យន្តហោះលឿន​ផុតលេខ​របស់ NASA នឹងហោះហើរក្នុងឆ្នាំ២០២១! វាមាន​ចំណុច​ពិសេស​ច្រើន​ណាស់…

0

(វ៉ាស៊ីនតោន)៖ ក្រោយពីបាន​ធ្វើការស្រាវជ្រាវ​ អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​ទីបំផុតទីភ្នាក់ងារ​អវកាសអាមេរិក NASA បានបញ្ចប់ការ​ធ្វើ​តេស្តក្នុង​មន្ទីរពិសោធន៍ សម្រាប់យន្តហោះ​មហាលឿន ដែលអាចឈាន​ដល់កម្រិត​ល្បឿន Supersonic ដោយមិនឲ្យមាន​សំឡេង​​​បន្ទុះ​ នៃការបំបែក​រនាំងសំឡេង (Sound Barrier) ឡើយ ហើយជំនួស​មកវិញនូវយ៉ាង​ស្ងាត់ និងស្រាលស្រទន់។ នេះបើតាមការ​ដក​ស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ការត្រួតពិនិត្យ​ និងការរចនាជាជំហ៊ាន​ដំបូង ​សម្រាប់យន្តហោះ​បែបវិទ្យាសាស្រ្តនេះ បានបញ្ចប់​ការធ្វើតេស្ត នៅក្នុងរូងបំពង់​ខ្យល់មួយ​មាន​​ទំហំ ២.៥ម៉ែត្រ x ២.០ម៉ែត្រ កាលពី​ខែមករា ដើមឆ្នាំ​មុន នៅឯមជ្ឈមណ្ឌល​ស្រាវជ្រាវ Glenn ក្នុងទីក្រុង Cleveland នៃរដ្ឋ Ohio។ ការ​សាកល្បង​ដោយជោគជ័យ​នេះ បានបើកផ្លូវ​សម្រាប់​ឲ្យអង្គការ NASA បន្តអនុវត្តន៍​ផែនការ ក្នុងការធ្វើតេស្ត​យន្តហោះនេះ នៅក្នុង​​ការហោះ​ហើរ​ពិតប្រាកដ​តែម្តង។

គួរជម្រាបថា យន្តហោះដឹកអ្នក​ដំណើរល្បឿន​លឿន Concorde ដែលអភិវឌ្ឍន៍​រួមគ្នាដោយអង់គ្លេស​ និងបារាំង មានសមត្ថភាព​​ដឹក​ជញ្ជូនអ្នកដំណើរ​ពីទីក្រុងឡុងដ៍​ ទៅកាន់ទីក្រុង​ញូយ៉ក ដោយប្រើពេលត្រឹម ៣.៥ម៉ោងប៉ុណ្ណោះ ជំនួសឲ្យ​ពេល​វេលាហោះ​ហើរ​ទូទៅ​ពី ០៧ ទៅ ០៨ម៉ោង។

យ៉ាងណាមិញ សំឡេងលាន់លឺ​យ៉ាងខ្លាំងក្លា​របស់យន្តហោះ នៅអំឡុងពេល​ហោះឡើង ព្រមទាំងនៅលើ​ផ្ទៃ​អាកាស ​នៃតំបន់​មានមនុស្ស​រស់នៅច្រើន បានបណ្តាលឲ្យ​មានការ​ប្រតិកម្មតវ៉ា ក្រោមហេតុផល​នៃការបំពុល​សំឡេង និងការ​ដាក់​​បម្រាមមិនឲ្យ Condorde មិនឲ្យធ្វើការ​ហោះហើរ នៅលើដែនអាកាស​នៃតំបន់​ទាំងនោះ។

ដោយឡែក គោលដៅ​ចម្បងរបស់ យន្តហោះ​ប្រភេទ QueSST នេះវិញ គឺធ្វើយ៉ាងណា​ហោះហើរក្នុង​ល្បឿន Supersonic ប៉ុន្តែ​បញ្ចេញ​សំឡេងស្ងាត់​ស្រទន់ ជាជាងការបំពង​សំឡេងលាន់​ដូចគ្រាប់បែក ក្នុងពេល​ធ្វើដំណើរ។ ដំណាក់កាល​បន្ទាប់នៃកម្មវិធី​យន្ត​ហោះ QueSST គឺជួល​ក្រុមហ៊ុនមួយ ឲ្យផលិតយន្តហោះ​សម្រាប់ការសាកល្បង ជាមួយ​គោលដៅថា នឹងអាចហោះហើរ​បាន​​នៅ​​ឆ្នាំ២០២១៕

ចែករំលែក