(វ៉ាស៊ីនតោន)៖ បើយោងតាមការសិក្សាថ្មីមួយ ព្រះអាទិត្យ ដែលជាដុំបាល់ភ្លើងផ្តល់កម្តៅ និងពន្លឺឲ្យភពផែនដី ប្រហែលជានឹងថយចុះសីតុណ្ហភាពខុសប្លែកពីធម្មតា នៅឆ្នាំ២០៥០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ដោយផ្អែកលើការវិភាគតាមដានយ៉ាងដិតដល់ ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យរដ្ឋកាលីហ្វរញ៉ា (University of California) ដែលស្ថិតក្នុងរដ្ឋទីក្រុងសេនឌីអេហ្គោ (San Diego) មានជំនឿជឿជាក់ខ្ពស់ថា បាតុភូត «Grand Minimum (នៅពេលវដ្តព្រះអាទិត្យបញ្ចេញសកម្មភាពតិចតួចជាងធម្មតា)» នឹងកើតមានឡើងនៅប៉ុន្មានទសវត្សរ៍ខាងមុខ ដោយនាពេលនោះព្រះអាទិត្យ នឹងថយចុះសីតុណ្ហភាព ០៧ភាគរយ។
គួរជម្រាបថា បាតុភូត Grand Minimum នឹងបណ្តាលឲ្យថយចុះសីតុណ្ហភាពនៅលើភពរបស់យើង។ ក្នុងអំឡុងនៃបាតភូត Grand Minimum កាលពីពាក់កណ្តាលសតវត្សរ៍ទី១៧ ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា Maunder Minimum នោះ សីតុណ្ហភាពលើផែនដីបានចុះត្រជាក់ខ្លាំង រហូតធ្វើឲ្យទន្លេ Thames នៅចក្រអង់គ្លេសក្លាយជាទន្លេទឹកកកបាន។ ប៉ុន្តែការចុះត្រជាក់នេះ នឹងកើតឡើងដូចគ្នាទូទាំងពិភពលោកឡើយ ដោយតំបន់ខ្លះចុះត្រជាក់ ខ្លះទៀតនៅមានកម្តៅដដែល។
ចំណុចពិសេស៖ អ្នកវិទ្យាសាស្ត្រធ្លាប់បានអះអាងថា តំបន់នានាលើភពផែនដី និងលិចលង់ដោយសារតែកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់ ហើយបាតុភូតនេះ គឺបង្កឡើងដោយការកើនឡើងកម្តៅ នៃភពផែនដី ដែលអាចនឹងអាក្រក់ខ្លាំងនៅឆ្នាំ២០៥០ឡើងវិញ។ ប៉ុន្តែសំនួរសម្រាប់ពេលនេះ គឺថាតើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើព្រះអាទិត្យ ពិតជាថមថយកម្តៅដូចក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការសិក្សាមែននោះ?
សម្រាប់ចម្លើយគឺមានតែ «ការទន្ទឹងរង់ចាំ» ប៉ុន្តែសូមបងប្អូនជ្រាបជាចំណេះដឹងថា ព្រះអាទិត្យពិតជាមានឥទ្ធិពលខ្លាំងណាស់ មកលើភពផែនដី ហើយពេលខ្លះកម្តៅកើនឡើងខ្លាំងនៅលើភពផែនដី មិនមែនបង្កឡើងដោយបរិយាកាសផែនដី ដែលពោពេញដោយឧស្ម័នពុល C02 ឬការកាប់បំផ្លាញព្រៃឈើទាំងស្រុងនោះឡើយ ប៉ុន្តែវាអាចបណ្តាលមកពីវត្តន៍នៃព្រះអាទិត្យ និងការបំភាយកម្តៅឡើងចុះ នៃដុំបាល់ភ្លើងដ៏ធំអស្ចារ្យនេះផងដែរ៕