អស្ចារ្យមែន! អ្នកវិទ្យាសាស្ត្រឥតក្របខណ្ឌ «អាចរកឃើញ​ភពថ្មីៗ» តាមរយៈ​ទិន្នន័យពី Kepler!

0

(អាមេរិក)៖ ប្រព័ន្ធផ្កាយ​មួយមានភព​ចំនួន ០៥ ត្រូវបាន​រកឃើញ ដោយក្រុមអ្នក​វិទ្យាសាស្រ្ត​ស្ម័គ្រចិត្ត នៅក្នុងរបកគំហើញ​គួរឲ្យ​ភ្ញាក់​​ផ្អើលមួយ ហើយវាក៏អាច​មានវត្តមាន​ភពទី ៦ ផងដែរ។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញ​ពី​សារព័ត៌មាន Independent នៅ​រសៀល​ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

តាមរយៈការចូល​រួមទ្រង់ទ្រាយធំ ពីសំណាក់ក្រុម​អ្នកវិទ្យាសាស្រ្ត​ស្ម័គ្រចិត្ត មកពីគ្រប់ទិសទី​ជុំវិញពិភពលោក ប្រព័ន្ធផ្កាយ​មាន​ឈ្មោះ​ថា K2-138 ដ៏ឆ្ងាយមួយ ត្រូវបាន​គេប្រទះឃើញ ដោយវាគឺជាជម្រក​នៃភពយ៉ាងតិច​ចំនួន ០៥ ដែលជា​ប្រភេទគេ​ហៅថា «Mini ឬ Sub Neptune» មានទំហំ​ចន្លោះទំហំភពផែនដី និងភពណិបទូន នៅចម្ងាយ ៦២០ឆ្នាំពន្លឺ ពីភពពណ៌ខៀវ​របស់យើង។

ក្រុមគ្រួសារ​នៃភពអេលៀន (ក្រៅប្រព័ន្ធព្រះអាទិត្យ) ខាងលើនេះ ត្រូវបាន​គេរកឃើញ បន្ទាប់ពីក្រុម​អ្នកស្រាវជ្រាវ បានសម្រេច​បើក​​​​ចំហគម្រោង ដែលស្វាគមន៍​អ្នកវិទ្យាសាស្រ្តមក​ពីគ្រប់ទិស ដើម្បីមកជួយ​ពិនិត្យមើល​ទិន្នន័យ ដែលប្រមូល​បាន​ពីកែវ​យឺត​​អវ​កាស​​ប្រមាញ់​ភព Kepler ក្នុងរយៈ​ពេល ០៣ឆ្នាំ ទៅលើផ្កាយ​ជាង ២៨០,០០០ដួង។

ក្នុងរយៈពេលត្រឹម ៤៨ម៉ោងប៉ុណ្ណោះ ក្រោយពីគម្រោង​ខាងលើត្រូវបាន​ចាប់ផ្តើម អ្នកស្ម័គ្រ​ចិត្តជាង១០,០០០នាក់ បានធ្វើការ​​ចូល​រួម ​ហើយ​រយៈពេល​ ០៣យប់កន្លងផុតទៅ ប្រព័ន្ធ K2-128 ក៏ត្រូវបានរកឃើញ ដោយវាគឺជាលើកទី​មួយហើយ ដែលប្រព័ន្ធ​ផ្កាយ​ផ្ទុក​ភពក្នុងចំនួន​ច្រើនបែបនេះ ត្រូវបានប្រទះ​ឃើញទាំងស្រុង តាមវីធីសាស្រ្ត​នៃការជួយពីមហាជន​យ៉ាងដូច្នេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែម គឺភពដែល​ត្រូវបានរកឃើញ និងកំនត់ទីតាំង​បានទាំងអស់​មាន ភពទំហំប្រហាក់​ប្រហែលភពព្រហស្បតិ៍​ចំនួន ៤៤ភព, ភពទំហំប្រហាក់​ប្រហែល​ភពណិបទូន​ចំនួន ៧២ភព, ភពទំហំប្រហាក់​ប្រហែល​ផែនដីចំនួន ៤៤ភព និងភពផែនដី​យក្ស ដែលមានទំហំ​ធំជាងផែនដី និងតូចជាងណិបទូន​សរុប ៥៣ភព៕

ចែករំលែក