អង្គការ NASA «កំពុងតាមរកផ្កាយរណប ដែលបានបាត់ខ្លួន ១៣ឆ្នាំមុន» ក្រោយពីមានតំរុយ…

0

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA កំពុងតែព្យាយាម​ធ្វើការទាក់ទង​ ទៅកាន់ផ្កាយរណប​មួយ​គ្រឿង ដែល​ខ្លួនបាន​បាត់កាលពីជាងមួយទសវត្សរ៍​មុនមកម្ល៉េះ ក្រោយពីវា​ត្រូវបានរក​ឃើញដោយ​អ្នកតារាសាស្រ្ត​ធម្មតាៗម្នាក់​ថា ប្រហែលជាអាច​នៅ​​ដំណើរការ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។

អង្គការ NASA បានឲ្យ​ដឹងតាម Twitter ថា «ពួកយើងកំពុង​តែប៉ុនប៉ង​ភ្ជាប់ការទាក់ទង​ទៅនឹងផ្កាយ​រណប IMAGE តាមរយៈ​មជ្ឈម​មណ្ឌលទាក់ទង​យានអវកាស​អាមេរិក Deep Space Network បន្ទាប់ពីតារាវិទូ​មិនពេញ​ជំនាញម្នាក់ (Amateur Astronomer) បាន​​រាយការណ៍​ឲ្យដឹងថា បានប្រទះឃើញ​សញ្ញារបស់ផ្កាយ​រណបនោះ កាលពីពាក់កណ្តាល​ខែមករានេះ»។

គួរជម្រាបថា ផ្កាយរណប​ខាងលើ ដែលមានឈ្មោះ​ពេញថា Imager for Magnetpause-to-Aurora Global Exploration ត្រូវបាន​គេ​បាញ់​បង្ហោះ​តាំងតែពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០០ ខណៈមូលដ្ឋាន​នៅលើភពផែនដី បានបាត់បង់ទំនាក់ទំនង​​ជាមួយវាដោយ​ឥត​រំពឹង​​ទុកកាល​ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៥៕

ចែករំលែក