តើ NASA បញ្ចេញប្រតិកម្មបែបណា ​ចំពោះរថយន្ត Tesla ដែល SpaceX ទើបបាញ់ទៅ​ភពអង្គារ…?

0

(អាមេរិក)៖ ជាការពិតណាស់ តាំងពីអតីតកាល​រហូតមកដល់​បច្ចុប្បន្ន ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រ​នានា របស់ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បានធ្វើការ​អង្កេត​ជាប់ជាប្រចាំ​ទៅលើទិន្នន័យគ្រប់យ៉ាង​នៅលើមេឃ ដោយក្នុងនោះរួម​មានភពទាំង ០៨ នៃប្រព័ន្ធ​ព្រះអាទិត្យ និងព្រះច័ន្ទនានា​របស់ភពទាំងអស់នោះ, អាចម៍ផ្កាយ ៧៥៥,០០០ដុំ, និង​ផ្កាយដុះកន្ទុយ​ប្រមាណ ៣,៥០០ខ្សែផងដែរ។

ប៉ុន្តែឥឡូវនេះ គឺ NASA ត្រូវថែមវត្ថុមួយទៀតហើយ សម្រាប់បេសកកម្មអង្កេត​របស់ខ្លួន នោះគឺ​រថយន្ត Tesla Roadster ដែលជាវត្ថុមាន​តម្លៃមួយរបស់​មហាសេដ្ឋី និងជាស្ថាបនិក​ក្រុមហ៊ុនអវកាស​ឯកជន SpaceX លោក Elon Musk ដែលត្រូវបាន​បាញ់បង្ហោះ ដើម្បីតេស្ត​គ្រាប់រ៉ុក្កែតដ៏ខ្លាំង​មហិមា​ជាងគេលើលោក។ នេះបើ​តាមការ​ដកស្រង់​ការផ្សាយ​របស់ CNN នាព្រឹក​ថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។

មិនថា​តែអង្គការ NASA មួយនោះ​ឡើយ សូម្បីតែទីភ្នាក់ងារអវកាស​ផ្សេងៗ ដែលកំពុងតែ​​សកម្មខ្លាំង​ដូចជា ចិន ឥណ្ឌា អឺរ៉ុប និងរុស្ស៊ីផងដែរ សុទ្ធតែកំពុង​សម្លឹងមើលមិន​ដាច់ភ្នែក​នោះទេ ចំពោះការវិវឌ្ឍ​ទៅមុខយ៉ាងលឿន​របស់ SpaceX ជាពិសេសនោះ គឺការផលិតគ្រាប់រ៉ុក្កែត​កម្លាំងខ្លាំងលើសគេ​បានសម្រេច និងធ្វើតេស្ត​តាមរយៈការដឹកនាំ​រថយន្ត Tesla របស់​លោក Musk ទៅកាន់ទីអវកាស​ដោយជោគជ័យ កាលពីដើម​ខែកុម្ភៈ។

១. តើអ្វីទៅបានកើត​ឡើងចំពោះ Tesla ដែល SpaceX បាញ់ទៅ​ទីអវកាស? នៅក្នុង​រថយន្តនេះ គឺមានផ្ទុកមនុស្ស​ជ័រអវកាសមួយ និងស៊ុតប៉ុន្មាន​គ្រាប់ផងដែរ។ វិស្វករជំនាញ​របស់ SpaceX គឺលោកស្រី Lauren Lyons បាន​និយាយថា «អ្នកក៏អាច​មើលឃើញ​អ្នកដំណើរដ៏តូច​មួយផងដែរ ដែលវាគឺជាអ្នកធ្វើដំ​ណើរដ៏សែនក្តៅ និងបាននាំយកជាមួយ​នូវ Starman ផងដែរ»។

