មិនមែនជាភព Alien អ្វីនោះទេ! នេះគឺភពផែនដី​យើង​ផ្ទាល់តែម្តង… តើស្ថិតនៅ​ប្រទេស​ណា?

0

(រុស្ស៊ី)៖ គ្រាន់តែឃើញ​រូបភាពទាំងឡាយនេះ អ្នកប្រាកដ​ជាគិតថា ជារូបភាពប្រឌិត​ដោយកុំព្យូទ័រ ឬក៏ការស្រមើស្រមៃ​អំពីភពផ្សេង (ភពអេលៀន) ប៉ុន្តែតាម​ការពិតទៅ វាគឺជាភាពពិតមួយ នៃបាតុភូតធម្មជាតិ​នៅលើ​ភពផែនដីយើង ដែលស្ថិត​នៅតំបន់ដ៏ដាច់​ស្រយាលមួយ ត្រូវការតែអ្នក​ដែលប៉ងប្រាថ្នា និងភាពតស៊ូជម្នះដើម្បីទៅដល់។

 

កុំបាច់មាន​មន្ទិលយូរធ្វើអ្វី តំបន់ដែលលោក​អ្នកឃើញនៅក្នុងរូបភាព​ទាំងអស់នេះ គឺស្ថិតនៅ​​ក្នុងតំបន់ ស៊ីប៊ឺរី ដែលតំបន់ដ៏ត្រជាក់ខ្លាំងមួយ​លើផែនដី ស្ថិតនៅមួយកំណាត់ខាងកើត នៃ​ប្រទេសរុស្ស៊ី ហើយបើយើង​មើលលើផែនទី បឹងនោះវាមានទីតាំងស្ថិតនៅ​ភាគខាងត្បូង ប្រទេស​រុស្ស៊ីតែម្តង ដែលត្រូវបាន​គេដឹងថា ជាទីវាលសំបូរ​ទៅដោយព្រិលធ្លាក់​ស្ទើរគ្មានសល់​កន្លុកកន្លៀត​នោះឡើយ​នារដូវរងារ អំឡុងចុងឆ្នាំ និងដើមឆ្នាំនីមួយៗ។

 

ទិដ្ឋភាពដែល​លោកអ្នក​ឃើញនេះ គឺស្ថិតនៅបឹង Baikal នៃតំបន់ស៊ីប៊ឺរី ដែលតែងតែកក និងបញ្ចេញ​ទិដ្ឋភាព ដូចជាមានការគេក្រាល​កម្រាល​ពេជ្រធំៗ នៅលើផ្ទៃវាល​ព្រិលពណ៌ស ចាំងព្រិចៗ​ដោយចំណាំងពន្លឺ​ព្រះអាទិត្យ ចាប់ពីអំឡុងខែធ្នូ ដល់ខែឧសភារៀង​រាល់ឆ្នាំ។ បើមើលមួយ​ភ្លែកអ្នកនឹងឆ្ងល់ថា តើហេតុអ្វីទៅក៏វាចម្លែកបែបនេះ? តែបើមើលយូរ​បន្តិច​ទៀត​បងប្អូន​មួយចំនួន​ អាចនឹងគិតថា វាប្រាកដជាការស្រមៃ​ទៅរកភពផ្សេង​ទៅវិញ។

អ្វីដែលជា​ការពិត រូបដ៏កម្រទាំង​អស់ មិនមែនចេះតែកើតឡើង​ជារៀងរាល់ឆ្នាំ​នោះឡើយ ហើយវា​មានពេល និងទីតាំង​ដែលត្រូវកើតឡើង​នៅក្នុងបឹង Baikal។ រូបភាព​ទាំងនេះ​ត្រូវបាន​ថតដោយអ្នកថត​រូបដ៏ល្បីជនជាតិរុស្ស៊ី គឺលោក Alexey Trofimov កាលពីអំឡុង​ដើមឆ្នាំ២០១៥ កន្លងទៅ ដើម្បីជាការ​ទាក់ទាញទេសចរ​បរទេស​ជាពិសេស​ជនជាតិនានានៅ អាស៊ី និងអឺរ៉ុប ទៅទស្សនា​ភាពអស្ចារ្យ នៃធម្មជាតិ ដែលស្ទើរ​តែគ្មានពីរ។

គួរបញ្ជាក់ថា នៅក្នុង​បឹង Baikal មានកោះទេសចរ​ផងដែរ ដែលកោះនោះ​មានឈ្មោះថា Olkhon Island រួមមាន​សណ្ឋាគារ និងកន្លែងកម្សាន្ត​​ជាច្រើននៅលើនោះ ដែលបាន​ និងកំពុងទាក់ទាញអ្នក​ទេសចរពី រុស្ស៊ី អឺរ៉ុប ចិន និងកូរ៉េ​ជាដើម​ទៅទស្សនា​ជារៀង​រាល់ឆ្នាំ ជាពិសេស​អំឡុងខែមករា ដល់​ខែឧសភាតែម្តង៕

 

ចែករំលែក