បាតុភូតពន្លឺអូរ៉ូរ៉ា នៅប៉ូលផែនដី «Aurora or Northern Lights» ត្រូវបាន​រូបវិទូអវកាសអាមេរិក បកស្រាយ​ឡើងវិញ…

0

(វ៉ាស៊ីនតោន)៖ រូបវិទូផ្នែកអវកាស​របស់​សហរដ្ឋអាមេរិក បានចេញផ្សាយ​ព័ត៌មានលម្អិត​ ស្តីពីបាតុភូត​ដ៏ចម្លែកមួយ ដែលជា​ប្រភព​​នៃ​ថាម​ពល​​ពន្លឺអូរ៉ូរ៉ា ដែលគេ​ហៅថា Northern Lights នៅប៉ូល​របស់ផែនដី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។

ដំណើរការរូបវិទ្យា​ដែលគេ​ហៅថា Magnetic Reconnection អាចឲ្យនិយមន័យ​តាមរបៀប​សាមញ្ញថា គឺជាការរួមបញ្ចូលគ្នា​នូវ​ដែន​ម៉ាញេទិច ដែលបញ្ចេញ​ថាមពលក្នុងបរិមាណ​ដ៏ខ្លាំងក្លា គួរឲ្យភ្ញាក់ផ្អើល។ ​​ក្រុមការងារ​នៃការស្រាវជ្រាវ​ខាងលើ បានធ្វើការ​សិក្សា​​ទៅលើកំណត់ត្រា​​កាលពីខែតុលា ឆ្នាំ២០១៦ នៅពេលដែល​ផ្កាយរណប Magnetosphere Multi-scale ដែលសិក្សា​ទៅលើ​តំបន់ Magnetosphere របស់​ផែនដី បានហោះឆ្លង​កាត់ពីលើ​ចំណុច ដែលព្យុះ​ព្រះអាទិត្យ (Solar Wind) មកប៉ះជួបជាមួយ​ដែនម៉ាញេទិក​​របស់​ភពផែនដី។

លោក Jan Egedal ដែលជាអ្នកដឹកនាំ​ក្រុមការងារនេះ បានលើក​ឡើងថា «ទិន្នន័យ​របស់យើង បង្ហាញយ៉ាង​ច្បាស់ថា អេឡិចត្រុង​ភ្លាមៗស្រាប់តែបានផ្អាក​មិនធ្វើចលនាតាម​ដែនម៉ាញេទិច​នោះឡើយ ហើយបែរ​ទៅរកទិសដៅ​ផ្សេងទៀត ដែលនេះវា​ទាមទារឲ្យ​មាន​ការបក​ស្រាយ​​ឲ្យបានច្បាស់​លាស់។»

បើតាមលោក Jan Egedal សកម្មភាព​នេះ​បាន​បញ្ជាក់ថា ទ្រឹស្តី Magnetic Reconnection ពិតជាត្រឹមត្រូវ ​​​​​ប៉ុន្តែវាបានរំលោភ​ទៅលើ បទដ្ឋានទ្រឹស្តី​ដែលកំណត់ខុសត្រូវ​ ទៅលើអាកប្បកិរិយា​របស់ធាតុ Plasma ជាភាគល្អិតផ្ទុក​ចរន្តថាមពល ដែលបង្កើត​ចេញជាព្យុះ​​ព្រះអាទិត្យ Solar Wind ជាដើម។ លោក Egedal បាន​និយាយថា បើ​តាម​ទ្រឹស្តី Plasma Frozen-in Law ចែងថា​ អេឡិចត្រុង និង​ដែនម៉ាញេទិច ត្រូវបានធ្វើចលនា​ជាមួយគ្នា​ជានិច្ច តែ​សម្រាប់​ករណីនេះ វាមិនដូច្នោះ​ឡើយ។

គួរជម្រាបថា មកទល់​ពេលនេះ ទ្រឹស្តី Magnetic Reconnection ត្រូវបានគេដឹង​ថា មានជាប់ទាក់ទង​តែជាមួយ​ប្រហោង​ខ្មៅ (Black Hole, ផ្កាយបញ្ចេញ​រលកវិទ្យុសញ្ញាអេឡិច​ត្រូម៉ាញេទិច ដែលគេហៅថា Pulsar, បន្ទុះ Supernova ហើយនិងតំបន់​នៅចំកណ្តាល​​កាឡាក់ស៊ី​នីមួយៗ ដែលគេ​ហៅថា Galactic Nuclei ប៉ុណ្ណោះ)៕

ចែករំលែក