បន្ថែមពីខាងលើនេះ​ទៀតថា រថយន្ត Tesla ក៏ត្រូវបានចាត់​ទុកជានាវា​មួយគ្រឿង «Arch» ដែលបានផ្ទុកឧបករណ៍​ត្រីវិស័យ និងអក្សររបស់ លោក Isaac Asimov បូក​រួមទាំង​ឈ្មោះ​របស់​បុគ្គលិក​ក្រុមហ៊ុន SpaceX ទាំងជាង ៦,០០០នាក់ ទៅក្នុងឧបករណ៍​ផ្ទុក​ឯកសារ​នៅក្រោមរថយន្ត​នោះតែម្តង។ សម្រាប់ SpaceX រថយន្ត Tesla គ្រាន់តែ​ជាវត្ថុមួយ ​ដែលផ្តល់អត្ថន័យធំធេង​សម្រាប់ក្រុមហ៊ុន​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់ NASA វិញ Tesla គឺត្រូវបានចាត់​ទុកជាវត្ថុ​អវកាស ដែលត្រូវតែនាំគ្នា​តាមដានមិនឲ្យដាច់ពីក្រសែភ្នែក​ឡើយ។

អ្នកនាំពាក្យ​របស់ NASA គឺ​លោក Dwayne Brown បាន​អះអាងថា «យើងដឹង​ពីរូប​រាង​នៃវត្ថុនោះ​ច្បាស់ហើយ ហេតុដូច្នេះយើងនឹងមិនច្រឡំវាថា ជាអាចម៍ផ្កាយ​​ដែលនឹងត្រូវ​រក​ឃើញ​នៅថ្ងៃអនាគត​នោះទេ»។ អ្វីដែល​សំខាន់គឺ NASA ចាត់​ទុកថា Tesla ជាវត្ថុអវកាស​ដែល​នៅកៀកផែនដីខ្លាំង​ទៅហើយ ប៉ុន្តែសូមកុំបារម្ភ ព្រោះឱកាស​ដែលវាអាចត្រឡប់​មកវិញ ឬបុកផែនដីនោះ គឺតិចតួចស្តួចស្តើង​ខ្លាំង​ណាស់។

២.​ តើអ្វីទៅ​ជារឿងបន្ទាប់ ដែលក្រុមហ៊ុន SpaceX ត្រូវធ្វើ? ពិតណាស់​សម្រាប់​តារាវិទូ និងអ្នកវិទ្យាសាស្ត្រ តែងតែប្រើប្រាស់​ចានតេឡេស្កូបមួយ សម្រាប់រុករក និងអង្កេត​វត្ថុអវកាស​នានា ហើយសម្រាប់​ការអង្កេត​ទៅលើ Tesla វិញក៏ត្រូវ​ប្រើវិធីនេះដែរ។ NASA បានចាត់​ទុក​ Tesla ចូលទៅក្នុងបញ្ជី​វត្ថុអវកាសផ្លូវការរបស់ខ្លួនបាត់ទៅហើយ ដោយវាមានលេខសម្គាល់ -143205, SpaceX Roadster (spacecraft) (Tesla)។

ជាក់ស្តែង​គ្រាន់តែប៉ុន្មានថ្ងៃ​ក្រោយការបាញ់​បង្ហាញប៉ុណ្ណោះ ក្រុមអង្កេត​របស់ NASA បានចាប់​បានរូបភាព​របស់ Tesla ដែលប្រៀបបី​ដូចជាកូនដុំថ្មអវកាស​មួយដុំ នៅកៀកនឹង​ភពផែនដី។ SpaceX ក៏កំពុងតែតាម​ដានវា ដូចគ្នាដើម្បីឲ្យ​ប្រាកដច្បាស់ថា Tesla នឹងទៅដល់​ភពអង្គារ ហើយនិងកន្លែង​ផ្សេងៗទៀត ទៅតាមការ​គ្រោងទុក។ ដូច្នេះ​ចម្លើយ​នៃចម្ងល់​នានា នឹងត្រូវរង់ចាំ​ពេលដូចគ្នា ក្នុងការបក​ស្រាយ៕

ចែករំលែក