មកដល់ហើយៗ! បាតុភូតព្រះច័ន្ទក្រហម «Blood Moon» នឹងកើតឡើង​នៅយប់ថ្ងៃទី៣១ ខែមករា (កម្ពុជាអាច​មើល​ឃើញ)

0

 

(អាមេរិក)៖ នៅយប់ថ្ងៃទី៣១ ខែមករា ពោលគឺថ្ងៃពុធ​សប្តាហ៍នេះ បាតុភូត​តារាសាស្រ្ត​ដ៏សែនអស្ចារ្យ​ហើយកម្រមួយ នឹងលេច​ឡើង​​ជា​លើកដំបូង នៅក្នុងអំឡុង​ពេលប្រមាណ ១៥០ឆ្នាំ កន្លងទៅនេះ ដោយសារតែ​វាមានផ្ទុកនូវព្រឹត្តិការណ៍​ ទាក់ទិននឹងព្រះច័ន្ទ​ដល់​ទៅ​ ០៣តំណាក់កាលខុសៗគ្នា ដែលកើត​មានឡើងក្នុងពេល​តែមួយ​តែម្តង។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​ចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។

នៅខាន​ស្អែកនេះ ព្រះច័ន្ទរបស់យើង នឹងក្លាយជាព្រះ​ច័ន្ទយក្ស ដែលគេ​ហៅថា Super Moon ពីព្រោះវា​នឹងស្ថិតនៅចំណុច​កៀក​​នឹងផែនដី​បំផុត នៃគន្លងរបស់វា ដែលមាន​ន័យថា​ព្រះច័ន្ទ នឹងលេចឡើង​ធំជាងធម្មតា ០៧ភាគរយ និងភ្លឺជាង​ធម្មតា ១៤ភាគរយ។ ម៉្យាងវិញ​ទៀត នៅថ្ងៃដដែល​នេះ វាក៏នឹងក្លាយជា​ព្រះច័ន្ទខៀវ ដែលគេ​ហៅថា Blue Moon ផងដែរ (គ្រាន់ជាឈ្មោះ​ប៉ុណ្ណោះ​ ព្រះច័ន្ទនឹង​​ពុំលេច​ចេញពណ៌​ខៀវឡើយ) ដោយសារ​វានឹងជាព្រឹត្តិការណ៍​ព្រះច័ន្ទពេញ​វង់​​លើកទីពីរ នៅក្នុង​ខែមករានេះ។ ​

មិន​ទាន់​អស់​​នោះឡើយ ​លោកខែ ដែលពួកយើង​ភាគច្រើន នឹងមើលឃើញ​នាថ្ងៃពុធ​សប្តាហ៍នេះ ក៏នឹងមាន​ពណ៌ក្រហម ដែលគេ​ហៅថា Blood Moon ផងដែរ ដោយសារតែ​ព្រឹត្តិការណ៍​ច័ន្ទគ្រាស​ដ៏កម្រមួយ ដែលនឹងជះស្រមោល​ក្រហមដូច​លោហិត ទៅលើផ្ទៃ​របស់​​ព្រះច័ន្ទ​។

គួរជម្រាបថា អ្នកដែលស្ថិត​នៅភាគខាងលិច​ប្រទេស​កាណាដា ​ព្រមទាំងរដ្ឋ​កាលីហ្វញ៉ា រដ្ឋអាឡាស្កា និងរដ្ឋហាវ៉ៃ​របស់​​សហរដ្ឋ​អាមេរិក ក៏ដូចជាប្រទេស​អូស្រ្តាលី ហើយនិងតំបន់​អាស៊ីខាងកើត នឹងអាចមើល​ឃើញព្រឹត្តិការណ៍ដ៏កម្រនេះ ​ប្រសិន​បើ​លក្ខខណ្ឌ​អាកាសធាតុ អំណោយផល​នាពេលនោះ។ ដោយឡែក​​នៅតាមតំបន់​ដទៃទៀត ដូចជាកម្ពុជាជាដើម ក៏អាចមើលឃើញដែរ ប្រសិនបើ​អាកាសធាតុអំណោយផលនាល្ងាច ឬព្រលប់ថ្ងៃពុធ នៅពេលដែលព្រះខែទើបរះ នាយប់ថ្ងៃ១៥ កើត ចំថ្ងៃមាឃបូជាតែម្តង។

បើមើល​តាមកាលវិភាគ ដែលអ្នកវិទ្យាសាស្ត្រ​​បានរៀបចំឡើង នោះគឺ​ប្រទេស​​កម្ពុជាអាចមើល​ឃើញ Blood Moon ពេញលេញ​នៅ​ភាគឦសាន​ដូចជាខេត្ត មណ្ឌលគិរី និងរតនៈគិរី​ជាដើម។ ដោយឡែក​សម្រាប់បណ្តាខេត្ត​ផ្សេងទៀត ក៏អាចមើល​ឃើញ​ផងដែរ តែមិនសូវជា​ពេញលេញនោះឡើយ ហើយវាប្រាកដ​ណាស់ថា ទាល់តែ​មេឃ​ស្រឡះស្អាត ទើបយើងអាចមើលបាតុភូត​ដ៏កម្រ ដែល ១៥០ឆ្នាំ មកហើយទើបមាន​ម្តងទៀតនេះ

ចែករំលែក