មានអ្វីពិសេស? អាចម៍​ផ្កាយធំមួយ ទើប​ហោះឆ្លងកាត់ផែនដី ក្នុងល្បឿន​លឿន​មិនធ្លាប់​មាន…

0

 

(អាមេរិក)៖ បើតាមទីភ្នាក់ងារ​អវកាស​អាមេរិក NASA ដុំថ្មអវកាសមួយ​​​ដែលធ្វើដំណើរ​ក្នុងល្បឿន​យ៉ាងលឿន បានហោះ​មកក្បែរ​ផែនដីកាល​ពីវេលាព្រឹក​ថ្ងៃចន្ទនេះ នៅរយៈចម្ងាយ​ប្រហែល ៤.២លានគីឡូម៉ែត្រ​ឯណោះ​ពីភពរបស់យើង ប៉ុន្តែអ្វីដែលគួរ​ឲ្យចាប់​អារម្មណ៍​នោះ គឺថាវា​មានល្បឿន​ប្រមាណ ១២២,៣១០គីឡូម៉ែត្រក្នុងមួយម៉ោង​ លឿនជាងអាចម៍ផ្កាយភាគច្រើន​ផ្សេងទៀត។ នេះបើតាម​ការ​​​ដក​ស្រង់ការផ្សាយ​ចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

អាចម៍ផ្កាយ​ខាងលើនេះ មានឈ្មោះ​សម្គាល់ថា 2002 AJ129 ហើយខណៈដែល​វាត្រូវបានចាត់​ថ្នាក់ជាវត្ថុ ដែលអាចបង្កគ្រោះថ្នាក់​​​ដោយ​អង្គការ NASA យ៉ាងណាក្តី ក្រុមមន្រ្តីនៃ​ទីភ្នាក់ងារអវកាសអាមេរិក បានអះអាងថា ​តាមពិត​ដុំថ្មអវកាស​មួយនេះ នឹង​មិនបង្ក​​ការ​​គំរាមកំហែងខ្លាំង​ គួរឲ្យព្រួយបារម្ភ​ដល់ភពរបស់យើងឡើយ ទោះបីជាមួយ​សតវត្សរ៍ទៀតក៏ដោយ។

គួរជម្រាបថា អាចម៍​ផ្កាយនានា​ត្រូវគេចាត់ថ្នាក់​ថា អាចបង្កគ្រោះថ្នាក់ គឺប្រសិន​បើពួកវាមាន​មុខកាត់លើស​ពីប្រវែង ១៤០ម៉ែត្រ ​ហើយ​ស្ថិតនៅ​ក្នុងរយៈចម្ងាយ ៤.៦៥លាន​គីឡូម៉ែត្រ​ ពេលហោះ​កាត់ផែនដី ខណៈ 2002 AJ129 គឺជាអាចម៍​ផ្កាយមាន​មុខកាត់​ប្រវែង​ចន្លោះពី ០.៥ ទៅ ១.២គីឡូម៉ែត្រ ដែលត្រូវបាន​រកឃើញជាលើកដំបូង​ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០០២។

ចំណុចសំខាន់៖ សម្រាប់ក្រុមឃ្លាំមើល​វត្ថុអវកាសជិតៗផែនដីរបស់ NASA តែងតែធ្វើការ​អង្កេត​ជាប់ជានិច្ច ជាពិសេសនោះ​គឺអាចម៍ផ្កាយ ដែលមានទំហំមុខ​កាត់ចាប់ពីរាប់រយ​​ម៉ែត្រឡើងទៅ ដែលវាអាច​នឹងបង្កគ្រោះធំ ដល់ភពផែនដី​របស់យើង ក្នុងករណី​​ចលនារបស់វា មានភាពមិន​ទៀតទាត់​នោះ។

បើតាមអ្នក​វិទ្យាសាស្ត្រ អាចម៍ ឬកម្ទេចថ្ម​អវកាសតូចៗ តែងតែធ្លាក់​មកលើផែនដី​ជារៀងរាល់ថ្ងៃ ប៉ុន្តែភាគ​ច្រើននៃពួកវា បាន​ធ្លាក់ទៅក្នុង​មហាសមុទ្រ ឬខ្លះទៀត​រលាយនៅក្នុង​បរិយាកាស មុននឹងធ្លាក់ដល់​ផ្ទៃដីទៅទៀត ដូច្នេះវាមិន​បានបង្កការព្រួយបារម្ភ​អ្វី​ជាដុំកំភួននោះ​ឡើយ៕

ចែករំលែក