ទីបំផុតចិនបំបែកកំណត់ត្រា! ២០០ថ្ងៃរស់នៅ​ក្នុង​យានគំរូ ដែលមាន​លក្ខណៈស្រដៀងឋានព្រះច័ន្ទ!

0

(ប៉េកាំង)៖ មនុស្សប្រុស-ស្រីសរុបចំនួន០៣នាក់ បានស្ម័គ្រចិត្ត​ដើម្បីចំណាយ​ពេលប្រមាណ ២០០ថ្ងៃ នៅក្នុងមន្ទីរពិសោធន៍​អវកាស​​​មួយកន្លែង នៃទីក្រុងប៉េកាំង ដែលមានលក្ខខណ្ឌស្ថានភាពស្រដៀងទៅនឹងឋានព្រះច័ន្ទ ហើយវាគឺជា​កំណត់ត្រាពិភពលោកថ្មី ​សម្រាប់ការស្នាក់​នៅរបៀបបែបនេះ បានយូរជាង​គេបង្អស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​​ល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

ក្រុមនិស្សិតផ្នែកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Beihang ដែលជាក្រុមទីពីរ​នៃអ្នកស្ម័គ្រ ក្នុងការស្នាក់នៅក្នុង​មន្ទីរពិសោធន៍ Yuegong-1 ដែលមានឈ្មោះមួយទៀតថា Lunar Palace 1 (វិមានព្រះច័ន្ទ) នោះ នាថ្ងៃសុក្រនេះ បានបញ្ចប់ដំណាក់កាលទីពីរ នៃ​បេស​កកម្ម​ពិសោធន៍លើផ្ទៃដី ដែលមានរយៈពេលសរុបទាំងអស់៣៦៥ថ្ងៃ ឬមួយឆ្នាំ។

 

ដោយឡែក ក្រុមអ្នកស្ម័គ្រចិត្តទីមួយ ដែលកាលពីមុនបានធ្វើការស្នាក់នៅ ក្នុងមន្ទីរពិសោធន៍ខាងលើ សម្រាប់រយៈពេល​៦០​ថ្ងៃ បានចូលមកស្នាក់នៅក្នុងទីនោះជាថ្មីម្តងទៀតនាថ្ងៃដដែលនេះ ជំនួសក្រុមទីពីរ ដើម្បីចាប់ផ្តើមដំណាក់កាលទីបី ជាដំណាក់កាល​ចុងក្រោយ ដែលនឹងមានរយៈពេល១០៥ថ្ងៃ។

កិច្ចការពិសោធន៍ខាងលើនេះ ត្រូវបានរចនាឡើង ក្នុងគោលបំណងត្រួតពិនិត្យមើលថាតើ ប្រព័ន្ធទ្រទ្រង់ជីវិតហៅកាត់ថា BLSS មាន​ដំណើរ​ការ​បែប​ណានៅក្នុងបរិស្ថាន ដែលមានស្ថានភាពដូចនៅលើឋានព្រះច័ន្ទ ព្រមទាំង​អង្កេត​ទៅលើ​លក្ខ​ខណ្ឌ​ទាំង​ផ្នែក​រូប​រាង​កាយ​​និង​​សតិ​​អារម្មណ៍​​របស់​​មនុស្ស​លោកយើង នៅក្នុងបរិស្ថានបែបនេះ។ ម៉្យាងវិញទៀត ទឹកនិងចំនីអាហារ អាចច​ត្រូវ​ធ្វើ​ការ​កែ​ច្នៃ​ឡើង​វិញ​បាន​នៅក្នុងប្រព័ន្ធនេះ ដែលស្របពេលជាមួយគ្នា វាក៏បង្កើតជាបរិស្ថានមួយដែលដូចទៅនឹងភពផែនដីផងដែរ។

គួរជម្រាបថា ជោគជ័យខាងលើរបស់ចិន បានបំបែកកំណត់ត្រា ដែលបង្កើតឡើងដោយការពិសោធន៍របស់​​អតីតសហភាព​សូវៀត (រុស្ស៊ី​បច្ចុប្បន្ន)​ ដែលនាពេលនោះមនុស្ស០៣នាក់ បានចំណាយពេល១៨០ថ្ងៃ ស្នាក់នៅក្នុងបរិស្ថានអេកូឡូស៊ីបិទជិត ស្រដៀងគ្នា កាលពីដើម​ទសវត្សរ៍៧០៕

ចែករំលែក