(វ៉ាស៊ីនតោន)៖ យានរុករកភពព្រះអង្គារ Curiosity បានថតរូបស៊ែលហ្វី Selfie មួយប៉ុស្តិ៍ ដ៏ស្រស់ស្អាត និងអស្ចារ្យនៅលើជម្រាល Vera Rubin Ridge ដែលជាតំបន់មួយឆ្ពោះទៅរកកំពូលភ្នំ Mount Sharp ដែលមានកម្ពស់រហូតដល់ទៅ ៥.៥គីឡូម៉ែត្រ ឯណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានវិទ្យាសាស្ត្រ និងអវកាស Space នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបថតស៊ែលហ្វីថ្មី ដែលអង្គការ NASA ទើបតែបញ្ចេញជាពណ៌ធម្មជាតិនោះ បានបង្ហាញអំពីការបំពេញការងារយ៉ាងលំបាកលំបិន របស់យានអវកាស Curiosity ដែលមានរយៈពេលខ្ទង់ ០៦ឆ្នាំមកហើយ នៅលើផ្ទៃភពក្រហម ដែលសំបូរដោយធូលីមួយនេះ ហើយយាននេះក៏កំពុងតែធ្វើដំណើរសន្សឹមៗ ទៅរកតំបន់កំពូលភ្នំ Mount Sharp ដើម្បីថតរូប និងសិក្សាស្រាវជ្រាវអ្វីថ្មីៗបន្ថែម នៅទីនោះផងដែរ។
សម្រាប់រូបមួយប៉ុស្តិ៍បែប Selfie នេះយាន Curiosity បានថតតាំងតែពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅត្រង់ជម្រាលភ្នំកម្ពស់ ៣០០ម៉ែត្រ ស្ថិតនៅចំកណ្តាលនៃបឹងយក្ស Gale Crater ដែលយាន Curiosity បានធ្វើការថតរូបកាលពីប៉ុន្មានខែមុនរួចមកហើយនោះ អំពីស្ថានភាពទូទៅជាច្រើន និងដាមនៃទឹក ដែលធ្លាប់មាន។
គួរបញ្ជាក់ថា យានរុករក Curiosity បានធ្វើការចុះចតនៅលើបាតបឹង Gale Crater កាលពីខែសីហា ឆ្នាំ២០១២ ហើយក៏បានចាប់ផ្តើមធ្វើការសិក្សានៅតំបន់ជើងភ្នំ Mouth Sharp តាំងពីខែកញ្ញា ឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន។ អ្វីដែលសំខាន់ បាននាំឲ្យអ្នកវិទ្យាសាស្ត្រ ធ្វើការសិក្សាអំពីសណ្ឋាននៃបឹងយក្ស Gale Crater នោះគឺ ស្នាមដិតដាម នៃវត្តមានទឹក ដែលធ្លាប់មានកាលពីរាប់រយ រាប់ពាន់លានឆ្នាំមុន ប៉ុន្តែថា តើកត្តាអ្វីដែលបង្កឲ្យវាសាបសូន្យទៅដូចសព្វថ្ងៃ គឺនៅតែជាចម្ងល់ ដែលយាន Curiosity អាចនឹងបំបែក។
ចំណុចសំខាន់៖ ភពអង្គារ គឺទីតាំងមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ ដែលក្រុមអ្នកវិទ្យាសាស្ត្ររាប់ទសវត្សរ៍មកហើយ មានការសង្ស័យថា ជាទីតាំងអាចធ្លាប់មានផ្ទុកជីវិត នៅក្នុងទម្រង់ណាមួយ ឬយ៉ាងហោចណាស់ ភពនេះធ្លាប់មានបរិយាកាស និងផ្ទៃទឹកគ្របដណ្តប់លើស្រទាប់លើនៃភព ដូចនឹងផែនដីបច្ចុប្បន្នដែរ។ អ្នកវិទ្យាសាស្ត្របានធ្វើការសន្និដ្ឋានជាច្រើនមូលហេតុមកហើយ ប៉ុន្តែចម្លើយជាក់លាក់ គឺមានតែការសិក្សាស្រាវជ្រាវ និងរុករកភស្តុតាងដោយផ្ទាល់តែប៉ុណ្ណោះ ទើបគ្រប់គ្នាអាចទទួលយកបាន៕