ច្បាស់ហើយ! «ថវិកា ២០ពាន់លាន​ដុល្លារ​របស់ NASA ផ្តោត​សំខាន់លើ​​បេសកកម្ម​ទៅឋាន​ព្រះច័ន្ទ»

0

(វ៉ាស៊ីនតោន)៖ សំណើកញ្ចប់​ថវិកាឆ្នាំ២០១៩ សម្រាប់​អង្គការ NASA បានកំណត់​ជាផ្លូវការឲ្យ​ទីភ្នាក់ងារអវកាស​នេះ ប្រគល់កិច្ចការ​ទាក់ទងនឹង​សកម្មភាពបញ្ជូន​មនុស្សឡើងចុះ​ ស្ថានីយអវកាស​អន្តរជាតិ ISS នៅគន្លងកម្រិត​ទាប​របស់ផែនដី ឲ្យក្រុម​​ហ៊ុនអវ​កាស​​​ឯក​ជនជាអ្នក​កាន់កាប់​វិញ ដើម្បីផ្តោតសំខាន់​ទៅលើគម្រោង​ទៅឋានព្រះច័ន្ទ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញពី​វែប​សាយ​​អវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀល​ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។

សំណើកញ្ចប់ថវិកា​ខាងលើ ដែលត្រូវបានដាក់ចេញ​នាថ្ងៃចន្ទ​សប្តាហ៍នេះ បានបែង​ចែក​​ទឹកប្រាក់ប្រមាណ ១៩.៩ពាន់លានដុល្លារ ទៅឲ្យ​អង្គការ NASA ដែលចំនួន​នេះ ​មានការកើនឡើង ៣៧០លានដុល្លារ ពីការស្នើកញ្ចប់​ថវិកាកាលពី​ឆ្នាំមុន។

ស្របពេល​ជា​មួយ​គ្នា សំណើដដែលនេះ បានកំណត់កាត់​បន្ថយការផ្តល់​មូលនិធិសម្រាប់ ស្ថានីយអវកាស​អន្តរជាតិ ISS នៅ​ឆ្នាំ២០២៥ ហើយទម្លាក់​តែ ១៥០លានដុល្លារ​ប៉ុណ្ណោះ ដើម្បីលើកទឹកចិត្ត​ដល់​​ការអភិវឌ្ឍ​​មន្ទីរពិសោធន៍​បែបពាណិជ្ជកម្ម​ថ្មី នៅក្បែរគន្លងផែនដី សម្រាប់​ការ​ប្រើប្រាស់​​ដោយ​វិស័យឯកជន និងទីភ្នាក់ងារ​អវកាស NASA។

ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក NASA នឹងបាញ់បញ្ជូនបំណែក​ផ្សំមួយកំណាត់ នៃស្ថានីយ៍អវកាស​នៅក្បែរឋានព្រះច័ន្ទ​ របស់ NASA ដែលបាន​គ្រោងទុក នៅឆ្នាំ២០២០ ហើយក្រុមអវកាស​យានិក នឹងចេញបេសកកម្ម ទៅជិតឋាន​ព្រះច័ន្ទ ដោយ​ប្រើ​យាន Orion និង​គ្រាប់រ៉ុក្កែត SLS របស់ខ្លួន​នៅឆ្នាំ២០២៣។

គួរជម្រាបថា ខាងលើនេះ​គ្រាន់តែជាសំណើ​កញ្ចប់ថវិកាប៉ុណ្ណោះ ដោយវាត្រូវតែឆ្លងកាត់​ការអនុម័តយល់ព្រម​ពីសភាជាមុនសិន ហើយវាក៏អាចមាន​ការកែប្រែខ្លះៗ នៅពេលខាង​មុខ​ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺគំរោងខាងលើនេះ ពិតជាស្របទៅតាម​អ្វីដែលបានចុះផ្សាយថា អាមេរិកនឹងដាក់ស្ថានីយអវកាសអន្តរជាតិ ISS ឲ្យវិស័យឯកជន​ចូលមកធ្វើការវិនិយោគ៕

ចែករំលែក