(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសពីគម្រោងមហិច្ឆតាដ៏ធំមួយ ដែលនឹងដាក់គោលដៅឲ្យប្រទេសចិន ប្រែក្លាយខ្លួនជាអ្នកដឹកនាំពិភពលោក នៅក្នុងផ្នែកវិទ្យាសាស្រ្ត និងនវានុវត្តន៍ (ភាពច្នៃប្រឌិត) នៅក្នុងរយៈពេល ៣០ទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសេចក្តីណែនាំមួយ ប្រកាសដោយក្រុមប្រឹក្សារដ្ឋចិនឲ្យដឹងថា រដ្ឋាភិបាលនឹងផ្តោតសំខាន់ ក៏ដូចជានឹងផ្តល់អាទិភាពទៅលើ គម្រោងបង្កើតគំនិតថ្មី និងការសាងសង់មន្ទីរពិសោធន៍រដ្ឋ ដែលមានគុណភាពខ្ពស់ៗបន្ថែមទៀត ព្រមទាំងបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ដែលពោរពេញដោយទេពកោសល្យ ក៏ដូចជាជំរុញការដោះដូរចំណេះដឹង និងបទពិសោធន៍ជាមួយអន្តរជាតិ ហើយបង្កើនមូលនិធិពីប្រភពនានាថែមទៀត។
សេចក្តីណែនាំខាងលើ បានលើកឡើងដូច្នេះថា «យើងគួរតែស្ថាបនាប្រទេសជាតិរបស់យើង ឲ្យក្លាយទៅជាមជ្ឈមអន្តរជាតិដ៏សំខាន់មួយ នៃវិស័យវិទ្យាសាស្រ្ត និងនវានុវត្តន៍ ឲ្យបាននៅពាក់កណ្តាលសតវត្សរ៍នេះ។ នាអំឡុងពេលខាងមុខ ការសម្រេចបានផ្សេងៗក្នុងផ្នែកវិទ្យាសាស្រ្ត នឹងត្រូវបង្កើតឡើង ហើយយើងនឹងមានចំនួនអ្នកវិទ្យាសាស្រ្តកំពូលៗជាច្រើនរូបថែមទៀត»។
គួរបញ្ជាក់ថា បច្ចេកវិទ្យាអវកាសធំៗរបស់មហាយក្សចិន ដែលបានសម្រេចចេញគួរឲ្យកត់សម្គាល់នោះ គឺការបញ្ជូនយានដំបូងទៅចុះចត និងស្រាវជ្រាវលើឋានព្រះច័ន្ទ, ការកសាងបានសម្រេចនូវតេឡេស្កូបយក្សសម្រេចអង្កេតផ្កាយ និងភពដែលអាចមានជីវិត, និងគំរោងសាងសង់ស្ថានីយអវកាសដោយខ្លួនឯង ដែលនឹងសម្រេចចេញជាស្ថាពរ នៅឆ្នាំ២០២០ ខាងមុខនេះ។
ប្រទេសចិនហាក់ប្រឹងបោះជំហានខ្លាំង ព្រោះតែវិស័យបច្ចេកវិទ្យាអវកាសនេះ នឹងជួយច្រើនដល់មហាយក្សលេខ ១ នៅអាស៊ីនេះ បង្កើនអានុភាពរបស់ខ្លួនលើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិ ហើយវានឹងរួមចំណែកធំដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបម្រើសេវាបច្ចេកវិទ្យាអវកាស ដល់ប្រទេសដទៃៗ ដូចជាការផលិតផ្កាយរណប បាញ់បង្ហោះផ្កាយរណប និងការជួយសេវាកម្មផ្សេងៗទៀតផងដែរ៕