(វ៉ាស៊ីនតោន)៖ ផ្កាយរណបរបស់ទីភ្នាក់ងារអវកាស NASA ដែលបានបាត់ដំណឹង អស់រយៈពេលជាច្រើនឆ្នាំ និងទើបត្រូវបានប្រទះឃើញវិញនោះ ហាក់ដូចជានៅផ្ទុកថ្មដែលមានថាមពល និងស្ថិតក្នុងសភាពល្អធម្មតានៅឡើយទេ ពោលគឺទំនងជាពុំទាន់ខូចទាំងស្រុងនោះឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងបន្ថែមពី NASA ជុំវិញស្ថានភាពនៃផ្កាយរណបនេះ ដកស្រង់ដោយវែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ការឲ្យដឹងខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃទី២០ ខែមករាកន្លងទៅ អ្នកតារាសាស្រ្តធម្មតាៗមិនពេញជំនាញម្នាក់ ឈ្មោះលោក Scott Tilly បានប្រទះឃើញរលកសញ្ញា ដែលទំនងជាចេញពីផ្កាយរណប IMAGE របស់អង្គការ NASA ដែលបាត់ការទាក់ទង តាំងតែពីឆ្នាំ២០០៥ មកម្ល៉េះ។ នៅពេលដល់ថ្ងៃទី៣០ ខែដដែល NASA បានបញ្ជាក់ទទួលស្គាល់ថា វាជារលកសញ្ញារបស់ IMAGE ពិតមែន ប៉ុន្តែកាលនោះ NASA ជាបឋមបានឲ្យដឹងថា វាបានឈប់ដំណើរការបាត់ទៅហើយ។
ដោយឡែក ដោយសារការនៅបន្តតាមដាន NASA ក៏បានរកឃើញថា ផ្កាយរណប IMAGE ហាក់ដូចជាអាចនៅមានដំណើរការល្អ និងកំពុងបន្តវាយតម្លៃពីចម្ងាយមើលថា តើស្ថានភាពរបស់វា នៅល្អកម្រិតណា។ បើតាមសេចក្តីថ្លែងការណ៍របស់ NASA ជំហ៊ានបន្ទាប់ទៀត គេនឹងព្យាយាមបញ្ឆេះសាកល្បងនូវឧបករណ៍វិទ្យាសាស្រ្ត ទាំងប៉ុន្មាន ដែលនៅលើផ្កាយរណបនោះ តែអាចត្រូវប្រើពេលយូរបន្តិច ទើបដឹងលទ្ធផល។
គួរជម្រាបថា ផ្កាយរណប IMAGE ត្រូវបានបាញ់បង្ហោះកាលពីខែមីនា ឆ្នាំ២០០០ ដើម្បីបំពេញបេសកកម្មរយៈពេល ០២ឆ្នាំ ក្នុងការសិក្សាក៏ដូចជាតាមដានទៅលើតំបន់ ដែនម៉ាញេទិចប៉ូល (Magnetosphere) ដែលទាក់ទងនឹងដែនម៉ាញេទិច ព្រមទាំងពន្លឺអារ៉ូរ៉ាប្រាំពីពណ៌ នៅប៉ូលរបស់ផែនដី។
IMAGE បានធ្វើប្រតិបត្តិការ លើសពីរយៈពេលគ្រោងទុកទៅទៀត ពោលគឺដល់ឆ្នាំ២០០៥ នៅពេលដែល NASA បានដាច់ការទាក់ទងជាមួយវា ហើយបេសកកម្មក៏ត្រូវបានបញ្ចប់៕