ដំណឹងអាក្រក់! កញ្ចប់ថវិកា​សម្រាប់ផលិត​យាន ដើម្បីចុះចតលើ​ព្រះច័ន្ទ Europa គឺមិនអាច…

0

(វ៉ាស៊ីនតោន)៖ ជាថ្មីម្តងទៀតសំណើ​កញ្ចប់ថវិកាជាតិ​ របស់រដ្ឋាភិបាល​អាមេរិក សម្រាប់ឆ្នាំ២០១៩ នៅតែមិនរវីរវល់​ពីបេសកកម្ម​តាម​​​ប្រមាញ់​​រុករកជីវិត នៅលើព្រះច័ន្ទ Europa របស់​ភពព្រហស្បតិ៍ (Jupiter) ដដែល ប៉ុន្តែទីភ្នាក់ងារ​អវកាស NASA នៅតែចង់ឃើញ​​វា​លេចចេញជារូបរាង​ពិតប្រាកដ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយ ចេញពីវែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅ​ព្រឹក​​ថ្ងៃ​ពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

 

សំណើសុំការ​ទម្លាក់កញ្ចប់ថវិកា​ពីសភាខាងលើនេះ បែងចែក​ប្រាក់ ១៩.៩ពាន់លានដុល្លារ ទៅឲ្យ​ទីភ្នាក់ងារ​អវកាស NASA ​សម្រាប់​​ឆ្នាំ២០១៩ ហើយរៀបរាប់លម្អិត​ពីគម្រោងរបស់ NASA ដើម្បីបញ្ជូនមនុស្ស​ទៅកាន់ឋានព្រះច័ន្ទ​សាជាថ្មី ដោយវា​គឺជា​ការ​​ផ្តោត​សំខាន់ ដែលរដ្ឋបាល​លោក ដូណាល់ ត្រាំ បានប្រកាស​កាលពី​ខែធ្នូ ឆ្នាំ២០១៧។

​ដោយកាត់ចោល ​បេសកកម្មផ្នែកវិទ្យាសាស្រ្ត​ផែនដី​ចំនួន ០៥ និង​បេសកកម្មកែវយឺត​អវកាស Wide-Field Infrared Survey ព្រម​ទាំងដកការយកចិត្តទុក​ដាក់ ចំពោះស្ថានីយ​អវកាស​អន្តរជាតិ (ISS) នៅឆ្នាំ២០២៥ ​សំណើ​​ដដែលនេះ នឹងបន្តផ្តល់មូល​និធិសម្រាប់​ផែន​​ការស្រាវជ្រាវភព ដូចជា​បេសកកម្ម Mars 2020 ​Rover ក៏ដូចជា​គម្រោង Europa Clipper ដែលជាបេសកកម្ម​ហោះ​ឆ្វែល​តម្លៃ​ពីរ​ពាន់​លានដុល្លារ ទៅកាន់ព្រះច័ន្ទ Europa ដែលនឹងចាប់ផ្តើមនៅខ្ទង់ឆ្នាំ២០២០។

ប៉ុន្តែដូចទៅនឹងឆ្នាំ​មុនដែរ បេសកកម្មដៃគូ​របស់វា Europa Lander (គម្រោង​បញ្ជូន​យាន​ចុះចត​លើ Europa) ដែលអង្គការ NASA កំពុង​អភិវឌ្ឍន៍នោះ ពុំទទួលបានមូល​និធិឧបត្ថម្ភ​អ្វីឡើយ ដែលប្រការនេះវាមានន័យថា យានចុះចត និងត្បុល​ចូលផ្ទៃ Europa នោះនឹងមិន​លេចរូបរាង​នៅឆ្នាំ២០២០ ដូចការគ្រោង​ទុកនោះ​ឡើយ។​​​

 

គួរជម្រាបថា ទោះជាបែប​នេះក្តី NASA នៅតែមានបំណងចង់​ឲ្យ​បេសកកម្ម Europa Lander អាចចេញដំណើរដូចក្តី​រំពឹង​ដដែល ខណៈការចំណាយសម្រាប់​យានចុះចតនេះ នៅពុំទាន់កំណត់​ច្បាស់ឡើយ តែបើតាមការប៉ាន់ស្មាន វាអាចត្រូវចំណាយ​ប្រហែល​ខ្ទង់ដូចទៅនឹង Europa Clipper ដែរ។ ​ដោយឡែក សំណើថវិកា​ឆ្នាំ២០១៩នេះ នឹងត្រូវឆ្លងកាត់ការ​អនុម័ត​យល់ព្រម​ពីសភា អាមេរិក​ជា​មុន​សិន ដូច្នេះហើយ អ្វីៗអាចនឹងត្រូវផ្លាស់ប្តូរ​ប្រែប្រួលក៏ថា​បានដែរ។

ចំណុចពិសេស៖ យូរ៉ូប៉ា (Europa) ជាព្រះច័ន្ទធំ​មួយ ក្នុងចំណោមព្រះច័ន្ទធំៗ​បំផុតទាំង ៤ របស់ភព​ព្រហស្បតិ៍ ដែលវាត្រូវបាន​គេរកឃើញថា មានទឹករាវក្រោម​ផ្ទាំងទឹកកក ដែលស្រោព​ជុំវិញផ្ទៃព្រះច័ន្ទ​ទាំងមូល។ អ្វីបន្ថែម​ទៀតនោះ ផ្ទៃទឹកសរុប​របស់ព្រះច័ន្ទនេះ គឺអាច​ច្រើន​ជាង​ទឹកនៅលើភពផែនដី ២ ទៅ ៣ ដង ហើយក៏អាចមានជីវិត​លាក់នៅក្នុងនោះ​ផងដែរ៕

ចែករំលែក