាសទេ, ភពសុក្រ-សៅរ៍- អ៊ុយរ៉ាណុស-ណិបទូន មានបរិយាកាសតែអត់មានស្រទាប់រឹង (ដី ថ្ម ឬទឹក) ​សម្រាប់ជាន់​ឡើយ។

៥. រយៈពេលគោចរ៖ ផែនដីវិលជុំវិញ​ខ្លួនឯងមួយជុំ​ស្មើនឹង​២៤ម៉ោង (មួយថ្ងៃ) ហើយគោចរ​ជុំវិញ​ព្រះអាទិត្យ​មួយជុំ​ស្មើនឹង ៣៦៥ថ្ងៃ (មួយឆ្នាំ)។ រយៈពេលគោចរនៃភព​ទាំងអស់គឺខុសគ្នា ឧទាហរណ៍​ភពពុធនៅ​ជិតព្រះអាទិត្យ​​បំផុត​ប្រើប្រាស់ពេល​វេលាគោចរមួយជុំ​តែជាង ៨៨ថ្ងៃរបស់ផែនដីប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ភពភ្លុយតូចដែលនៅឆ្ងាយជាងគេ គឺរហូតដល់ជាង ២៦០ឆ្នាំទើបបានមួយជុំព្រះអាទិត្យ។ សម្រាប់​ការវិល​ជុំវិញខ្លួន​ឯងវិញក៏ខុសគ្នា​ដែរ ដូចជា​ភពព្រហស្បតិ៍​វិលលឿន គឺមួយថ្ងៃ​របស់វាមានតែ ១០ម៉ោងប៉ុណ្ណោះបើធៀបនឹងផែនដី ប៉ុន្តែភពសុក្រវិលយឺតបំផុតគឺមួយថ្ងៃរបស់វា​យូរជាងមួយឆ្នាំរបស់វា៕

ចែករំលែក