HOT NEWS: ពិតជា​អស្ចារ្យមែន! «ក្រុមភពក្រៅកាឡាក់ស៊ី Milky Way» ត្រូវបានរកឃើញ​ជាលើកដំបូងបំផុត…

0

(ហ៊ូស្តុន)៖ ក្រុមការងារូបវិទូ​ផ្នែកតារាសាស្រ្ត​មកពីសាកលវិទ្យាល័យ Oklahoma បានរក​ឃើញ​ភពអេលៀន​មួយក្រុម ស្ថិតនៅ​​ក្រៅ​​កាឡាក់ស៊ី​ Milky Way របស់យើង។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែ​កុម្ភៈ ឆ្នាំ២០១៨។

តាមរយៈការប្រើប្រាស់​វិធីសាស្រ្ត Micolensing ជាបាតុភូត​តារាសាស្រ្តមួយ និងជាមធ្យោបាយ​មួយ ដែលគេដឹងតែ​មួយគត់ ដែល​​ផ្តល់លទ្ធភាព​សម្រាប់ការស្វែងរកភពនានា ដែលស្ថិតនៅ​ចម្ងាយយ៉ាងសែនឆ្ងាយពីផែនដី ក្រុមអ្នកស្រាវជ្រាវ​ខាងលើ បាន​រក​ឃើញ​ភពអេលៀន នៅក្នុងកាឡាក់ស៊ី​ដ៏ធំៗមហិមា នៅភពទាំងនោះ​មានទាំងទំហំ​ប៉ុន​ព្រះច័ន្ទ​របស់យើង រហូតដល់​​ភពព្រហស្បតិ៍​ (Jupiter)។

ដោយឡែក សាកលវិទ្យាល័យ​ខាងលើ បានអះអាងថា ពីមុនមកពុំធ្លាប់​មានភស្តុតាងបង្ហាញ​ពីវត្តមានភព នៅក្នុងកាឡាក់ស៊ីដទៃ​​ទៀតនោះឡើយក្រៅពី Milky Way ដោយការសិក្សា​របស់ខ្លួន គឺជាលើក​ដំបូងបំផុត ដែលបានរកឃើញ​ភស្តុតាង​បែបនេះ។

គួរបញ្ជាក់ថា តាំងពីដើម​ឡើយ អ្នកវិទ្យាសាស្ត្រ និងក្រុមតារាវិទូ ត្រឹមតែអាចរកឃើញ​ភព​ដែល​ស្ថិតនៅក្នុងកាឡាក់ស៊ី​យើងនេះប៉ុណ្ណោះ ដោយពួកវាអាចមាន​ចម្ងាយចាប់ពីរាប់រយ ទៅរាប់ពាន់ឆ្នាំពន្លឺ​ពីភពផែនដី។ ប៉ុន្តែលើកនេះ គឺជាភពស្ថិតនៅក្រៅ​កាឡាក់ស៊ី ដែលមានចម្ងាយ​ចាប់ពី​រាប់ម៉ឺនឆ្នាំពន្លឺពីផែនដីយើង​ឡើង​ទៅឯណោះ។

 

សម្រាប់ក្រុមភព​ខាងលើនេះ គឺមិនទាន់មាន​ការបញ្ជាក់​អ្វីបន្ថែម ឬក៏​រៀបរាប់ពីលក្ខណៈ នៃផ្កាយ ដែលពួកវា​​កំពុងគោចរជុំវិញនោះឡើយ។ ដោយឡែក​វិធីសាស្ត្រកន្លង​មក ដែលគេអាចរក​ភពឃើញនោះ គឺតេឡេស្កូបយក្ស​ពីលើផែនដី និង កែវយឺតអវកាស​នានា ដែលត្រូវបានបាញ់បង្ហោះ​ទីកាន់ទីអវកាស៕

ចែករំលែក