តើព្រះអាទិត្យយើង «អាចក្លាយជា​ប្រហោងខ្មៅ ឬ Black Hole» ដែរឬទេ? តោះ! ធ្វើការស្វែងយល់…

0

(បរទេស)៖ ចម្លើយខ្លីគឺ «មិនអាចនោះទេ» ចំពោះព្រះអាទិត្យ​របស់យើង ក្នុងការវិវឌ្ឍន៍ខ្លួន​ទៅជាប្រហោងខ្មៅនោះ។ ផ្កាយមាន​ទំហំប៉ុនព្រះអាទិត្យ ឬប្រហាក់​ប្រហែលនេះ (មុខកាត់ ១.៣៩១៤លានគីឡូម៉ែត្រ) ត្រូវបានអ្នក​វិទ្យាសាស្ត្រ​អះអាងថា មិនអាចវិវឌ្ឍន៍​ខ្លួនទៅជា Black Hole នោះឡើយ ដែលវា​មានន័យថា ផ្កាយប្រភេទ​ដូចយើងនេះ ពេលដល់អាយុ នឹងផ្ទុះស្លាប់​សាបសូន្យ​ដោយ​សន្តិវិធីតែម្តង។ នេះបើតាមការ​ដកស្រង់ការផ្សាយ ចេញពី​វែបសាយអប់រំ​វិទ្យាសាស្ត្រ Curiois Astro នៅល្ងាចថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។

 

ទោះបីជាយ៉ាងណា​ក៏ដោយ ព្រះអាទិត្យមិនអាចបន្ត​រក្សាសន្តិសុខ​ដល់ផែនដី ក្នុងរយៈពេល​យូរអង្វែងទៀត​នោះឡើយ ដោយនៅរយៈពេល ៤.៥ពាន់លាន​ឆ្នាំទៀត ព្រះអាទិត្យ នឹងវិវឌ្ឍន៍ខ្លួន​ទៅជាផ្កាយយក្ស​ដ៏ធំអស្ចារ្យ ហើយសន្ធឹង​អណ្តាតភ្លើង​របស់វា រហូតដល់​គោចរភព​ផែនដី។ នៅចំណុចនេះ ផែនដីនឹងកាន់តែ​ក្តៅខ្លាំង រហូតក្លាយជានរកភ្លើង ដែលគ្មានជីវិតណាមួយ អាចកកើតបានទៀតនោះឡើយ ឬអាចនឹងត្រូវព្រះអាទិត្យលេបបាត់។

តាមការគណនា​របស់អ្នកវិទ្យាសាស្ត្រ​ជាច្រើន យើងមិនចាំបាច់​ត្រូវរកចាំដល់ពេលនោះ​ឡើយ​ ដោយគ្រាន់តែសំឡឹង​មើលស្ថានភាពនា​ពេលបច្ចុប្បន្ននេះ អនាគតដ៏ខ្លី​របស់មនុស្សនាពេល​ខាងមុខ​នឹងមិន​ប្រាកដថា អាចរស់នៅសុខសាន្ត​បានឡើយ ព្រោះតែកំណើន​ប្រជាជន ជំងឺអាក្រក់ៗ និងការអភិវឌ្ឍ​អាវុធប្រល័យ​លោក​ដោយមហាអំណាចនានា ប្រាកដនឹងបង្ក​គ្រោះមហន្តរាយដ៏កម្រោល ដែលមិនអាចទប់ស្កាត់​បានជាក់ជាមិនខាន។

គួរបញ្ជាក់ថា នៅក្នុងដែន​ចក្រវាឡដែលឥតមានដែនកំណត់ ​ពួកយើងអាចមើលឃើញ មានវត្តមានកាឡាក់​ស៊ី​ប្រមាណ​ជិត ១០០ពាន់លាន​កាឡាក់ស៊ី។ សរុបមក កាឡាក់ស៊ី​របស់យើង គឺជាជម្រករបស់​ផ្កាយ​ប្រមាណ ១០០ពាន់លានដួង និងប្រហោងខ្មៅ ១០០លានកន្លែង។ សម្រាប់ប្រហោងខ្មៅ​ធំជាងគេ​ស្ថិតនៅ «ចំកណ្តាល​នៃកាឡាក់ស៊ី មៀលគីវេយ៍ នេះតែម្តង» ដែលមានទំហំធំជាង​ព្រះអាទិត្យយើង ៤.១លានដង និងមានចម្ងាយ ២៦,០០០ឆ្នាំពន្លឺពីផែនដី។

ចំណុច​សំខាន់បន្ថែម៖ កាឡាក់ស៊ី​របស់យើង មាន​ផ្ទុកប្រហោងខ្មៅ​ប្រភេទ Stellar-Mass ប្រមាណជា ១០០លាន ដែល Black Holes ទាំងនោះ​កើតចេញពី​ការរលំរលាយ នៃ​របស់ផ្កាយដ៏ធំៗ​មហិមា ដែលជាទូទៅមាន​ម៉ាស់ធំជាងព្រះអាទិត្យ ចន្លោះពី ០៥ដង រហូតដល់រាប់សិបដង និងលានដងផងដែរ។ ប្រហោងខ្មៅពិតជាមានច្រើន ប៉ុន្តែស្ថិតនៅឆ្ងាយណាស់ រហូតដល់ទៅរាប់ពាន់ឆ្នាំពន្លឺពីផែនដីឡើងទៅ (១ឆ្នាំពន្លឺ = ៩.៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ» ហេតុដូច្នេះ ទោះផែនដីត្រូវរលាយរាប់សិបដងទៀត ក៏ប្រហោងខ្មៅ​មិនទាន់ធ្វើដំណើរមកដល់ផង៕

 

ចែករំលែក